ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិសម្លាញ់របស់ខ្លួន រហូតដល់ ស្រវឹងជោក លុះឃើញប្រពន្ធរបស់ក្លើចេះតែ មកតាមហៅប្តីទៅហូបបាយ ក៏ច្រឡោតខឹងថា ប្រពន្ធក្លើនោះមករំខានការផឹកស៊ី ម៉្យាងដោយ ខ្លាចក្លើទៅផ្ទះបាត់ អស់គ្នាផឹកជាមួយផង ក៏ ស្ទុះទៅចាប់បោចសក់ វាយទាត់ធាក់ទៅលើ ប្រពន្ធក្លើ រហូតដល់សន្លប់បាត់មាត់បាត់ក។
ករណីអំពើហិង្សាខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចក្បែរច្រកអូររំដួល ស្ថិតក្នុងភូមិពេជ្រចិន្តា ស្រុកភ្នំព្រឹក។
ជនដៃដល់ដែលវ៉ៃប្រពន្ធរបស់មិត្តភក្តិ ខ្លួនឱ្យសន្លប់ មានឈ្មោះណាំ ប៊ុនឈឿន ហៅ ជឿន អាយុ៣៧ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់៣ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ស្ត្រីរងគ្រោះ មានឈ្មោះជួន វណ្ណៈ អាយុ៣១ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុង ភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ដែលជាថ្ងៃសិទ្ធិនារី ៨មីនា ជនបង្កហេតុបានហៅបុរសជាប្តីរបស់ ស្ត្រីរងគ្រោះ ដែលត្រូវជាក្លើម្រាក់នឹងគ្នា មក អង្គុយផឹកស៊ីជុំគ្នានៅផ្ទះរបស់ខ្លួន ដោយអង្គុយ ផឹកតាំងពីថ្ងៃរសៀល រហូតដល់ល្ងាច ក៏ឃើញ ស្ត្រីរងគ្រោះបានដើរមកហៅប្តីទៅហូបបាយ តែប្តីប្រាប់ថា ចាំបន្តិច។ លុះបន្តិចក្រោយមក ដោយចាំបាត់ៗ មិនឃើញប្តីមកផ្ទះហូបបាយ ស្ត្រីរងគ្រោះក៏ទៅតាមហៅប្តីដល់វង់ផឹកម្តង ទៀត ស្រាប់តែលើកនេះ ជនបង្កខឹងសម្បាថា កំពុងផឹកស៊ីសប្បាយសុខៗ ត្រូវស្ត្រីរងគ្រោះមក រំខានការផឹកស៊ីរបស់ខ្លួន ម៉្យាងជនបង្កហេតុ ខ្លាចថា ពេលប្តីរបស់ស្ត្រីរងគ្រោះត្រឡប់ទៅ ផ្ទះបាត់ទៅ អស់គ្នាផឹកជាមួយ ក៏ស្តីបន្ទោសស្ត្រី– រងគ្រោះ រហូតដល់ក្លាយជាជម្លោះតឹងសរសៃក ដាក់គ្នា លុះជនបង្កហេតុផ្ទុះកំហឹងទប់មិនជាប់ ក៏ស្ទុះទៅចាប់បោចសក់ស្ត្រីរងគ្រោះ និងបាន ធ្វើការវាយទាត់ធាក់ទៅលើស្ត្រីរងគ្រោះ យ៉ាង ចាស់ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹង ខណៈដែលបុរសជាប្តី ហាក់ស្រឡាំងកាំង ជួយ អ្វីប្រពន្ធមិនបានឡើយនៅពេលឃើញក្លើវាយ តប់ប្រពន្ធរបស់ខ្លួនបែបនេះ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក សំពៅលូន ដើម្បីព្យាបាលរបួស។ ចំណែកជន បង្កហេតុត្រូវបានកម្លាំងអាវុធហត្ថចុះចាប់ឃាត់ ខ្លួននាំយកទៅសាកសួរ។
នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនបង្ក– ហេតុបានសារភាពថា រូបគេពិតជាបានវាយដំ ស្ត្រីរងគ្រោះប្រាកដមែន មូលហេតុក៏ព្រោះតែ រូបគេស្រវឹងស្រាខ្លាំងពេក ម៉្យាងខឹងនឹងស្ត្រីរងគ្រោះចេះតែមកតាមហៅប្តីទៅផ្ទះ រំខាន ការផឹកស៊ីរបស់ខ្លួន ណាមួយខ្លាចពេលប្តីស្ត្រីរងគ្រោះទៅបាត់ អត់មានគ្នាផឹកស៊ីជាមួយ ក៏ ផ្ទុះកំហឹងស្ទុះទៅព្រមានស្ត្រីរងគ្រោះខ្លះទៅ។
ជនបង្កហេតុត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕