Tuesday, January 7, 2025
Homeសង្គម និងជីវិតហ្វេសប៊ុកប្រល័យស្នេហ៍!! ឱ្យប្រពន្ធទៅធ្វើការរោងចក្រ ប្រុសលេងហ្វេសប៊ុក ទាក់បាត់

ហ្វេសប៊ុកប្រល័យស្នេហ៍!! ឱ្យប្រពន្ធទៅធ្វើការរោងចក្រ ប្រុសលេងហ្វេសប៊ុក ទាក់បាត់

បច្ចុប្បន្ន សង្គមហ្វេសប៊ុក បានដើរតួយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានទំនាក់ទំនងក្នុងសង្គម។ យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះមុនដំបូង ស្រលាញ់ស្មគ្រ័ស្មោះគ្នាណាស់ ប៉ុន្តែក្រោយពីប្រពន្ធទៅធ្វើការរោងចក្រ និងបានទិញទូរស័ព្ទទំនើបប្រើ ស្រាប់តែលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសលេងហ្វេសប៊ុក ហើយទាក់ទៅបាត់ ធ្វើឱ្យប្តីមិនដាច់អាល័យពីប្រពន្ធទួញយំបោកខ្លួន…។

លោកស្រួល ជ្រុន អាយុ៣១ឆ្នាំ រស់នៅភូមិរកា ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា លោកជាកូនពៅ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៣ ស្រី៣) ដែលឪពុកឈ្មោះចៀម ច្រេង អាយុ៦៥ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង លោកមានវាសនារៀនសូត្រចប់ថ្នាក់បឋមសិក្សាដែរ តែក្រុមគ្រួសារមានជីវភាពក្រីក្រ គ្មានលទ្ធភាពរៀនបន្តក៏ឈប់ទៅ ដោយនៅផ្ទះជួយធ្វើការស្រែចម្ការជំនួសដៃជើងឪពុកម្តាយ។ លុះពេលធំពេញកំលោះ ឪពុកម្តាយបានស្តីដណ្តឹងនារីម្នាក់ ឈ្មោះជន មុំ សព្វថ្ងៃ អាយុ២៥ឆ្នាំ រៀបការធ្វើជាប្រពន្ធ ក្រាបក្បាលដល់កន្ទេលតាមប្រពៃណី បើគិតមកដល់ពេលនេះ មានរយៈពេល៧ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសម្នាក់ជាចំណងអាពាហ៍ពិពាហ៍។

បុរសរូបនេះ រំលឹកទៀតថា កាលពីរៀបការហើយថ្មោងថ្មី ប្តីប្រពន្ធលោកចាប់របរធ្វើស្រែចម្ការ យកជាស្បៀងលៀងជីវិត លុះក្រោយមក ដោយរបរនេះមុជមិនជ្រៅទៅមិនឆ្ងាយ គ្មានអ្វីសល់ជាដុំកំភួន ប្តីប្រពន្ធលោកបាននាំគ្នាធ្វើចំណាកស្រុក ទៅស៊ីឈ្នួលជួលព័ទ្ធគេនៅស្រុកថៃ បានមួយរយៈ ទើបនាំគ្នាត្រឡប់មកស្រុកវិញ ហើយបន្តនាំគ្នាទៅធ្វើរោងចក្រកាត់ដេរក្រុងភ្នំពេញ។ លុះក្រោយមក ដោយគ្មានអ្នកមើលថែកូន ទើបលោកឈប់ធ្វើការត្រឡប់មកស្រុកវិញ ដើម្បីផ្តល់ភាពកក់ក្តៅឱ្យកូនប្រុស។ ស្របពេលនោះដែរ ប្រពន្ធបានទិញទូរស័ព្ទទំនើបមួយគ្រឿង តម្លៃ១៥០ដុល្លារ សម្រាប់តេមកសួរសុខទុក្ខប្តី និងកូន។

លោកស្រួល ជ្រុន បញ្ជាក់ថា កាលដើមឡើយប្តីប្រពន្ធ លោកស្រលាញ់ស្មគ្រ័ស្មោះគ្នាណាស់ ទោះជាមានស៊ីអត់ស៊ី ឬលំបាកវេទនាយ៉ាងណា ក៏មិនដែលបោះបង់គ្នាចោលដែរ ប៉ុន្តែ ក្រោយពីប្រពន្ធមានទូរស័ព្ទស្មាតហ្វូនប្រើ ចេះលេងហ្វេសប៊ុក ដែលជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុត លុះប្រពន្ធលោកឆាតចុះឆាតឡើង ស្រាប់តែមានគំនិតបែកឆ្វេង លួចក្បត់ចិត្តប្តី ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ ឈ្មោះឌី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ដែលជាតៃកុងឡានសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែង នៅទីក្រុងភ្នំពេញ យ៉ាងផ្អែមល្ហែម រហូតណាត់ជួបមុខគ្នារួមរ័កមេត្រីជាបន្តបន្ទាប់ទៀតផង។ តែយ៉ាងណា ពេលនោះ ក៏លោកមិនដឹងថា ប្រពន្ធដ៏ល្អរបស់លោកពីមុន មកកំពុងមានស្នៀតលួចលេងល្បែងស្នេហ៍ត្រីកោណ នៅពីក្រោយខ្នងប្តីទៅរួចនោះឡើយ ព្រោះលោកមានចិត្តស្រលាញ់ ជឿទុកចិត្តប្រពន្ធណាស់ រីឯប្រពន្ធក៏ស្មោះស្ម័គ្រជាមួយប្តី ឥតងាកវេដែរ តែដឹងអី! មិនខុសពីពាក្យចាស់ពោលថា “កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ”ឡើយ ដោយលោកដឹងរឿងរ៉ាវផិតក្បត់របស់ប្រពន្ធ ក្រោយពេលដែលនាងឱបបង្វេចរត់ទៅរួមរស់ជាមួយប្រុសស្នេហ៍ ឈ្មោះឌី នោះ នៅឯសិប្បកម្មផលិតទឹកសុទ្ធ ធ្វើឱ្យលោកឈឺចាប់ អួលណែនក្នុងឱរា ខ្លោចផ្សាក្នុងចិត្តជាខ្លាំង មិនគួរណាប្តីប្រពន្ធលោកស្រលាញ់គ្នាយ៉ាងស្មោះ អស់ពីបេះដូងប៉ុណ្ណឹងហើយ មិនគួរណាឡើយប្រពន្ធសំណព្វចិត្តប្រែចិត្តលឿនយ៉ាងនេះសោះ។

បុរសអភ័ព្វស្នេហ៍រូបនេះ រៀបរាប់ទាំងអស់សង្ឃឹមថា បន្ទាប់មកក្រុមគ្រួសារទាំងសងខាង បានត្រឹមប្រើល្បិចទូរស័ព្ទ ប្រាប់ប្រពន្ធថា កូនឈឺធ្ងន់ ដើម្បីឱ្យនាងត្រឡប់មកផ្ទះវិញ រស់នៅជួបជុំគ្រួសារ ប៉ុន្តែក្រោយពីនាងមកផ្ទះ ដេកបានតែ៣យប់ ពោលគឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ប្រពន្ធជើងល្អរូបនោះ បានលួចរត់ត្រឡប់ទៅរស់នៅជាមួយប្រុសស្នេហ៍វិញបាត់ គ្មានស្រណោះប្តី និងកូនឡើយ ធ្វើឱ្យលោកឈឺចាប់ជាលើកទី២។ តែយ៉ាងណា លោកនៅតែ ស្រលាញ់ប្រពន្ធរូបនេះដដែល ដោយមួយថ្ងៃៗទួញយំបោកខ្លួន ទន្ទឹងរង់ចាំមើលផ្លូវប្រពន្ធវិលត្រឡប់ក្រោយវិញយ៉ាងអន្ទះសា តែប្រហែលមិនខុសពីកាប់បំពង់រង់ចាំទឹកភ្លៀងឡើយ។

អ្នកស្រីចៀម រ៉េត អាយុ៥៣ឆ្នាំ ជាម្តាយនាងជន មុំ បានឱ្យដឹងថា កូនស្រីរបស់គាត់ម្នាក់នេះ មិនគួរណាភ្លើតភ្លើនក្បត់ចិត្តប្តី លួចទៅមានទំនាក់ទំនងស្នេហាជាមួយប្រុសឈ្មោលយ៉ាងនេះទេ។ កាលពីនាងទើបបែកឆ្វេងភ្លាមៗ គាត់បានហៅនាងឱ្យត្រឡប់ មកផ្ទះរស់នៅជួបជុំប្តី និងកូនវិញដែរ ប៉ុន្តែនាងត្រឡប់មកបានរយៈពេលខ្លី ក៏រត់ទៅវិញបាត់។ លុះពេលក្រុមគ្រួសារទៅហៅនាងជាលើកទី២ កូនស្រីម្នាក់នេះ ធ្វើព្រងើយ ហាក់បីដូចជាមិនស្គាល់ឪពុកម្តាយ គាត់សង្ស័យតែនាងត្រូវមន្តអាគមស្នេហ៍ស្នូករបស់គេទេ ទើបបានជាហ៊ានប្រព្រឹត្តទង្វើអសីលធម៌បែបនេះ។ គាត់អាណិតតែកូនប្រសាទេ មួយថ្ងៃៗ ឃើញតែអង្គុយសម្រក់ទឹកភ្នែក ស្តាយប្រពន្ធ។

នាងម៉ន មុំ អាយុ៣៥ឆ្នាំ ជាបងថ្លៃបានឱ្យដឹងថា តាំងពីដើមរៀងមក ប្តីប្រពន្ធប្អូនថ្លៃម្នាក់នេះ ស្រលាញ់ស្មោះត្រង់ជាមួយគ្នាណាស់ មិនគួរណាប្រពន្ធឈ្លក់ ទឹកម៉ាស៊ីនក្បត់ចិត្តប្តី រត់តាមប្រុសលេងធាចបៀកៀ យ៉ាងនេះទេ។ នាងជឿជាក់១០០%ថា ប្អូនថ្លៃរូបនេះ ពិតជាត្រូវមន្តអាគមស្នេហ៍របស់គេហើយ បានជា ចិត្តដាច់រត់ចោលប្តី និងកូនគ្មានស្រណោះបែបនេះ។

ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងនាងជន មុំ និងលោកឌី សុំការបកស្រាយបានទេ តែយ៉ាងណា យើងនឹងរង់ ចាំគ្រប់ភាគីពាក់ព័ន្ធបំភ្លឺគ្រប់ពេលវេលា៕  គីម ថីសួន

RELATED ARTICLES