Friday, August 15, 2025
Homeតារាខ្មែរពេជ្រ ថាណា ជប់លៀងធំ ខួបកំណើតកូនស្រី

ពេជ្រ ថាណា ជប់លៀងធំ ខួបកំណើតកូនស្រី

ភ្នំពេញ ៖ តារាចម្រៀងថោន លោកពេជ្រ ថាណា បានធ្វើខួបកំណើតឲ្យកូនស្រីរបស់ខ្លួន ឈ្មោះឈិន ថាស៊ូហ៊ី គម្រប់អាយុ៣ឆ្នាំ កាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយមានតារារួមអាជីព និងអ្នកធ្វើការសិល្បៈជាច្រើន ចូលរួម បើទោះបច្ចុប្បន្នកម្មវិធីអ្នកសិល្បៈមួយចំនួន ត្រូវបានពន្យារពេល ឬរំសាយវិញ ក្រោយពេលមានសង្រ្គាមឈ្លានពានពីពួកចោរសៀម នៅតាមតាមព្រំដែនក្ដី ក៏លោកថាណា ត្រូវតែរៀបចំពិធីនេះឡើង ដើម្បីឲ្យប្រពន្ធកូនលោក បានរីករាយ។ លោកថាណា ថាលោកមានអារម្មណ៍រំភើប និងកក់ក្ដៅខ្លាំង នៅពេលដែលឃើញភ្ញៀមកចូលរួមខួបកំណើតកូនស្រី ប៉ុន្ដែលោកមិនប្រាប់ពីទំហំទឹកប្រាក់នៃការចំណាយសម្រាប់ពិធីជប់លៀងធំនេះឡើយ ។

 សូមបញ្ជាក់ថា ពេជ្រ ថាណា បានចាប់ដៃភរិយាទី២ កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ក្រោយភរិយាទី១ បានទទួលមរណភាពនៅដើមឆ្នាំ២០២១ ។ ពេជ្រ ថាណា ធ្លាប់តាំងចិត្តក្រោយពេលរកបានគូស្នេហាថ្មីថា លោកចាប់ដៃប្រពន្ធ មិនមែន១ខែ ឬ១ឆ្នាំទេ ប៉ុន្ដែនឹងចាប់ដៃនាងអស់មួយជីវិតតែម្ដង ។ តាមរយៈការអះអាងរបស់ថាណា នាពេលនេះ បញ្ជាក់ថា លោកចាប់ផ្ដើមធ្វើតាមការសន្យានោះ គឺធ្វើឲ្យប្រពន្ធមានស្នាមញញឹម ដោយបង្ហាញមុខភរិយាជាចំហ ហើយហៅមិត្តភក្ដិក្នុងសិល្បៈ ឲ្យស្គាល់ប្រពន្ធនិងកូនស្រីលោកគ្រប់គ្នា ។ សកម្មភាពរបស់ថាណា ពេលនេះ នាំឲ្យភរិយាលោកញញឹមបិទមាត់មិនជិត បើទោះជាគ្មានដំណឹងលោកដឹកដៃប្រពន្ធរៀបការនៅពេលណាក្ដី ។

គួរកត់សម្គាល់ថា ពេជ្រ ថាណា ជាតារាលេចធ្លោម្នាក់របស់ថោន បន្ទាប់ពីលោកខេម ដែលជាតួឯកនៅផលិត កម្មនេះ បានដើរចេញនិងចូលរួមជាមួយ Galaxy ជាង៥ឆ្នាំ ។ ថាណា ត្រូវបានគេស្គាល់លោកល្បីបទ «មានប្រពន្ធល្អ មិនចេះថែ», «សុំទោសសៀមរាប», «ក្របីក្រុង », «អនុស្សាវរីយ៍ស្រុកកំពង់ត្រាច», «សល់ឆ្អឹង១ចាន» និងបទ «ស្នេហាធ្វើឲ្យខ្ញុំយំ» ជាដើម ។

អ្នកជំនាញសិល្បៈ ធ្លាប់លើកឡើងថា លោកពេជ្រ ថាណា មានសមត្ថភាពច្រៀងបទប្រភេទបទខេមរៈ សិរីមន្ដ បានទាំងអស់ ប៉ុន្ដែចំណុចខ្សោយរបស់ថាណា លោកមិនមានអ្នកនិពន្ធផ្ទាល់ខ្លួនឲ្យច្រៀងត្រូវនិងសំឡេងលោក ដូចលោកខែម ប៊ុនថៃ ឡើយ ។          

ក្រៅពីពេជ្រ ថាណា តារាប្រុសមានកូន១ ប៉ុន្ដែមិនធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ មានដូចជាលោក ហ្សូណូ និងហង្ស សុវណ្ណារិទ្ធ ជាដើម ។ ចំពោះលោកថាណា បើទោះជាលោកមិនទាន់ធ្វើឲ្យប្រពន្ធរំភើបជាងនេះ ទៀតតាមរយៈអាពាហ៍ពិពាហ៍ ប៉ុន្ដែពេលនេះ លោករស់នៅមានជីវភាពធូរធារគួរសម ដោយមានផ្ទះ និងរថយន្ដទំ នើបជិះផ្ទាល់ខ្លួន តែថាណា មិនទាន់មានបទថ្មីណាល្បីជាងបទ «មានប្រពន្ធល្អ មិនចេះថែ» ឡើយ។ យ៉ាងណា គ្មានដំណឹង ថាណា គ្រោងហើរចេញពីថោន ទៅ Galaxy តាមលោកខេម នោះទេ បើទោះជាលោកត្រូវបានគេចាត់ទុកថាជាតារាមានសមត្ថភាពម្នាក់ បើមានបទចម្រៀងចេញដិតដល់ នឹងល្បីជាងនេះក្ដី ៕

RELATED ARTICLES