ភ្នំពេញ ៖ តារាសម្ដែង បង្ហាញម៉ូដ និងចម្រៀង ជូរី ល្អហួស បានចេញបទចម្រៀង «ចោរសៀមឈ្លានពាន» កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រឹមតែមួយថ្ងៃប៉ុណ្ណោះចម្រៀងនេះមានអ្នកទស្សនាដល់ទៅ 8,1M Views ព្រោះអត្ថន័យចំទៅនិងទិដ្ឋភាពសង្គមជាក់ស្ដែង ដែលកម្ពុជា កំពុងរងការឈ្លានពានពីសៀម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ បទចម្រៀង «ចោរសៀមឈ្លានពាន» ដែលច្នៃតាមលំនាំបទដើម «តាក់កន្ដែរ៉ែ» និពន្ធទំនុកច្រៀងដោយអ្នកស្រី ដេននី ក្វាន់ ដែលជាម្ដាយរបស់ល្អហួស តែម្ដង ហើយការនិពន្ធ និងថត MV ផលិត ឡើងដោយបន្ទាន់ ដើម្បីឆ្លើយតបទៅទាហានសៀម ដែលបង្កជម្លោះ ឈ្លានពានដែនអធិបតេយ្យកម្ពុជា បើទោះជាភាគីទាំងពីរបានព្រមព្រៀងបទឈប់បាញ់ កាលពីពាក់កណ្តាលរាត្រីថ្ងៃទី២៨ ខែកក្កដា ទៅហើយក្តី ប៉ុន្ដែទាហានសៀម នៅតែបន្តបំពានលើកងទ័ពកម្ពុជា ។

Fan ជាច្រើន បានពេញចិត្តចម្រៀងថ្មីរបស់ល្អហួស ថានាងច្រៀងបានល្អ ផ្ទុយពីតារាមួយចំនួនតូច ហាក់នៅស្ទាក់ស្ទើរថ្កោលទោសសៀម ដោយសារតែខ្លាចប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។

លោកគីម សាន្ដ ដែលត្រូវជាពូ និងគ្រប់គ្រងការងារសិល្បៈរបស់ល្អហួស មិនលើកទូរស័ព្ទទេ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ទើបមិនអាចសុំការបញ្ជាក់បានឡើយ ។ ប៉ុន្ដែមុនចេញបទ «ចោរសៀមឈា្លនពាន» នេះ ល្អហួស ក៏បានស្លៀកពាក់ឯកសណ្ឋានកងទ័ព ផ្ដាំទៅសៀម ទាំងញ័រមាត់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលជាជាថ្ងៃទី៣ នៃសង្រ្គាមនៅព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយទាហានសៀម នោះ ដោយនាងលើកឡើងថា កងទ័ពកម្ពុជាលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដី ការពារប្រជាជន ឲ្យមានសុខសុវត្ថិភាព ហើយនាងបានបង្កើតមូលនិធិ ដើម្បីទិញជាសម្ភារៈ និងស្បៀង យកទៅជូនកងទ័ព និងបងប្អូនជនភៀសសឹក ។

សូមបញ្ជាក់ថា ក្រៅពីល្អហួស មិនទាន់មានតារារូបណាហ៊ានចេញបទចម្រៀងដៀលសៀម ចំៗដូចនាងឡើយ បើទោះជាមុនសង្រ្គាមផ្ទុះ លោកខេមរៈ សិរីមន្ដ ធ្លាប់ចេញបទ «តាមាន់ ស្នេហ៍ខ្ញុំ» ក្ដី ប៉ុន្ដែអត្ថន័យវាយសៀម មិនដល់ល្អហួស នោះទេ ព្រោះតែពេលនោះ ហេតុការណ៍មិនទាន់ដូចពេលនេះ។

គួរកត់សម្គាល់ដែរថា ជូរី ល្អហួស ដែលមានឈ្មោះដើម សុខ គីមហ័ង ជាបវរកញ្ញា Miss Preteen Junior Idol World 2024 និងម្ចាស់មកុដ Miss Preteen International Cambodia 2023 ដែលតាមការបង្ហើបរបស់លោកគីម សាន្ដ ថានៅចុងឆ្នាំ២០២៥ នេះល្អហួស នឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញាមួយទៀត ខណៈដែលភាពយន្ដខ្នាតធំដែលនាងថតរួច ចំនួន២រឿង គឺ «ម្ចាស់កញ្ចក់» និងរឿង ««បណ្ដាសាភូមិកំពង់បាទូ» ក៏ត្រៀមដាក់បញ្ចាំងនៅដើមឆ្នាំ២០២៦ ខាងមុខនេះដែរ ។

ល្អហួស ដែលទើបពេញវ័យក្រមុំស្ដូក ១៦ឆ្នាំ កន្លងមកនាងបានចេញបទកន្ទ្រឹម ជាញឹកញាប់ជាមួយនាយកណ្ដុរ នោះ អាចនឹងល្បីថែមទៀត ប្រសិនបើនាងហ៊ានលេងឈុតពិសេសៗដូច MV របស់នាង បទ «ក្អែកស្លាបហង្ស» បើទោះជាមិនមានស្នេហារោលរាលជាមួយលោកសាវិន ហ្វីលីព ប៉ុន្ដែវាជាការបង្ហាញនូវស្នាដៃថ្មីថា ក្នុងនាម ជាតារាសម្ដែងម្នាក់ នាងអាចបត់បែនសម្ដែងបានគ្រប់ទម្រង់ តាមដែលអ្នកដឹកនាំចង់បាន ។

មជ្ឈដ្ឋានមហាជនមើលឃើញថា ទោះជាតារាខ្លះ មិនបានចេញចម្រៀងជេរសៀម ដូចល្អហួស ប៉ុន្ដែសកម្មភាពរបស់តារាភាគច្រើន ពេលនេះគឺជាធ្លុងមួយ ពួតដៃគ្នាចេញសារថ្កោលទោសសៀម ហើយក៏បាននាំយកសម្ភារៈ និងថវិកា ឧបត្ថម្ភដល់កងទ័ព និងជនភៀសសឹក ជាបន្ដបន្ទាប់ ដូចល្អហួស ដែរ៕

