ខេត្តកំពង់ស្ពឺ ៖ រោងចក្រកាត់ដេរ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលកម្មករ និងសមត្ថកិច្ច បញ្ជូនរថយន្តជួយពន្លត់អគ្គិភ័យ ចេញជួយអន្តរាគន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ករណីអគ្គិភ័យឆេះរោងចក្រនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា មានករណីអគ្គិភ័យបានឆេះសម្ភារៈក្នុងរោងចក្រ យីហោ យាន ហ្សេន ខូតធីង មេធៀរៀល ខេមបូឌាឯ.ក ដែលស្ថិតនៅក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អគាដែលរងការឆេះ នោះ មានទំហំ២៥ម៉ែត្រ គុណនិង១០០ម៉ែត្រ រងការខូចខាតអាគាអស់ប្រហែល១០ភាគរយ។ ខូចខាតទឹកថ្នាំ ចំនួន៦ធុង។ ម៉ាស៊ីនវ៉ៃថ្នាំ ១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

របាយការណ៍ដដែល បន្តថា នៅក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ មានការចូលរួមពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ១គ្រឿង កម្លាំង៩នាក់ ប្រើប្រាស់ទឹកអស់ ១រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ១គ្រឿង កម្លាំង៦នាក់ ប្រើប្រាស់ទឹកអស់ ១រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ១គ្រឿង កម្លាំង៦នាក់ ប្រើប្រាស់ទឹកអស់ ១រថយន្ត។ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងគង ចំនួន៤នាក់ និងកម្មករោងចក្រ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ អស់ចំនួន៣២ បំពង់។

ចំពោះមូលហេតុដែលបង្កឱ្យមានការឆាបឆេះរោងចក្រខាងលើ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែហេតុការណ៍នេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕