ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកសើបការណ៍សំងាត់ឲ្យសមត្ថកិច្ចត្រូវបានជនដៃដល់កាប់នឹងដាវ សាំម៉ូរ៉ៃបណ្តាលឲ្យរងរបួសធ្ងន់ ចំណែកជនបង្ករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៩ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ៥១កែងផ្លូវ១៥៤ នៅចំណុចបោកអ៊ុត ប្រណិត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ ថោង ប៊ុនហៀង ភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរជាភ្នាក់ងារសំងាត់អោយសមត្ថកិច្ច មានប្រពន្ធឈ្មោះ សៀង ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះសំណាក់ខេមរ៉ា សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនរងគ្រោះគាត់កំពុងតែឈរលេងនៅម្តុំជិតកន្លែងកើតហេតុ ស្រាប់តែមានជនបង្កម្នាក់មិនស្គាល់អត្តសញ្ញាណបានយកដាវសាំម៉ូរៃមួយដើមយកមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់រយះក្បាលនិងជិតដាច់កជើងខាងស្តាំភ្លាមៗនោះដែលជនបង្កបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែជនរងគ្រោះដេកដួលក្នុងថ្លុកឈាមដកដង្ហើមចង្រិត។
បើតាមប្រភពពត៌មានពីប្រពន្ធជនរងគ្រោះបានអោយដឹងថាប្តីរបស់គាត់គឺជាភ្នាក់ងារសំងាត់របស់សមត្ថកិច្ចចឹងហើយគាត់ធ្លាប់សើបអោយសមត្ថកិច្ចចាប់ជនសង្ស័យជាច្រើននាក់អញ្ចឹងទើបមានគេគុំគួនគាត់ទើបគេមកកាប់ឲ្យរងរបួសបែបនេះ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕ ឥន សាន់ស៊ីដេត