ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីជប៉ុន លោក ស៊ីន ហ្សូអាបេ បានស្នើសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញលោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេង និងជាកូនប្រុសច្បងសម្ដេច ទៅទស្សនៈកិច្ចនៅប្រទេសជប៉ុន ។ នេះបើយោងតាម facebook page ផ្លូវការរបស់សម្ដេច បានបង្ហោះឲ្យដឹងនៅមុននេះបន្ដិច ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រឹកនេះខ្ញុំបានពិភាក្សាការងារ ជាមួយនាយករដ្ឋ មន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ដោយផ្តោត សំខាន់លើ ទំនាក់ទំង សហប្រតិបត្តិការ ទ្វេភាគីកម្ពុជាជប៉ុន ។ ខែ កញ្ញា ២០១៦ ខាងមុខនេះ នឹងមានការហោះហើរត្រង់ ពីជប៉ុនមកកម្ពុជា ព្រមពេលដែល ទំហំពាណិជ្ជកម្ម រវាងប្រទេស ទាំង២បាន កើនឡើងដល់ ជាង១០០០ លានដុល្លារ កាលពីឆ្នាំ២០១៥កន្លងទៅ និងបន្តកើនឡើង ជាមួយការវិនិយោគ និង ទេសចរណ៌កំពុងមានកំណើន ។ ខ្ញុំក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ជប៉ុនអាបេ លើកិច្ចសហការជួយគ្នា ក្នុងកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ។ នាយករដ្ឋមន្ត្រី ជប៉ុនតាមរយៈខ្ញុំ ក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំ វ័យក្មេង ទៅទស្សនកិច្ចនៅជប៉ុន។ ក្នុងនាមជាឳពុក ខ្ញុំបានថ្លែងអំណរគុណគាត់ ដែលមាន មនោសញ្ចេតនា រាប់អានដល់កូន ប្រុសរបស់ខ្ញុំ» ៕