ខេត្តឧត្តរមានជ័យ ៖ បុរសជាមន្ត្រីប៉ូលិសម្នាក់ ព្រោះតែភ្លើងប្រចណ្ឌដុតរោលពេញទ្រូង ឆួលកំហឹងខ្លាំងពេករហូតទប់ចិត្តមិនបាន ក៏ផ្ទុះ ជម្លោះតឹងសរសៃកជាមួយស្ត្រីជាប្រពន្ធចុង រួច ក៏ដកកាំភ្លើងបាញ់ប្រពន្ធ បណ្តាលឱ្យស្លាប់ក្នុង ថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១១យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៧ ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នៅចំណុច បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិឈូក សង្កាត់ សំរោង ក្រុងសំរោង។
ជនដៃដល់ជាឃាតករ ដែលបាញ់សម្លាប់ ប្រពន្ធព្រោះភ្លើងប្រចណ្ឌនេះ មានឈ្មោះបូរិន ជាមន្ត្រីនគរបាល ពាក់ស័ក្តិ៣ បម្រើការនៅ ផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះស្រីពៅ ត្រូវជាប្រពន្ធចុងរបស់ ជនសង្ស័យ និងស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសាក្សី ដែលស្នាក់នៅបន្ទប់ ជួលក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ជន– សង្ស័យជាខ្មាន់កាំភ្លើង និងស្ត្រីរងគ្រោះ បាន ជួលបន្ទប់ស្នាក់នៅជាមួយគ្នាមួយរយៈមកហើយ និងត្រូវបានគេដឹងថា រវាងអ្នកទាំង២ មាន ទំនាក់ទំនងស្នេហាលួចលាក់ ដោយស្ត្រីរងគ្រោះ គឺជាប្រពន្ធចុងរបស់ជនសង្ស័យដែលជាមន្ត្រី ប៉ូលិសពាក់ស័ក្តិ៣។ កន្លងមក ប្តីប្រពន្ធខាងលើ នេះ ឧស្សាហ៍កើតមានជម្លោះនឹងគ្នាញឹកញាប់ ណាស់ ព្រោះតែបុរសជាប្តីមានចិត្តប្រចណ្ឌប្រពន្ធ ខ្លាំងណាស់ ទើបធ្វើឱ្យប្តីប្រពន្ធនេះ ឱ្យតែបាន ជួបមុខគ្នាចេះតែកើតមានរឿងរកាំរកូសមិន ចេះអស់មិនចេះហើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ គេបានឮសំឡេងប្តីប្រពន្ធខាងលើ បានកើត មានជម្លោះតឹងសរសៃកដាក់គ្នាសាជាថ្មី ហើយ គ្មានរឿងអ្វីក្រៅតែពីរឿងប្រចណ្ឌនោះឡើយ ស្រាប់តែបន្តិចក្រោយមកក៏លាន់ឮសំឡេងផ្ទុះ អាវុធ១គ្រាប់ ចេញពីបន្ទប់កើតហេតុខាងលើ រួចក៏ស្ងាត់សំឡេងទៅវិញ ទើបធ្វើឱ្យអ្នកជិត ខាងមានការភ្ញាក់ផ្អើលនាំគ្នាចេញទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ នៅលើឥដ្ឋការ៉ូក្នុងបន្ទប់ជួល ស្លាប់ក្នុងថ្លុកឈាម បាត់ទៅហើយ ចំណែកបុរសជាប្តីមិនមានវត្តមានក្នុងបន្ទប់កើតហេតុនោះទេ។ ភ្លាមនោះ អ្នកជិតខាងក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ទីតាំងកើតហេតុ និងបានពិនិត្យឃើញថា ស្ត្រីរងគ្រោះទទួលរងការបាញ់ប្រហារចំក្បាល បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន ធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីនេះគឺ ជាអំពើឃាតកម្មដែលបង្កឡើងដោយបុរសជា ប្តីជាមន្ត្រីប៉ូលិសពាក់ស័ក្តិ៣ មូលហេតុ ដោយ– សារតែរឿងប្រចណ្ឌ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕