Saturday, August 23, 2025
Homeតារាខ្មែរល្អហួស យំលើកទី២

ល្អហួស យំលើកទី២

ភ្នំពេញ ៖ បទចម្រៀង «ចោរសៀមឈា្លនពាន» ដែលច្រៀងដោយ ល្អហួស ត្រូវបានហ្វេសប៊ុក លុបចោលបាត់ ក្រោយនាងចេញបានត្រឹម ៥ថ្ងៃ មានអ្នកទស្សនាតាម Facebook ដល់ទៅជាង 10M Views ធ្វើឲ្យស្រីស្រស់ដេកស្ដាយជាខ្លាំង ។ ប៉ុន្ដែល្អហួស មិនចុះចាញ់ឡើយ គឺថ្មីៗនេះ នាងបានចេញបទថ្មីមួយថែមទៀត ទាក់ទងការរិះគន់លើសៀម ឈ្លានពានកម្ពុជា ដែរ នោះគឺបទ «29 កក្កដា ក្រោយបទឈប់បាញ់» លំនាំបទ «ចុតហ្មាយមច្ចុរាជ» ។

  លោកគីម សាន្ដ ត្រូវជាពូ និងជាអ្នកចាត់ចែងការងារសិល្បៈរបស់ល្អហួស បានប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ថា ក្មួយស្រីរបស់លោក នៅតែបន្ដផលិតបទចម្រៀង បង្ហាញពីការស្រលាញ់ទឹកដី ថ្កោលទោសប្រទេសសៀម ឈ្លានពានទឹកដីខ្មែរ ជាបន្ដទៀត ដោយមិនខ្លាច ថៃ វាយប្រហារផេក ឬហ្វេសប៊ុក លុបបទចម្រៀងរបស់នាងជាថ្មីនោះ ដោយលោកបញ្ជាក់ថា «គាត់ (ល្អហួស) មានឆន្ទៈក្នុងការធ្វើអ្វីដែលទាក់ ទងប្រទេសជាតិ គឺត្រូវតែជួយ ដោយអត់ចង់បានអ្វីមកវិញ ជួយចេញពីបេះដូង។ គាត់ជាបវរកញ្ញាម្នាក់ ដែលមានឥទ្ធិពលខ្លាំងនៅក្នុងស្រុក គាត់អាចបញ្ចេញសំឡេងគាត់ ប្រាប់ទៅបរទេសថា ខ្មែរយើង កំពុងតែជួបបញ្ហាអី អ៊ីចឹងគាត់មានឥទ្ធិពលខ្លះដែរក្នុងការជួយផ្សព្វផ្សាយ» ។

  ពូរបស់ល្អហួស ក៏បានប្រាប់ដែរថា ក្មួយស្រីរបស់លោក បានចុះទៅចែកអំណោយដល់កងទ័ព និងជនភៀសសឹក តាមតំបន់ព្រំដែន ចំនួន២ទៅ៣ ងមកហើយ នឹងបន្ដធ្វើទៀត ហើយបើនាងមិនបានចុះទៅ ក៏មានក្រុមការងារ បន្ដធ្វើកិច្ចការនេះទៀតដែរ ។ ចំណែកអ្នកលេងបណ្ដាញសង្គម បានពេញចិត្តសកម្មភាពរបស់ស្រីស្អាត ល្អហួស ថានាងពិតជាឈឺចាប់ខ្លាំង ពេលឃើញសៀមឈ្លានពានខ្មែរ ទើបច្រៀងទាំង២បទ ហូរទឹកភ្នែកជោក ថ្ពាល់បែបនេះ មិនមែនជាការសម្ដែងឡើយ។

  ក្រៅពីល្អហួស តារាដែលបានចេញបទចម្រៀងថ្កោលទោសសៀម ឈ្លានពានកម្ពុជា មានដូចជា លោកព្រាប សុវត្ថិ, វណ្ណដា, ឆាយ វីរៈយុទ្ធ, អ៊ីណូ, ខេមរៈ សិរីមន្ដ, ខេម, យូ ហៃ, ពេជ្រ សោភា, សុគន្ធ និសា, ឈិត សុវណ្ណបញ្ញា, អ៊ីវ៉ា, ចំរើន សុភ័ក្រ្ត, ផន សុផារី, ទេព បូព្រឹក្ស, រ៉េត ស៊ូហ្សាណា និងឱក សុគន្ធកញ្ញា ជាដើម ។ សម្រាប់ ល្អហួស នាងមានក្រុមការងារផលិតបទចម្រៀងឲ្យច្រៀង ហេតុនេះចង់ចេញពេលណាក៏បានដែរ ប៉ុន្ដែអ្វីដែលនាងផ្ដោតពេលនេះ មិនមែនចេញបទបែបកន្រ្ទឹម ឬច្រៀង Cover បទពីដើមៗដូចមុនទេ គឺចេញបទ ដៀលសៀម ដែលរំលោភបំពានអធិបតេយ្យកម្ពុជា បង្កឧក្រិដ្ឋកម្មសង្គ្រាម។

  ជូរី ល្អហួស ដែលមានឈ្មោះដើម សុខ គីមហ័ង  ជាបវរកញ្ញា Miss Preteen Junior Idol World 2024  និងម្ចាស់មកុដ Miss Preteen International Cambodia 2023 ដែលតាមការបង្ហើបរបស់លោកគីម សាន្ដ ថា នៅចុងឆ្នាំ២០២៥ នេះល្អហួស នឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញា មួយទៀត ។ ក្រមុំវ័យ ១៦ឆ្នាំ រូបនេះ មិនធ្លាប់ប៉ះរឿងអាស្រូវកេរ្ដិ៍ទេ បើទោះជានាងហ៊ានលេង MV  បទ «ក្អែកស្លាបហង្ស» ជាមួយលោកសាវិន ហ្វីលីព ប៉ុន្ដែគ្មានឈុតរោលរាលឡើយ ៕

RELATED ARTICLES