ភ្នំពេញ ៖ ជនសង្ស័យបួននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឆែកឆេរឃើញមានលាក់ទុកសំភារះ កាច់កម៉ូតូនិងដែកឆ្កិះសោមួយចំនួននៅក្នុងខ្លួន ខណៈពេលសមត្ថកិច្ចកំពុងដាក់កុងត្រូលត្រួតពិនិត្យជាតិអាកុល ត្រង់ចំនុចផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ខណៈពេលកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌទួលគោកបានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍ត្រង់ចំនុចខាងលើបានបន្តិចក្រោយមកស្រាប់តែមានជនសង្ស័យបួននាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរ៊ីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AJ9983 ហើយអ្នកជិះម៉ូតូទំាង៤នាក់មិនមានពាក់មួកសុវត្ថិភាព ទើបសមត្ថកិច្ចបានឃាត់ដើម្បីត្រួតពិនិត្យតែអ្នកជិះម៉ូតូខាងលើមិនព្រមជិះចូលគោលដៅត្រួតពិនិត្យនោះទេហើយបានព្យាយាមបើករត់គេចតែត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់បានមកវិញធ្វើការឆែកឆេរបានរកឃើញដែកកាច់កម៉ូតូ ដែកឆ្កិះសោនិងឧបករណ៍ល្មើសមួយចំនួនទៀតនៅជាប់ខ្លួនអ្នកទាំងនោះ ក៏ត្រូវសមត្ថកិច្ចឃាត់ជនសង្ស័យទាំងបួននាក់រួមទាំងវត្ថុតាងយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌទួលគោក ។
ជនសង្ស័យទាំងនោះមាន ទី១ឈ្មោះ សុខ មាសវិបុល ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ម្ដុំស្តាចាស់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតខេត្តស្វាយរៀង ទី២សន ឡាយហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្រុកកំណើតខេត្តកំពង់ស្ពឺ ទី៣ បៀន ទ្រី ភេទប្រុស អាយុ១៩ មុខរបរនៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក និងទី៤ ឆាយ បូផាន់ ភេទប្រុស អាយុ២៥ មុខរបរលក់មីឆា ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្រោយពេលសាកសួរជនសង្ស័យទាំងបួននាក់ត្រូវបានសមត្ថកិច្ចកសាងសុំរឿងបញ្ជូនទៅកាន់តុលារការរង់ចាំការចាត់ការតាមនីតិវិធី ៕ សោល វណ្ណៈ