Wednesday, August 6, 2025
Homeតារាខ្មែរមាន សូនីតា យំឈឺ

មាន សូនីតា យំឈឺ

ភ្នំពេញ ៖ មិនខុសពីសិល្បករខ្មែរល្បីៗផ្សេងទៀតទេ ដែលពួកគេបានបង្កើតមូលនិធិ ជាបន្ដបន្ទាប់ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹកខ្មែរ រងគ្រោះត្រូវចោរសៀមឈ្លានពាន ខណៈដែលមាន សូនីតា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលនាងបានចុះទៅដល់ឃើញកងទ័ពកំពុងតែដេកលើគ្រែពេទ្យ ហើយដាច់ជើងម្ខាងនោះ នាងបានយំខ្សឹកខ្សួល ដោយការឈឺចាប់ និងខ្លោចផ្សាជាទីបំផុត ។ នាងថា បេសកកម្មរបស់នាងពេលនោះ គឺទៅទាំងឈឺ ប៉ុន្ដែរឿងឈឺ ទុកមួយឡែកសិន ។

 សូមបញ្ជាក់ថា ក្រៅពីមាន សូនីតា នៅមានតារាជាច្រើនទៀត រួមទាំងមហាជនផង បានស្រក់ទឹកភ្នែកគ្រប់គ្នា នៅពេលដែលឃើញកងទ័ពកម្ពុជា ២រូប ដែលទាហានសៀម ចាប់យកទៅ ល្អជា លុះពេលដោះលែងមកវិញ ក្នុងចំណោម២០រូប កាលពីពេលថ្មីៗនេះ ពួកគាត់មានសភាពទ្រុឌទ្រោមខ្លាំង ម្នាក់ពាក់ដៃជើង ដើរមិនរួច ម្នាក់វង្វេងស្មារតី ដោយសង្ស័យសៀម បានធ្វើទារុណកម្មយ៉ាងធ្ងន់ដល់កងទ័ពកម្ពុជា ។ សម្រាប់សូនីតា វាចាថា រឿងនេះ ធ្វើឲ្យបេះដូងនាងស្ទើរលោតចេញមកក្រៅ ហើយនាងមិនអាចទប់ទឹកភ្នែកជាប់ឡើយ ។

 មានការកត់សម្គាល់ថា ទោះជាមាន សូនីតា មមាញឹករឿងប្រមូលមូលនិធិជួយកងទ័ព និងជនភៀសសឹក យ៉ាងណា ក៏ហាងក្រមារបស់នាង នៅតែបន្ដលក់តាម Online ដែលមានកូនចៅ ធ្វើការជំនួសនាង។ ប៉ុន្ដែសូនីតា ដែលងាកៗទៅដើរលេងនៅក្រៅស្រុកនោះ បានផ្អាកការហោះហើរទៅសប្បាយនៅបរទេស អំឡុងពេលដែលសង្រ្គាមបង្កដោយចោរសៀមឈ្លានពានកម្ពុជា កំពុងតែផ្ទុះ។

ប្រភពបានឲ្យដឹងថា ដោយសារតែសូនីតា ដេកមិនសូវលក់ ហើយប្រឹងធ្វើការប្រមូលថវិកាចូលមូនិធិ «ខ្មែររួមចិត្តតែមួយ» នោះទើបធ្វើឲ្យនាងមានបញ្ញាសុខភាពខ្លះៗ ប៉ុន្ដែមិនបានអាក់ខានក្នុងការទៅចែកអំណោយដល់វីរកងទ័ព និងជនភៀសសឹកនោះទេ ។

គួរបញ្ជាក់ថា មាន សូនីតា បានប្ដូរយុទ្ធសាស្រ្ដពង្រឹងអាជីពសិល្បៈរបស់ខ្លួន នៅចុងឆ្នាំ២០២៥ តាមរយៈការប្រឆាំងទៅក្រុមដែលបង្អាប់ (Bully) ថានាងច្រៀងមិនកើតនោះ ដោយនាងបានឡើងច្រៀងឆាកធំៗ តាមកម្មវិធីសម្ពោធផលិតផលនានា ធ្វើឲ្យអ្នកដែលថាសំឡេងនាងដូចកូនក្មេងនោះ ភ្លឺភ្នែកតែម្ដង ព្រោះមិនត្រឹមតែច្រៀងជាតារាកិត្តិយសធម្មតាទេ ប៉ុន្ដែចង់ធ្វើខ្លួនឲ្យដូចតារាចម្រៀងអាជីពតែម្ដង ដោយសាតែមានក្រុមរាំអម ជិត១០នាក់ ។ ប៉ុន្ដែសូនីតា បានផ្អឹបអាជីពថ្មីនេះ មួយអន្លើសិន ព្រោះមិនអាចច្រៀងរាំសប្បាយ ទាំងប្រទេសកំពុងតែមានសង្រ្គាម ដោយសារចោរសៀមឈ្លានពាននេះបានឡើយ ។

ប្រភពបានឲ្យដឹងថា សូនីតា ជាមនុស្សភ្នែកទន់ណាស់ មិនមែនឆ្នាសឆ្នើមដូចក្នុងរឿងទេ ហេតុនេះហើយ នៅពេលដែលនាងចុះផ្ទាល់ ឃើញសភាពកងទ័ពរបួស តារារូបនេះ គិតតែពីស្រែកយំតែម្ដង ។

 Fan បានលើកឡើងថា មាន សូនីតា មិនត្រឹមតែផ្អាកវាយលុកទីផ្សារចម្រៀងទេ ក្នុងកាលៈទេសៈបែបនេះ ប៉ុន្ដែនាងក៏គ្មានអារម្មណ៍ថតសម្ដែងរឿងថ្មីៗដែរ ខណៈដែលរឿងស្នេហាវិញ ក៏ត្រូវបង្ខំចិត្តផ្អឹបដែរ ហេតុនេះហើយគេនៅតែមិនដឹងថា បុរសដែលបំពាក់ចិញ្ចៀនពេជ្រមួយវង់ ឲ្យនាង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅសួនត្រីក្រុមទឹកកែច្នៃ នាខេត្តសៀមរាប នោះ ជាប្រុសណាឲ្យប្រាកដឡើយ បន្ទាប់ពីលោកសេង មង្គល បានច្រានចោលថាមិនមែនជារូបលោក ៕

RELATED ARTICLES