ខេត្តកំពង់ស្ពឺ ៖ លោក សុខ ស៊ុនណារ៉េត ឪពុកបង្កើតរបស់លោកស៊ន តារា សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ខាងក្រុមលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង ត្រូវ បានតុលាការខេត្តកំពង់ស្ពឺ បានសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ០៤ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ តុលាការខេត្តកំពង់ស្ពឺ បានសម្រេចផ្ដន្ទាទោសលោក សុខ ស៊ុនណារ៉េត ដាក់ពន្ធនាគារ ០៤ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ធ្លាប់ជាទាហានក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ និងធ្លាប់មានតួនាទីជានាយរងសេនាធិការ បានចូលនិវត្តន៍ នៅឆ្នាំ២០២២។ លោកត្រូវបានមន្ត្រីកងរាជអាវុធ ហត្ថខេត្ត ចាប់ខ្លួន នៅពេលមេបញ្ជាការយោធាភូមិភាគ៣ បានហៅលោកទៅជួប ហើយត្រូវបានបញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស៊ន តារា កូនប្រុសលោក សុខ ស៊ុនណារ៉េត ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង ដែលជាសកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលគាំទ្រនិងដើរតាមលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានចាត់ទុកការសម្រេចរបស់តុលាការខាងលើនេះ ជារឿងអយុត្តិ ធម៌បំផុតសម្រាប់ឪពុករបស់លោក ដែលជាមនុស្សស្លូតត្រង់ និងគ្មានកំហុស។

លោកស៊ន តារា បានលើកឡើងថា ឪពុករបស់លោក (លោកសុខ ស៊ុនណារ៉េត) ធ្លាប់កាន់អាវុធចេញច្បាំង យកជីវិតទៅប្ដូរ ដើម្បីការពារជាតិ ដោយស្មោះត្រង់ រហូតកម្ពុជា បញ្ចប់សង្គ្រាមប្រដាប់អាវុធ ប៉ុន្តែបែរជាត្រូវបានចោទប្រកាន់យ៉ាងអយុត្តិធម៌ ហើយឃុំខ្លួននៅពន្ធនាគារយ៉ាងខ្លោចផ្សាទៅវិញ។
លោកស៊ន តារា បានចោទថា ការចាប់ឃុំខ្លួនឪពុករបស់លោក ជារឿងនយោបាយ ។ លោកបានចោទបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថា ចាប់ខ្លួនឪពុកលោក ដើម្បីគាបសង្កត់រូបលោក ឲ្យឈប់ធ្វើនយោបាយប្រឆាំង។
លោកស៊ន តារា បានសរសេរបន្ថែមក្នុងទំព័រហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា «ឪពុកខ្ញុំជាជនស្លូតត្រង់ គ្មានកំហុស និងបម្រើជាតិ ត្រូវដាក់គុក ៤ឆ្នាំ ជាចំណាប់ខ្មាំង ជាការបំបាក់ទឹកចិត្តកង ទ័ព និងដូចជាលើកតម្កើងថៃ ចាប់ទាហានខ្មែរ ជាចំណាប់ខ្មាំង។ សូមជាតិនិងអន្តរជាតិ អន្តរាគមន៍ដើម្បីដោះ លែងទាហានខ្មែរ ១៨នាក់ ដែលថៃចាប់ និងឪពុករបស់ខ្ញុំ»។
លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សបក្សប្រឆាំង ដេលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទិ៦ ខែសីហា ឆ្នាំ២០២៥ ថា «ឪពុកលោកស៊ន តារា ត្រូវតុលាការខេត្តកំពង់ស្ពឺ កាត់ទោសដាក់ពន្ធនាគារ ៤ឆ្នាំ ដោយហេតុផលខឹងកូន»។

លោកស៊ន តារា និងឪពុកម្ដាយ
ប៉ុន្តែទោះបីជាយ៉ាងណា ទាំងអង្គភាពយោធា និងតុលាការ ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ជនជាប់ចោទ សុខ ស៊ុនណារ៉េត ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ពាក់ព័ន្ធបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន មិនពាក់ព័ន្ធនឹងនយោបាយ និងអង្គភាពយោធានោះឡើយ៕ ខៀវទុំ