ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ អ្នកស្រី អ៊ុន សុភឿន ហៅ គ្រត បានយំមិនឈប់ ដល់ហើមភ្នែកទៅហើយ ព្រោះឈឺចាប់ពេកនឹងការឈ្លានពាន វាយប្រហារយ៉ាងសាហាវឃោរឃៅរបស់ទាហានសៀម មកលើដែនអធិបតេយ្យរបស់កម្ពុជា។

ក្នុងរលកសំឡេងអួលណែនដើមក ដៃម្ខាងជូតទឹកភ្នែក យំខ្សឹកខ្សួលអួលណែនដើមទ្រូង អ្នកស្រី សុភឿន ថ្លែងថា មិនមែនយកការស្រក់ទឹកភ្នែក មកដាក់មុខទេ ប៉ុន្ដែតាំងពីស្រុកមានសង្រ្គាម អ្នកស្រីដេកបន់ស្រន់ព្រះ ឲ្យជួយឲ្យកងទ័ព និងបងប្អូនជូរមុខ ជូរក្រោយ ទាំងអស់ បានសុខសប្បាយ បន់ព្រះ សំពះទេវតា បួងសួងទសបារមីទាំង៨-៩ទិស ថែរក្សាកូនខ្មែរទាំងអស់ ដែលធ្វើសង្រ្គាមឈ្នះសត្រូវ ជួយឲ្យកម្លាំងចិត្តគ្នា ។ អ្នកស្រីគ្រត បន្ថែមថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកស្រីដេកតែបួងសួងរហូត និងមានថវិកាតិចតួច តាមរយៈរដ្ឋបាលសាលាស្រុកមុខកំពូល ជួយដល់កងទ័ពការពារទឹកដី និងបងប្អូនខ្មែរភៀសសឹក ក្នុងស្មារតីខ្មែរជួយគ្នា កុំក្បត់គ្នា ខ្មែររួបរួមគ្នា ដើម្បីការពារទឹកដី និងប្រជាជន។

អ្នកស្រី គ្រត ប្រាប់ «នគរធំ» តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា «តាំងពីសៀម ឈ្លាន ពានខ្មែរមក ខ្ញុំបាយក៏មិនចូល ដេកក៏មិនលក់ដែរ ព្រោះឈឺចាប់ខ្លាំងណាស់។ ខ្ញុំថាមិនហ៊ានទាំងបើកហ្វេសប៊ុកផង ព្រោះឃើញសៀម ធ្វើទង្វើដាក់ខ្មែរ សាហាវពេក តែបើកទៅឃើញ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ យំរហូតហើយ ។ ខ្ញុំបន់ព្រះ សំពះទេវតា សូមឲ្យជួយថែរក្សាកងទ័ពជូរមុខកម្ពុជា ទោះខ្ញុំមិនបានចុះទៅដោយផ្ទាល់ ជួបកងទ័ព ដោយសារខ្ញុំមានបញ្ហាសុខភាពតិចតួចក្ដី ប៉ុន្ដែខ្ញុំបានចូលលុយកាក់ខ្លះ ទៅមូលនិធិស្រុកមុខកំពូល ខេត្តកណ្ដាល ជួយដល់កងទ័ព ព្រោះខ្ញុំក៏ធ្វើការនៅផ្នែកវប្បធម៌ស្រុកមុខកំពូល ម្នាក់ដែរ តែការងារសិល្បៈ ពេលនេះក៏ខ្ញុំគ្មានអារម្មណ៍ធ្វើការដែរ តាំងពីសៀម ឈ្លានពានខ្មែរ នេះមក»។

ឆ្លើយតបសំណួរថា តើក្នុងនាមជាសិល្បករជើងចាស់ និងជាមន្រ្ដីវប្បធម៌ម្នាក់ តើអ្នកស្រីគ្រត យល់ថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយសៀម នេះ អាចបញ្ចប់ទៅវិញឆាប់ៗ ក្រោយភាគីទាំងពីរបានឯកភាពបទឈប់បាញ់ ចូលជាធរមាន កាលពីម៉ោង២៤ៈ០០ ថ្ងៃទី២៨ ខែកក្កដា មកនោះ? អ្នកស្រី គ្រត ថ្លែងថា តាមទស្សនៈរបស់នាង យល់ថាជម្លោះនេះ មិនអាចចប់ឆាប់ៗបានទេ ព្រោះអ្នកស្រីយល់ថា ជនជាតិសៀម នេះចិញ្ចឹមចិត្តប្លន់យកទឹកដីខ្មែរ រហូត ដែលរឿងនេះ អ្នកណាក៏ដឹងដែរ អ៊ីចឹងគេមិនឲ្យយើងបានសុខទេ ។

សូមបញ្ជាក់ថា អ្នកស្រី គ្រត បានប្រឡូកសិល្បៈ រយៈពេល៤៤ឆ្នាំ មកហើយ និងត្រូវបានចាត់ទុកជាជាតារាពហុជំនាញម្នាក់ផងដែរ ព្រោះមានទេពកោសល្យសិល្បៈ សឹងតែគ្រប់ទម្រង់។ អ្នកស្រី គ្រត បច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុកមុខកំពូល ។ អ្នកស្រី ក្រត ថ្លែងថា ទោះជាអ្នកស្រី គ្មានអារម្មណ៍សម្ដែងសិល្បៈដូចមុន ប៉ុន្ដែមិនបានប្រកាសផ្អាកពីការងារនេះឡើយ ហើយមូលហេតុដែលទាហានខ្មែរ ត្រូវទាហានថៃ ប្រើល្បិចទុច្ចរិត ចាប់យកទៅ ជិត២០នាក់ទៀត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នោះ ដោយសាតែខ្មែរយើងឆាប់ជឿគេពេក ខ្មែរស្មោះត្រង់ណាស់ ។ អ្នកស្រី និយាយថា ឈឺចាប់ខ្លាំងណាស់ ហើយអ្នកស្រីយំរហូត នៅពេលឮព័ត៌មាននេះ ព្រោះអាណិតកងទ័ពយើងពេក ។ ប៉ុន្ដែអ្នកស្រីថា មិនចង់បង្ហាញទឹកភ្នែកនេះ នៅលើបណ្តាញសង្គមទេ ដើម្បីកុំឲ្យគេថាខ្សោយ ប៉ុន្ដែអ្នកស្រីថា ខ្មែរសូមកុំភ្លេចខ្លួនឲ្យសោះ នូវទង្វើជនជាតិសៀម ធ្វើមកលើខ្មែរយើងនេះ ៕


