ខេត្តកំពង់ចាម ៖ បុរសម្នាក់ ជិះម៉ូតូដឹកឪពុកបង្កើតរបស់ខ្លួន ក្នុងល្បឿនលឿន លុះដល់ ចំណុចផ្លូវកោងបន្ថយល្បឿនមិនទាន់ ក៏ជ្រុលទៅ បុករថយន្តធុនធំមួយគ្រឿង បណ្តាលឱ្យបុរស ជាកូនស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសជាឪពុក រងរបួសធ្ងន់ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង ១៥នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅ លើកំណាត់ផ្លូវជាតិលេខ៧ ចំណុចស្ពានអូរដា ស្ថិតក្នុងភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
បុរសរងគ្រោះដែលជិះម៉ូតូបុករថយន្តធំ ស្លាប់ មានឈ្មោះថេង វាសនា អាយុ៣០ឆ្នាំ ចំណែកបុរសរងគ្រោះដែលរងរបួសធ្ងន់ មិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ ដឹងថា ជនរងគ្រោះទាំង២នាក់ ត្រូវជាឪពុក និងកូនបង្កើត មានលំនៅក្នុងភូមិកោះប៉ែន (ខ) ឃុំកោះមិត្ត ស្រុកកំពង់សៀម។ ជនរងគ្រោះ ទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-9972។ ចំណែករថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5345 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ២នាក់ឪពុកកូន បានជិះម៉ូតូដឹកគ្នា ធ្វើដំណើរ ដោយល្បឿនយ៉ាងលឿនបោះពួយតាមបណ្តោយ ផ្លូវជាតិលេខ៧ ក្នុងទិសដៅពីកើតទៅលិច លុះ មកដល់ចំណុចកើតហេតុដែលផ្លូវមានសភាព កោង បុរសរងគ្រោះជាអ្នកបើកម៉ូតូបន្ថយល្បឿន មិនទាន់ ក៏ជ្រុលទៅបុករថយន្តធុនធំ ដែលបើក ក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសជា ឪពុកដែលរួមដំណើរជាមួយទទួលរងរបួសធ្ងន់ រីឯម៉ូតូទទួលរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុ អ្នកបើកបរថយន្តធុន ធំ បានចុះរត់គេចខ្លួនបាត់ស្រមោល លុះសមត្ថកិច្ចមកដល់ ក៏ប្រញាប់ចាត់បញ្ជូនជនរងគ្រោះ ដែលទទួលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិត។
ម៉ូតូ និងរថយន្ត ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងតាមជំនាញរួចរាល់ បានអូសយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឡើងដោយភាគីម៉ូតូប្រើប្រាស់ ល្បឿនលឿននៅចំណុចផ្លូវកោង។
ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារមក ទទួលយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕