ភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានផ្តល់សេវាពិនិត្យនិងព្យាបាលជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ សរុបប្រមាណជាង ៦៦ម៉ឺនករណី និងចំណាយថវិកាប្រមាណ ២២លានដុល្លារ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា (ម.គ.ក) ដែលកិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម ៖
១-លទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នេះ ម.គ.ក មានចំណូលសរុបសមមូលនឹងប្រមាណ ២២,១៦លានដុល្លារ ឬមានកំណើន ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណូលនេះទទួលបានពីប្រភពសំខាន់ៗ ដូចជា វិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល វិភាគទាន ប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ការបរិច្ចាគរបស់សប្បុរសជន និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបានពីការបរិច្ចាគគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ៥លានដុល្លារ តាមតម្រូវការរបស់មន្ទីរពេទ្យ គន្ធបុប្ផា បន្ថែមលើថវិកាចំនួន១០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្តល់ ជូនតាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រ ប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
២-ទិសដៅការងារ ក្នុងមាសទី២ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា អង្គប្រជុំក៏បានគាំទ្រទិសដៅការងាររបស់អង្គភាពប្រតិបត្តិ របស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់អនុវត្តសកម្មភាពបន្ត ក្នុងឆមាសទី២ ឆ្នាំ២០២៥ ដែលភាគច្រើនពាក់ព័ន្ធនឹងសកម្មភាពជំរុញ និងផ្សព្វផ្សាយ ចលនាកៀរគរថវិកាបរិច្ចាគ ដូចជា ១).បន្តរៀបចំកិច្ចប្រជុំជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាល រាជធានី-ខេត្ត ២).បន្តសហការជាមួយបុគ្គលមានប្រជាប្រិយ ដើម្បីពង្រីកការផ្សព្វផ្សាយ ៣).ជំរុញគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចូលរួមសកម្មភាព ផ្សេងៗ ស្របតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នា ៤).បន្តផ្សព្វផ្សាយអំពីមូល និធិគន្ធបុប្ផាកម្ពុជា តាមគ្រឹះស្ថានឧត្តមសិក្សាសំខាន់ៗ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ៥).បន្តផលិតវីដេអូផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ៦). រៀបចំកម្មវិធីរំលឹកខួបមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា្ប ៧).រៀបចំសារជូនពរសម្រាប់ឱកាស សំខាន់ៗ ៨).រៀបចំផែនការផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសសម្រាប់ឆ្នាំ២០២៦ ៩).រៀបចំរចនា និង បោះពុម្ពប្រតិទិនឆ្នាំ២០២៦ ១០).រៀបចំឯកសារទស្សនាទានលើការអភិវឌ្ឍគេហទំព័រ និង App ថ្មី ដែលមានទម្រង់អាចទទួលការបរិច្ចាគទាំង ក្នុង និងក្រៅប្រទេស និង១១).បន្តជំរុញសកម្មភាពកៀរគរការបរិច្ចាគពីការប្រារឰពិធីសំខាន់ៗជាលក្ខណៈផ្ទាល់ខ្លួន ឬលក្ខណៈគ្រួសារ។

៣-លទ្ធផលការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ សេវាពិនិត្យ និងព្យាបាលជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ លើករណីសំខាន់ៗដូចខាងក្រោម ៖
-ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៥០៣ ២៣៣ករណី
-ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ៩៦ ២៣៧នាក់
-កុមារជំងឺគ្រុនឈាម ចំនួន ៣ ៩៦៤នាក់
-កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ១៦ ១១៨នាក់
-កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៥៥០នាក់ឥ
-ស្ត្រីមានផ្ទៃពោះ បានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យជ័យវរ័ន្មទី៧ ឬគន្ធបុប្ផាសៀមរាប ចំនួន ៥១ ៧៩៧ករណី និងសម្រាលកូនចំនួន ៩ ៤៧១នាក់។ ទន្ទឹមនេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមគ្រូពេទ្យជំនាញ។ ជាមួយនឹងលទ្ធផលខាងល្បើ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនប្រមាណ២២លាន ដុល្លារ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងការផ្តល់សេវាខាងលើ។

បន្ថែមលើនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល សម្រាប់ការគិតគូរ និងរៀបចំយន្តការអភិបាលកិច្ចមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
អង្គប្រជុំដែលដឹកនាំដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានពិនិត្យ និងពិភាក្សាអំពីផែនការវិនិយោគរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលរួមមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កើនលទ្ធភាពក្នុងការផ្តល់សេវាជូនទារក និងកុមារ ឱ្យបានកាន់តែច្រើន និងទាន់ពេល ជាពិសេសដើម្បីកាត់បន្ថយបញ្ហាប្រឈមនៃកង្វះគ្រែសម្រាប់ទារក និងកុមារដែលជាអ្នកជំងឺ ក្នុងអំឡុងនៃការដាក់ឱ្យសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យគន្ធបុប្ផា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចខិតខំ បំពេញភារកិច្ច តាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និង ព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕
