ខេត្តកំពង់ចាម-ត្បូងឃ្មុំ ៖ លោកកឹម សុខា អតីតប្រធាន នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលតុលាការកាត់ទោសឲ្យជាប់គុក ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ ឬគុកផ្ទះ) និងដកសិទ្ធិគ្រប់បែបយ៉ាង ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ បានចេញពីគុកផ្ទះ ធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធសពយោធិនពលី នៅស្រុកចម្ការលើ ខេត្តកំពង់ចាម និងបានសរសើរកងទ័ពខ្មែរថា ពិតជាមានភាពអង់អាចក្លាហាន ខ្លាំងពូកែ អាចប្រយុទ្ធទប់ និងវាយបកទៅចោរសៀមឈ្លានពានបាន ។

សូមបញ្ជាក់ថា ដោយបានការអនុញ្ញាតពីតុលាការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កឹម សុខា និងសហការី នៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើដំណើរទៅគោរពសពវរសេនីយ៍ត្រីសៀង សាត ដែលបានពលីជីវិតនៅលើសមរភូមិ ប្រយុទ្ធប្រឆាំងនឹងការឈ្លានរបស់ទាហានថៃ ដែលសពត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះថៃ F-16 បែកជាបំណែក វេចជាកញ្ចប់ មកជូនគ្រួសារ នៅទីតាំងផ្ទះសព ក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ក្រៅពីនេះ លោកកឹម សុខា ក៏បានទៅគោរពវិញ្ញាណក្ខន្ធព្រិន្ទបាលទោ ឆៃ រ័ត្ន នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងថ្ងៃដដែលនោះផងដែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទឹកមុខក្រៀមក្រំ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីរួច លោក កឹម សុខា បង្ហាញការហួសចិត្ត ដែលថៃ ឈ្លានពានកម្ពុជា។ លោកបានប្រាប់ទៅគ្រួសារសព រួមទាំងមហាជនថា លោកសូមចូលរួមរំលែកទុក្ខ និងបង្ហាញភាពឈឺចាប់ជាមួយប្រជាពលរដ្ឋខ្មែរ និងប្រជាជាតិទាំងមូល ដែលត្រូវទទួលរងការឈ្លានពានពីភាគីថៃ ។

លោក កឹម សុខា បានថ្លែងថា «ខ្ញុំចង់ប្រាប់ទៅអ្នកថា ប្តីអ្នក ឪពុកអ្នក គឺជាខ្មែរ ខ្ញុំក៏ជាខ្មែរ ឈាមគាត់ គឺជាឈាមខ្ញុំ។ ពេលនេះអ្នកឈឺចាប់ ខ្ញុំក៏ឈឺចាប់ជាមួយអ្នកដែរ ហើយខ្មែរ ជាច្រើនទៀត ទាំងក្នុងនិងក្រៅប្រទេស ក៏ឈឺចាប់ដែរ។ ខ្មែរយើង ឈឺចាប់ដោយសារសង្គ្រាមឈ្លានពានជាច្រើនដងកន្លងមកហើយ មិនគួរណាពេលនេះ សៀម បន្តឈ្លានពាន ធ្វើឲ្យយើងឈឺចាប់ទៀតសោះ។ តែយើងត្រូវតែរឹងមាំ ដរាបណាយើងនៅតែរួមកម្លាំងសាមគ្គីជាតិយើង ហើយយើងនឹងឈ្នះសត្រូវ រក្សាទឹកដី ទុកឲ្យកូនចៅយើង»។

ជាមួយគ្នាដែរ លោក កឹម សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរួបរួមគ្នា ដើម្បីការពារជាតិ និងកោតស្ញប់ស្ញែងពលរដ្ឋនិងកងទ័ពខ្មែរ ដែលរួមគ្នាការពារទឹកដីយ៉ាងរឹងមាំ និងប្រកបដោយភាពអង់អាចក្លាហាន ។
លោកកឹម សុខា បានមានប្រសាសន៍ថា “ខ្ញុំសុំកោតសរសើរដល់កងទ័ពខ្មែរយើង ដែលគាត់ក្លាហានខ្លាំងណាស់ ដែលគេគ្រប់គ្នាគេស្ងើច គេឃើញប្រទេសនេះតូច ហើយស្រាប់តែការពារទឹកដីបាន អាហ្នឹងគេសរសើរសម្រាប់កងទ័ព ខ្ញុំសុំកោតសរសើរគាត់។ ទី២ ខ្ញុំសុំឲ្យប្រជាពលរដ្ឋខ្មែរយើង សាមគ្គីគ្នា ហើយខ្ញុំសុំអំពាវនាវបន្តពង្រីកការសាមគ្គីភាពខ្មែរ ឲ្យរឹងមាំតទៀត ដើម្បីការពារអធិបតេយ្យជាតិ“។
បន្ថែមលើការលើកឡើងរបស់លោកកឹម សុខា ខាងលើនេះ លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការលោកកឹម សុខា ដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើការកត់សម្គាល់ថា ក្នុងការអញ្ជើញចូលរួមពិធីបុណ្យសព ដើម្បីគោរពវិញ្ញាណក្ខន្ធនាយទាហានដែលបានពលីជីវិតនៅលើសមរភូមិ ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ចោរសៀម លោកកឹម សុខា បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឱ្យសាមគ្គីគ្នាឲ្យកាន់តែខ្លាំងឡើងទៀត ដើម្បីខ្មែរយើងខ្លាំងនិងរឹងមាំ យើងការពារទឹកដីពីមហិច្ឆតាឈ្លានពានពីចោរសៀម ចាប់តាំងពីអតីតកាល រហូតមកទល់នឹងពេលនេះ ។
ជាមួយគ្នានោះដែរ លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា ម្នាក់ដែរ បានបញ្ជាក់តាមបណ្ដាញសង្គម ពីប្រសាសន៍របស់លោកកឹម សុខា ថា “ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមថា ពេលនេះ មិនមែនគណបក្សណាមួយ គឺជាតិយើងទាំងអស់គ្នា ពេលមានការឈ្លានពានពីបរទេស យើងត្រូវរួមសាមគ្គីគ្នាការពារទឹកដីយើង“ ។

ពាក់ព័ន្ធនឹងការសុំអនុញ្ញាតពីតុលាការ ទៅគោរពវិញ្ញាណក្ខន្ធយោធិនពលី របស់លោកកឹម សុខា នេះដែរ មជ្ឈដ្ឋានមហាជន អ្នកនយោបាយ សកម្មជន សង្គមស៊ីវិលជាច្រើន បានសម្ដែងការចាប់អារម្មណ៍ និងបានលើកឡើងក្នុងទស្សនៈស្របគ្នាថា នេះជាកាយវិការដ៏ថ្លៃថ្លា និងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយុទ្ធជនពលីពិតប្រាកដ ដែលហ៊ានសុំតុលាការទៅគោរពវិញ្ញាណក្ខន្ធកងទ័ព ទាំងខ្លួននៅកំពុងជាប់ឃុំក្នុងផ្ទះ ។ មជ្ឈដ្ឋានទាំងនោះ ក៏ស្នើសុំឲ្យមានការដោះលែងលោកកឹម សុខា ឲ្យមានសេរីភាព រួចពីការឃុំខ្លួនក្នុងផ្ទះផងដែរ ។
លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា “ខ្ញុំកោតសរសើរគាត់ បាត់បង់សេរីភាព នៅតែមានចិត្តចង់ឈឺឆ្អាល សុំរដ្ឋាភិបាលនិងតុលាការ ទៅជួយរំលែកទុក្ខគ្រួសារកងទ័ព។ ចុះអ្នកបានសេរីភាព និងមធ្យោបាយ ហេតុអ្វីស្ងាត់ទាំងមាត់ ស្ងាត់ទាំងសកម្មភាព ស្ងាត់ទាំងមិនហ៊ានសរសេរ សំងំយកសុខបែបនេះ!“ ។
លោកសាន់ ម៉ាឡា សកម្មជនការពារសិទ្ធិមនុស្សនិងបរិស្ថាន បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលថា “ខ្ញុំសូមកោតសរសើរ និងអរគុណរដ្ឋាភិបាល និងតុលាការ ដែលបានអនុញ្ញាតឲ្យលោកកឹម សុខា អ្នកនយោបាយជំទាស់ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីដើម្បីជាតិមាតុភូមិ។ ការដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ នឹងចូលរួមជំរុញឲ្យមានសាមគ្គីភាព និងការយក ចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា ពីសំណាក់ប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិ“ ។
លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងជាអតីតសហការីលោកកឹម សុខា បានលើកឡើងតាមបណ្ដាញសង្គមថា នេះជាការចាប់ផ្តើមសេរីភាពរបស់លោក កឹម សុខា ក្នុងរង្វង់ដែនសមត្ថកិច្ច នៃផ្លូវទៅរកការផ្សះផ្សាជាតិ ។
គួរជម្រាបជូនដែរថា លោក កឹម សុខា នឹងត្រូវបន្តសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ លើសំណុំរឿងគប់គិតគ្នាជាមួយបរទេស បន្ទាប់ពីលោកប្តឹងទាស់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ។

ជាការកត់សម្គាល់ នៅគ្រាដែលកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ លោកកឹម សុខា ហាក់ដូចជាទុករឿងនយោបាយផ្ទៃក្នុងកម្ពុជា មួយឡែកសិន ដោយងាកទៅគិតប្រឆាំងនឹងបរទេសឈ្លានពានវិញ ។
លោកផែង ហេង សហមេធាវីលោកកឹម សុខា ដែលបានចុះទៅជួបលោកកឹម សុខា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ពីអារម្មណ៍លោកកឹម សុខា តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅ ពេលនោះថា “ថ្ងៃនេះ សហមេធាវីបានជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម សុខា ដើម្បីពិនិត្យសេចក្តីសន្និ ដ្ឋាន មុនដាក់ជូនតុលាការ។ ប៉ុន្តែបែរជាកូនក្តី ក្នុងទឹកមុខក្រៀមក្រំ ដោយពោលថា ៖ “ថ្ងៃនេះ ខ្ញុំហាក់គ្មានអារម្មណ៍គិតរឿងក្តីរបស់ខ្ញុំទេ។ អារម្មណ៍ខ្ញុំ គិតដល់អាយុជីវិតជាតិ ទឹកដី អធិបតេយ្យជាតិ ជាអាទិភាពលើសពីការគិតរឿងសិទ្ធិនិងអាយុជីវិតរបស់ខ្ញុំទៅទៀត។ ខ្ញុំមិនគិតពីការឈ្នះ-ចាញ់រវាងខ្មែរនឹងខ្មែរទេ។ ខ្ញុំស្រឡាញ់ខ្មែរ ខ្មែរមានឯកភាពជាតិ ប្រើសំឡេងតែមួយ ថ្កោលទោសបរទេសឈ្លានពាន និងលើកទឹកចិត្តអ្នកស្នេហាជាតិយើង ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីជាតិខ្មែរ។ ខ្ញុំតែងតែប្រឆាំងជាដាច់ខាត ចំពោះអំពើឈ្លានពានរបស់បរទេសគ្រប់រូបភាព។ ខ្ញុំឃើញគេធ្វើបែបនេះមកលើខ្មែរ ខ្ញុំឈឺចាប់ណាស់”។

លោកផែង ហេង បន្តថា “ត្រង់នេះ ទើបធ្វើឱ្យយើងខ្ញុំយល់ពីគាត់ ដែលតែងលើកឡើងថា “ខ្ញុំមិនយកខ្មែរណាធ្វើជាសត្រូវ” គឺជាពាក្យពិត ចេញពីបេះដូងស្នេហាជាតិបរិសុទ្ធរបស់គាត់“ ៕ កុលបុត្រ