Wednesday, July 16, 2025
Homeព័ត៌មានជាតិចាប់​ពង្រាត់​ទារិកា​អាយុ៥​ខែ ច្រក​ក្នុង​ថង់​ខ្មៅ ប្លុង​ចោល​ក្បែរ​គំនរ​សំរាម

ចាប់​ពង្រាត់​ទារិកា​អាយុ៥​ខែ ច្រក​ក្នុង​ថង់​ខ្មៅ ប្លុង​ចោល​ក្បែរ​គំនរ​សំរាម

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារទារិកាម្នាក់ ប្តឹងចោទប្រកាន់ថា បានចាប់ពង្រាត់ កូនស្រីទើបនឹងមានអាយុ៥ខែ ដោយបិទស្កុត មាត់ និងច្រកចូលថង់ខ្មៅ រួចយកទៅប្លុងចោល នៅក្បែរគំនរសំរាមមួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ទៀបភ្លឺ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧។

ស្ត្រីសង្ស័យដែលចាប់ពង្រាត់ក្មេងស្រីអាយុ ៥ខែនេះ មានឈ្មោះយិន សុធារ៉ា អាយុ៣៣ ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ ៥ឌ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកស្ត្រីជាម្តាយទារិការងគ្រោះ និង ជាដើមបណ្តឹងមានឈ្មោះមាស សុវណ្ណា អាយុ ៣៤ឆ្នាំ មានលំនៅផ្ទះលេខ ៧ធ ផ្លូវបេតុង ក្រុម៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីស្ត្រីជាម្តាយរបស់ទារិការងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងស្ត្រីសង្ស័យ គឺ ជាមិត្តភក្តិនឹងគ្នាតែងចេញចូលលេងផ្ទះគ្នាដូច បងប្អូនអ៊ីចឹង។ នៅមុនពេលកើតហេតុ កាល ពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ត្រីសង្ស័យ បានមកលេងផ្ទះរបស់នាងដូចសព្វមួយដង។ លុះ ដល់យប់ជ្រៅបន្តិចជនសង្ស័យត្រឡប់ទៅផ្ទះ វិញ នាងមិនបានចាប់អារម្មណ៍ថាបាត់កូនស្រី នោះឡើយ ព្រោះនាងបានទុកកូនស្រីឱ្យដេក នៅបន្ទប់ឡៅតឿ។ ស្រាប់តែមួយសន្ទុះក្រោយ មក នាងឡើងទៅមើលកូន ស្រាប់តែបាត់កូន តែម្តង ទើបផ្អើលឆោឡោតាមរក និងរត់ទៅ ប្តឹងអាជ្ញាធរភូមិឱ្យជួយអន្តរាគមន៍។

ស្ត្រីជាម្តាយទារិការងគ្រោះ បន្តថាបន្ទាប់ មកប្រជាពលរដ្ឋម្នាក់ ដែលមានផ្ទះនៅទល់ខ្នង ផ្ទះរបស់នាង បានប្រាប់ថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ខណៈ ដែលគាត់កំពុងឈរនៅក្រោយផ្ទះ ក៏ឃើញមាន ថង់ខ្មៅមួយ ត្រូវបានគេចងសម្រូតចុះពីលើវ៉េរង់ដា ដាក់ចុះមកក្រោយផ្ទះ ទើបគាត់ឆ្ងល់ថា ហេតុអ្វីក៏ដាក់សំរាមចោលក្រោយផ្ទះបែបនេះ។ លុះពេលគាត់រវល់និយាយទូរស័ព្ទមួយភ្លែត ក៏ ស្រាប់តែបាត់ថង់ខ្មៅនោះ ហើយគាត់នឹកស្មាន ថា ខ្មោចលងទៀតផង។ រហូតដល់យប់ជ្រៅ បន្តិច ក៏មានការផ្អើលឆោឡោរឿងបាត់កូន ទើប គាត់ផ្តល់ដំណឹងនេះឱ្យឪពុកម្តាយទារិការងគ្រោះ បានដឹងតែម្តង។

ចំណែកបុរសឈ្មោះតែ វុទ្ធី អាយុ៣២ឆ្នាំ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ពូរបស់គាត់បានខលមកប្រាប់ថា អ្នកស្គាល់គ្នាជាមួយគាត់ ត្រូវគេលួចកូន ទើប ឱ្យគាត់ជួយតាមឃ្លាំមើលនៅផ្ទះស្ត្រីសង្ស័យ។ ពេលនោះគាត់ក៏តាមឃ្លាំមើល ស្រាប់តែដល់ វេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ គាត់ក៏ប្រទះឃើញស្ត្រីសង្ស័យខាង លើ ជិះម៉ូតូចេញពីផ្ទះ ដោយមានថង់ខ្មៅមួយ ផង ទើបគាត់តាមទៅមើល ក៏ឃើញម៉ូតូស្ត្រី សង្ស័យឈប់នៅក្បែរគំនរសំរាម ហើយគាត់ ក៏ធ្វើជាជិះម៉ូតូហួសបន្តិច។ លុះឃើញស្ត្រីសង្ស័យ ត្រឡប់ទៅវិញ គាត់ក៏ចូលទៅពិនិត្យមើលថង់ ខ្មៅនោះ ស្រាប់តែប្រទះឃើញទារិកាត្រូវគេ រុំស្កុតមាត់ ច្រកក្នុងថង់ខ្មៅ តែនៅមានជីវិតនៅ ឡើយ ទើបគាត់ប្រញាប់ស្រាយថង់សង្គ្រោះ ជីវិតទារិកានោះ និងទាក់ទងផ្តល់ដំណឹងដល់ ឪពុកម្តាយឱ្យមកទទួលតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យខាង លើ មិនព្រមឆ្លើយសារភាពអ្វីទាំងអស់ ដោយ នាងបានត្រឹមនិយាយយ៉ាងខ្លីថា នាងមិនបាន ធ្វើអ្វីដូចការចោទប្រកាន់នោះឡើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន សម្រេចឃុំខ្លួនស្ត្រីសង្ស័យខាងលើជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ តាមនីតិវិធី៕

RELATED ARTICLES