Tuesday, July 29, 2025
Homeព័ត៌មានជាតិថៃ បង្កឧក្រិដ្ឋកម្មសង្គ្រាម ប្រើយន្តហោះ F-16 ដ្រូន កាំភ្លើងធំ គ្រាប់បែកចង្កោម និងថ្នាំគីមីពុល

ថៃ បង្កឧក្រិដ្ឋកម្មសង្គ្រាម ប្រើយន្តហោះ F-16 ដ្រូន កាំភ្លើងធំ គ្រាប់បែកចង្កោម និងថ្នាំគីមីពុល

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្នុងសង្រ្គាមរយៈពេល ៥ថ្ងៃ គិតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា មិនទាន់ឈានដល់ការប្រើអាវុធធុនធ្ងន់ដូចថៃ ឡើយ ផ្ទុយទៅវិញ ថៃ ឈ្លានពានចូលដែនអធិបតេយ្យកម្ពុជា បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ដ្រូន កាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែកចង្កោម និងផ្សែងពុល ដែលជាឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងមនុស្សជាតិ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោទប្រកាន់ខុសអំពីការពិត និងមានចេតនាទុច្ចរិតរបស់ភាគីថៃ ដែលបានចោទប្រកាន់ថា កម្ពុជា បានប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។ លោកស្រី បញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដា កម្ពុជា មិនទាន់បានប្រើ ហើយក៏មិនទាន់ដល់ពេលប្រើមីសស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 នៅឡើយទេ ។ ការចោទប្រកាន់របស់ភាគីថៃ ដោយគ្មានមូលដ្ឋាននេះ គឺដើម្បីខ្លួនអាចដំឡើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារក្នុងដែនអធិប តេយ្យជាតិកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផង តាមរយៈការលាបពណ៌លើកម្ពុជា ។ ប៉ុន្តែជាការបង្កឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរនោះ គឺថៃ ប្រើយន្តហោះ F-16 ដ្រូន កាំភ្លើងធំ គ្រាប់បែកចង្កោម និងថ្នាំគីមីពុល។

លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ភាគីថៃ កំពុងប្រើប្រាស់វោហោរសាស្ត្រចោទប្រកាន់មកលើកម្ពុជា បែបនេះ ដើម្បីធ្វើជាលេសសម្រាប់ពួកគេអាចប្រើប្រាស់អាវុធកាន់តែសាហាវឃោរឃៅ វាយប្រហារមកលើកម្ពុជា ទាំងកំរោលប៉ុណ្ណោះ។ ជាក់ស្ដែង កាលពីថ្ងៃទី២៧ កក្កដា ភាគីថៃ បានប្រើដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុល នៅតំបន់ភ្នំខ្មោច និងតំបន់អានសេះ រួមទាំងប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ុក្កែតជា ច្រើនគ្រាប់ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយចំនួនទៀត ក្នុងដែនដីកម្ពុជា ដែលវាផ្ទុយពីអនុសញ្ញា និងច្បាប់អន្តរជាតិ។ ដូច្នេះជាថ្មីម្តងទៀត ក្រសួងការពារជាតិ ទាមទារឱ្យភាគីថៃ បញ្ឈប់សកម្មភាពប្រតិដ្ឋរឿង និងព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ភ្នែក និងត្រចៀកពិភពលោក អំពីមហិច្ឆតា និងគោលបំណងឈ្លានពានលើទឹកដីកម្ពុជា តទៅទៀត។ កម្ពុជា មិនដែលប្រព្រឹត្តទុច្ចរិតដូចភាគីថៃ ឡើយ ហើយកម្ពុជា ក៏គ្មានមហិច្ឆតាចង់ឈ្លានពានទឹកដីគេ ដូចប្រជាជាតិថៃ នោះទេ ។

 ជាមួយគ្នានោះដែរ  នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថៃ ប្រើផ្សែងពុល ប្រឆាំងនឹងកម្ពុជា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជូនសេចក្តីថ្លែងការណ៍នេះ ទៅប្រធាន និងតំណាងប្រទេសសមាជិកអាស៊ាន ទាំងអស់ ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ ។

 សេចក្ដីថ្លែងការណ៍ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទីចន្ទ ៣កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្ដ ស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារ  ថា “គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនា របស់យោធាប្រទេសថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជា នាពេលថ្មីៗនេះ។

 សកម្មភាពល្មើសច្បាប់ទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសា ធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។

 ការប្រើប្រាស់ផ្សែងពុល ដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាព ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់។ សកម្មភាពបែបនេះ បំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញាអាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជនស៊ីវិលកម្ពុជា ដូចខាងក្រោម ៖

  – សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

 – សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

  – សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។

  ដោយមើលឃើញពីការរំលោភធ្ងន់ធ្ងរនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យ ៖

 ទី១. ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ ថាជាការបំពានច្បាប់អន្តរជាតិ

  ទី២. ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់សារធាតុគីមី ឬសារធាតុពុលដែលប្រទេសថៃ ប្រើប្រាស់ប្រឆាំងនឹងប្រទេសកម្ពុជា។

 ទី៣. ធានាការការពារជនស៊ីវិល បេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជំរុញសហគមន៍អន្តរជាតិ ឱ្យឈរជាមួយប្រទេសកម្ពុជា ក្នុងការប្រឈមមុខនឹងការរំលោភយ៉ាងធ្ងន់ធ្ងរដោយប្រទេសថៃ និងដើម្បីលើកកម្ពស់យុត្តិធម៌ សន្តិភាព និងនីតិរដ្ឋ“ ។

 គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣និង១៥នាទីរសៀល កងទ័ពថៃ បានប្រើយន្តហោះទម្លាក់គ្រាប់បែកគីមី មកលើទាហានខ្មែរ នៅតំបន់អានសេះ ជិតប្រាសាទព្រះវិហារ។ ការប្រើប្រាស់អាវុធគីមី គឺជាបញ្ហាធ្ងន់ធ្ងរ ក្រោមច្បាប់អន្តរជាតិ។

អាវុធគីមី គឺជាអាវុធពិសេស ឬឧបករណ៍ដែលប្រើសារធាតុគីមីពុល ដើម្បីបណ្តាលឱ្យស្លាប់ របួស ពិការបណ្តោះអាសន្ន ឬរលាកសតិអារម្មណ៍។ អាវុធគីមី ត្រូវបានរចនាឡើងដើម្បីទាញយកលក្ខណៈសម្បត្តិពុលនៃសារធាតុគីមី ។

  សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង និងស្វែងរកការហាមឃាត់អាវុធគីមី ៖

 – ពិធីសារទីក្រុងហ្សឺណែវ (1925) ៖ ពិធីសារនេះបានហាមឃាត់ការប្រើប្រាស់អាវុធគីមី និងជីវសាស្រ្តនៅក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ ប៉ុន្តែមិនមែនការអភិវឌ្ឍន៍ ឬកម្មសិទ្ធិរបស់ពួកគេនោះទេ។

– អនុសញ្ញាអាវុធគីមី (CWC) (1997) ៖ នេះគឺជាសន្ធិសញ្ញាដ៏ទូលំទូលាយបំផុត ហាមឃាត់ការអភិវឌ្ឍន៍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមី ហើយទាមទារឱ្យមានការបំផ្លាញចោល។ វាត្រូវបានគ្រប់គ្រងដោយអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ។ CWC កំណត់នូវអ្វីដែលបង្កើតជាអាវុធគីមី និងបង្កើតរបបផ្ទៀងផ្ទាត់។ ការប្រើប្រាស់អាវុធគីមី ក៏ជាការរំលោភលើច្បាប់អន្តរជាតិ ទំនៀមទម្លាប់ដែរ មានន័យថា វាត្រូវបានហាមឃាត់មិនថាប្រទេសណាមួយបានចុះហត្ថលេខាលើសន្ធិសញ្ញាជាក់លាក់នោះទេ។

 ឥទ្ធិពលនៃអាវុធគីមី គឺជាការមិនរើសអើង ហើយអាចជារឿងគួរឲ្យរន្ធត់ ៖

 – គ្រោះថ្នាក់ភ្លាមៗ និងយឺតយ៉ាវ ៖ អាស្រ័យលើភ្នាក់ងារ និងការប៉ះពាល់ផលប៉ះពាល់អាចមានចាប់ពីការស្លាប់ភ្លាមៗ រហូតដល់របួសធ្ងន់ធ្ងរ រយៈពេលវែង។

  – គ្រោះថ្នាក់ដល់រាងកាយ ៖ រួមមានរលាក ពងបែក ស្ទះផ្លូវដង្ហើម ខ្វាក់ភ្នែក ប្រកាច់ និងខ្វិន។

 – របួសផ្លូវចិត្ត ៖ អ្នករស់រានមានជីវិត ច្រើនតែទទួលរងពីជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត។

– ការបំពុលបរិស្ថាន ៖ ភ្នាក់ងារគីមីមួយចំនួន អាចបំពុលដី និងទឹក ដែលបង្កហានិភ័យរយៈពេលវែង ដល់ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស។

– ធម្មជាតិមិនរើសអើង ៖ អាវុធគីមី អាចរីករាលដាលយ៉ាងទូលំទូលាយ ប៉ះពាល់ដល់ជនស៊ីវិល អ្នកឆ្លើយតបដំបូង និងនរណាម្នាក់ដែលនៅក្បែរនោះ មិនត្រឹមតែអ្នកប្រយុទ្ធប៉ុណ្ណោះទេ។ ឥទ្ធិពលរបស់ពួកគេ ច្រើនតែមើលមិនឃើញ និងអាក្រក់។

ការយល់ស្របជាសកល ការប្រើប្រាស់អាវុធគីមី គឺជាឧក្រិដ្ឋកម្មសង្គ្រាម និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ។

ដោយឡែក វិធីការពារ រួមមាន ៖

 ១.ចៀសវាងការប៉ះពាល់ ស្នាក់នៅក្នុងផ្ទះ នៅពេលយន្តហោះកំពុងបាញ់ថ្នាំ ត្រូវបិទបង្អួចនិងទ្វារ ឬនៅក្នុងលេណដ្ឋាន បិទឱ្យជិត។ ប្រើម៉ាស់ វ៉ែនតា និងសម្លៀកបំពាក់ការពារ ប្រសិនបើធ្វើការនៅខាងក្រៅ អំឡុងពេលឬក្រោយពេលបាញ់ថ្នាំ។ ចៀសវាងការហូបទឹក ឬអាហារ (បន្លែ ផ្លែឈើ) នៅកន្លែងបាញ់ថ្នាំថ្មីៗ។

  ២. ការពារប្រភពទឹក គម្រប ឬបិទអណ្តូង ស្រះ និងប្រឡាយស្រោចស្រពនៅជិតព្រំដែន។ ប្រើរបាំងឬប្រព័ន្ធចម្រោះ (ឧ. តម្រងធ្យូងដែលបានធ្វើឱ្យសកម្ម) ដើម្បីព្យាបាលទឹកដែលមានសក្តានុពល។

៣. តាមដានរោគសញ្ញានៃការប៉ះពាល់ រកមើលសញ្ញាដូចជា ឈឺក្បាល ចង្អោរ វិលមុខ កន្ទួល រមាស់ភ្នែក ឬបញ្ហាដកដង្ហើម។ រាយការណ៍រោគសញ្ញាទៅមណ្ឌលសុខភាព និងរក្សាកំណត់ត្រានៃកាលបរិច្ឆេទ ទីតាំង និងមូលហេតុដែលសង្ស័យ ៕ កុលបុត្រ

RELATED ARTICLES