ភ្នំពេញ ៖ ស្ត្រីម្នាក់រត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដោយអះអាងថា គាត់ត្រូវបានបុរសម្នាក់បោកយកទាំងខ្លួន ខ្ចីទាំង លុយចំនួន៨០០ដុល្លារទៀត ទីបំផុតក៏ដោះដៃ គេចខ្លួនបាត់អស់រយៈពេលជាង២ខែ ទើបធ្វើឱ្យ គាត់កើតទុក្ខមិនសុខចិត្ត ក៏រត់មកប្តឹងសមត្ថកិច្ច តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលរត់មកដាក់ពាក្យប្តឹង ប្រុសព្រាននោះ សុំមិនបញ្ចោញឈ្មោះទេ គ្រាន់ តែប្រាប់ថា គាត់មានអាយុ៤៥ឆ្នាំ មុខរបរជា កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុក កំណើតនៅឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកប្រុសព្រានបោកទាំងប្រាណ បានទាំង លុយ៨០០ដុល្លារនោះ ក៏មិនត្រូវបានស្ត្រីរងគ្រោះ បង្ហាញពីអត្តសញ្ញាណដូចគ្នា គ្រាន់តែបង្ហើប ប្រាប់ថា មានអាយុស្របាលគាត់ និងមានលំនៅ ក្នុងស្រុកជាមួយគ្នា។
តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា បុរសខាងលើ គឺជាមន្ត្រីរាជការ និងមានប្រពន្ធកូនរួចទៅហើយ តែបានលួងលោមប្រលោមស្នេហ៍គាត់ ដោយសន្យាថា “បងមិនចោលអូនទេ” ពាក្យនេះហើយដែល បានធ្វើឱ្យគាត់បាក់ចិត្តលង់ខ្លួនជាមួយបុរសជាប្តីគេនេះ រហូតដល់លួចលាក់រួមរស់ជាមួយគ្នា តាំងពីអំឡុងខែសីហា ឆ្នាំ២០១៦ មកម៉្លេះ។
ស្ត្រីរងគ្រោះ បានបន្តថា ក្រោយពីបានស្គាល់ ក្លិនក្លែបរសជាតិស្នេហ៍គាត់ហើយ បុរសកំហូច បានលួងលោមខ្ចីប្រាក់ពីគាត់ចំនួន៨០០ដុល្លារ ដោយប្រាប់ថា យកទៅដោះស្រាយការងារ មួយរយៈសិន នឹងសងគាត់វិញមិនខាន។ លុះ ចាប់តាំងពីខែមករា ឆ្នាំ២០១៧ មក ប្រុសព្រាន រូបនេះក៏ចាប់ផ្តើមគេចមុខ ផ្តាច់ការទាក់ទង ជាមួយគាត់ សូម្បីតែគាត់ហៅមកជួបដើម្បី រួមស្នេហ៍ ក៏ប្រុសនេះមិនព្រមមកជួបដែរ ទើប គាត់ភ្ញាក់ខ្លួនថា ត្រូវប្រុសស្នេហ៍ហេងស៊យនេះ បោកទាំងខ្លួន បោកទាំងលុយរបស់គាត់ទៅបាត់ ហើយ។
ជុំវិញករណីខាងលើនេះ ស្ត្រីរងគ្រោះបាន អះអាងថា គាត់មិនចង់បានអ្វីពីប្រុសហេងស៊យ នោះទេ គឺចង់បានត្រឹមប្រាក់ដែលខ្ចីពីគាត់ចំនួន ៨០០ដុល្លារនោះមកវិញប៉ុណ្ណោះ ប៉ុន្តែដោយ–សារប្រុសជើងល្អគេចខ្លួនបាត់ទៅហើយ ទើប គាត់សម្រេចរត់មកសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង៕