ភ្នំពេញ ៖ នៅទីបំផុត ពិធីការិនី ឌួង ហ្សូរីដា បានសម្រេចរុះរើស្លាកយីហោហាង Cafe Amazon នៅបុរីប៉េង ហួត ផ្លូវជាតិលេខ៦A ដែលដំណើរការជាច្រើនឆ្នាំមកហើយនោះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានទិញ Franchise ហាងនេះ ពីសៀម អស់លុយ ២០ម៉ឺនដុល្លារ ដំណើរការលក់ជាច្រើនឆ្នាំ ប៉ុន្ដែពេលនេះមិនអាចបន្ដបានទៀត ដោយសាតែទង្វើក្រុមជ្រុលនិយមសៀម ឈ្លានពាន និងមើលងាយខ្មែរខ្លាំងពេក។ ហ្សូរីដា ក៏បានសុំទោសម្ដាយនាង លោកស្រី យ៉ាលីន សុខលីម ដែលជាម្ចាស់ហាងនេះ កាលម្ដាយនៅមានជីវិត តែពេលនេះ មិនអាចរក្សាឈ្មោះហាងនេះបានតទៅទៀត។ ប៉ុន្ដែនាងថា បើម្ដាយនៅមានជីវិតនោះ លោកស្រីក៏សុខចិត្តឲ្យកូនៗទម្លាក់ស្លាកយីហោចោរសៀមឈ្លានពាននេះដូចគ្នាដែរ។

ឌួង ហ្សូរីដា ថ្លែងថា «យើងសុខចិត្តបង្កើតអ្វីជាខ្មែររបស់យើង ទោះបីត្រូវចាប់ផ្ដើមពីសូន្យវិញក៏ដោយ ការឈឺចាប់ឈាមដែលហូរចេញពីពលីរបស់ទាហានខ្មែរ ពិតណាស់មិនអាចឲ្យយើងបំភ្លេចទង្វើដ៏ថោកទាបរបស់ពួកវាបានឡើយ ។ ហាងកាហ្វេ របស់អ្នកម៉ែ យ៉ាលីន សុខលីម ដែលខំទិញ Franchise ពីសៀម អស់លុយជាង២០ម៉ឺនដុល្លារ ឥឡូវត្រូវតែទម្លាក់ស្លាកវាចោល ដោយការឈឺចាប់នឹងទង្វើដ៏ថោកទាបរបស់សៀមឈ្លានពាន»។

ឌួង ហ្សូរីដា ថា ហាងកាហ្វេថ្មីរបស់នាង នឹងមានឈ្មោះជាខ្មែរ បង្កើតឡើងដោយរូបនាងផ្ទាល់ និងចេញជារូបរាងនាពេលឆាប់ៗនេះ ព្រោះនាងបានចុះបញ្ជីឈ្មោះនោះ តាំងពី៥ឆ្នាំមុន ។ ប៉ុន្ដែនាងមិនទាន់បង្ហាញឈ្មោះហាងទេ ខណៈដែលតាមព័ត៌មានថា ក្រោយហ្សូរីដា រុះរើរស្លាក Cafe Amazon ពេលនេះបានប្ដូរទៅជាគ្រប ទង់ជាតិកម្ពុជា ជំនួសវិញ ហើយបច្ចុប្បន្នហ្សូរីដា នៅសល់ហាងកាហ្វេ Tube Cafe មួយទៀត នៅខណ្ឌឫស្សីកែវ បន្ថែមពីលើហាងកាត់ដេរ ដាណាម៉ា និងហាងសម្រស់មុទិតា ។

សូមរំលឹកថា ម្ដាយឌួង ហ្សូរីដា លោកស្រីយ៉ាលីន សុខលីម អំឡុងនៅមានជីវិតលោកស្រីស្រលាញ់ការរកស៊ីបើកហាងកាហ្វេ ទើបទិញ Franchise Amazon ពីថៃ ឲ្យកូនៗអ្នកស្រី គ្រប់គ្រង។ ប៉ុន្ដែលោកស្រីសុខលីម បានទទួលមរណភាពទៅហើយ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ តែហាងកាហ្វេ នៅដំណើរការធម្មតា ជាង៣ឆ្នាំមកនេះ គឺទើបតែពេលនេះទេ ដែលហ្សូរីដា បានសម្រេចចិត្តបិទយីហោកាហ្វេ ដែលទិញសិទ្ធិពីសៀម មកលក់នៅខ្មែរ នេះជាស្ថាពរ ។ យ៉ាងណា អាជីវកម្មផ្សេងៗទៀតរបស់ឌួង ហ្សូរីដា ដែលបន្សល់ពីម្ដាយ នៅបន្ដ ដំណើរការជាធម្មតា ក្រោមការដឹកនាំរបស់ហ្សូរីដា ដែលមានប្អូនស្រីនាង ពីរនាក់ ជាអ្នកមើលខុសត្រូវ នោះគឺកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា ។

អ្នកសិល្បៈរួមអាជីពជាច្រើន បានសរសើរហ្សូរីដា ថាជាអ្នកដឹកនាំប្អូនៗរកស៊ីបានល្អ ក្រោយរូបនាងនិងប្អូនពៅ ហ្សូរីម៉ា ដកឃ្លាពីសិល្បៈ ។ ប៉ុន្ដែការរុះរើរស្លាកយីហោ Cafe Amazon នេះ មិនមែនតែហ្សូរីដា ទេ តែតាមព័ត៌មានថា ហាងផ្សេងៗទៀត របស់ប្រេនកាហ្វេថៃ នេះក៏ខ្លះបានទម្លាក់ចោល និងខ្លះត្រៀមធ្វើសកម្មភាពដូចគ្នាទៅនឹងពិធីការិនីរូបនេះដែរ ដើម្បីឆ្លើយតបទៅទង្វើរបស់ចោរសៀម ។

ឌួង ហ្សូរីដា បន្ថែមថា «យើងអត់ធ្មត់ដល់ទីបំផុតហើយ ។ អ្នកឯងហួសហេតុពេក បើអ្វីៗវាមិនអាចបញ្ឈប់ត្រឹមបទឈប់បាញ់ រវាងកម្ពុជា និងថៃ លើការយល់ព្រមដោយគ្មានលក្ខខណ្ឌ អនុវត្តចាប់ពីកណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ អ៊ីចឹងយើងក៏ពុំមានអ្វីបន្ដទៀតដែរ» ៕
