Friday, August 8, 2025
Homeតារាខ្មែរកែវ សុបញ្ញា សម្រាលកូនស្រី

កែវ សុបញ្ញា សម្រាលកូនស្រី

ភ្នំពេញ ៖ អតីតតារាចម្រៀងហង្សមាស កែវ សុបញ្ញា មានអាការឈឺពោះសម្រាលកូន ទើបនាងចូលមន្ទីរសម្ភពមួយ តាំងពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្ដែនៅវេលាម៉ោង១២យប់ ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែកក្កដា ទើបនាងសម្រាលកូនស្រីមួយដោយដាក់ឈ្មោះថាពេជ្រ មេរ៉ា ។ សុបញ្ញា បានចាត់ទុកថាកូនស្រីនាងសម្រាលនោះគឺចំម៉ោងសន្ដិភាពតែម្ដង ដែលនាងចង់សំដៅដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងភាគីកម្ពុជា -ថៃ កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសង្រ្គាមនៅតាមតំបន់ព្រំដែន បង្កឡើងដោយសៀម ។

មុនសម្រាលកូនស្រីក្រៅពីភ័យផង អរផង ព្រោះត្រូវសម្រាលកូនដំបូង ពិបាកសម្រាប់រូបនាងនោះបញ្ញា  បន់ឲ្យតែកូនសម្រាលឆាប់ៗ កាន់តែល្អ ព្រោះចង់ឃើញមុខកូនស្រីនោះ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ធ្វើឲ្យគ្រប់​គ្នាភ្ញាក់ផ្អើល ដោយនាងអះអាងថា នាងមកពេទ្យលេងៗ ឈឺពោះមែនទែន ហើយនាងថា កូននាងចង់តែកើតចេញមកភ្លាមៗ មិនចង់នៅក្នុងពោះយូរទៀតទេ  ព្រោះចង់ឆាប់ចេញមកជួយជេរចោរសៀម ឬថៃ ជាមួយម្តាយដែរ ។

តាមរយៈការអះអាងរបស់កែវ សុបញ្ញា បែបនេះ មានន័យថា នាងចង់ឲ្យកូនសម្រាលមុនកាលកំណត់ ហើយច្បាស់ណាស់ថា កំហឹងដែលនាងមានចំពោះចោរសៀម ឈ្លានពានលើខ្មែរនោះ មិនត្រឹមតែដក់ជាប់ខ្លួននាងទេ ដែលជេរសៀមឡើងហត់ទៅហើយនោះ តែនាងក៏ផ្ដាំតកូនចៅ ពីទង្វើខូចរបស់សៀម មកលើខ្មែរ ឲ្យជេរតកូនចៅតែម្ដង ។ ប៉ុន្ដែដោយសារតែពោះធំ ដល់ថ្ងៃសម្រាលទៅហើយនោះ ទើបសុបញ្ញា មិនបានចុះទៅចែកអំ​ណោយជូនកងទ័ព និងជនភៀសសឹក ដោយផ្ទាល់ នៅតាមព្រំដែនទេ គឺមានតែលើកទឹកចិត្តនិងចែកចាយព័ត៌មានសៀម ឈ្លានពានខ្មែរ លើបណ្ដាញសង្គមប៉ុណ្ណោះ ។

ចំណែកស្វាមីបញ្ញា លោកប៉ាល់ ប៉ោស៊ាង ជាមន្ត្រីកងរាជអាវុធហត្ថនោះ ទោះជារវល់រឿងជាតិយ៉ាងណា ក៏លោកនៅតែបំពេញតួនាទីជាស្វាមីដ៏ល្អ នៅក្បែរបញ្ញា ជានិច្ច មុនពេលសម្រាលកូនទី១ នេះ ។

 សូមបញ្ជាក់ថា តាំងពីផ្ទះសង្រ្គាមរវាងកម្ពុជា-សៀម ដែលបង្កឡើងដោយសៀម នេះមានតារាជាច្រើន បានបានធ្វើយុទ្ធនាការប្រឆាំងសៀម ជាបន្ដបន្ទាប់ ក្នុងនោះមានដូចជា ចេញវីដេអូនិយាយជាភាសារអង់គ្លេស ថ្កោលទោសសៀម ទៅកាន់ពិភពលោក តារាខ្លះបានបង្កើតមូលនិធិ រៃអង្គាសលុយ ទិញសម្ភារៈ ស្បៀងអាហារ ជូនកងទ័ព និងជនភៀសសឹក នៅតាមព្រំដែន ជាដើម ។ ចំណែកកែវ សុបញ្ញា ទោះជាមិនបានចុះទៅចែកអំណោយដោយផ្ទាល់ ព្រោះពោះធំ ប៉ុន្ដែនាងតាមដានព័ត៌មាននេះជាប្រចាំតែម្ដង ហើយជេរសៀម ឆ្អែត តាំងពីមុនសម្រាលកូន រហូតចង់ឲ្យកូនកើតមុនថ្ងៃ ដើម្បីជួយជេរសៀម ជាមួយនាងទៀតផង ។

  គួរកត់សម្គាល់ថា កែវ សុបញ្ញា បានផុតកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស ក្រោយជ្រកនៅទ្រនំនេះ ជិត១០ឆ្នាំ ហើយពេលនេះ នាងធ្វើជាតារាចម្រៀងឯករាជ្យម្នាក់ ផលិតបទចម្រៀងដោយខ្លួនឯង ដូចគ្នាទៅនឹងសុគន្ធ និសា, ពេជ្រ សោភា និងពេជ្រ សូលីកា ជាដើម។សុបញ្ញា ធ្លាប់ប្រាប់ថា នាងបានផលិតបទចម្រៀងមួយចំនួន ដើម្បីត្រៀមចេញ ក្រោយសម្រាលកូន ប៉ុន្ដែដោយសារតែសង្រ្គាមរវាងកម្ពុជា និងថៃ មិនទាន់បញ្ចប់ទាំងស្រុង ព្រោះសៀម នៅតែឈ្លានពាន ទើបលេចឮថា បញ្ញា បានផ្អឹបបទចម្រៀងធ្វើរួចនោះទុកមួយអន្លើសិន ព្រោះខ្លាចចេញទៅខុសពេលវេលា ហើយនាងបានប្ដូរពីច្រៀង មកជេរសៀម វិញ ។  អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ កែវ សុបញ្ញា បានរៀបការជាមួយលោកប៉ាល់ ប៉ោស៊ាង ជាមន្ត្រីកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ បច្ចុប្បន្ន ក្រៅពីអះអាងថានៅបន្ដអាជីពសិល្បៈជាធម្មតា បន្ទាប់ពីមានកូននោះ នាងក៏មានហាងកាត់ដេរមួយផងដែរ បន្ដវេនពីក្រុមគ្រួសារដែលរកស៊ីមុខរបរនេះជាច្រើនឆ្នាំមកហើយ ។ ចំណែករឿងយកកូន នាងថា ការមានកូនស្រីមួយ មិនគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារនាងឡើយ គឺនាងចង់យកកូនថែម ២នាក់ទៀត ពោលគឺចង់បានកូន៣នាក់ ក្នុងគ្រួសារ។ ប៉ុន្ដែនាងថា វាអាស្រ័យទៅលើសុខភាពជាក់ស្ដែងរបស់នាងដែរ មិនអាចកំណត់ថា ដាច់ខាតត្រូវតែយកកូន ពីរនាក់ទៀត ឲ្យខាងតែបានទេ ៕

RELATED ARTICLES