Wednesday, August 27, 2025
Homeតារាខ្មែរពេជ្ជតា-ហ្សូរីដា ប្រតិកម្មសុខ ស្រីមុំ ប្រមាថព្រះមហាក្សត្រនិងសម្តេចម៉ែ

ពេជ្ជតា-ហ្សូរីដា ប្រតិកម្មសុខ ស្រីមុំ ប្រមាថព្រះមហាក្សត្រនិងសម្តេចម៉ែ

ភ្នំពេញ ៖ អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះ នាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រី សុខ ស្រីមុំ ដែលបានចាកចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក អស់ពេលរាប់សិបឆ្នាំមកហើយនោះ ថ្មីៗនេះបានធ្វើឱ្យមហាជនខ្មែរ មានការភ្ញាក់ផ្អើល ស្រឡាំងកាំង រហូតផ្ទុះប្រតិកម្ម គ្រប់ៗគ្នា បន្ទាប់ពីអតីតតារាភាពយន្តខ្មែររូបនេះ បានប្រើពាក្យសម្តីធ្ងន់ៗប្រមាថដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងនោះអ្នកសិល្បៈមួយចំនួន រួមមាន លោកស្រី ម៉េង កែវពេជ្ជតា និងពិធីការិនី ឌួង ហ្សូរីដា បានចេញមុខប្រតិកម្មធ្ងន់ៗ ទៅកាន់រៀមច្បងសិល្បៈ សុខ ស្រីមុំ ដោយផ្ទាល់តែម្តង។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការចែករំលែកនូវវីដេអូមួយ របស់អតីតតារាភាពយន្តជើងចាស់ អ្នកស្រី សុខ ស្រីមុំ ដែលបានប្រើពាក្យប្រមាថចំពោះអង្គព្រះមហាក្សត្រ និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយក្នុងវីដេអូនោះ អ្នកស្រី សុខ ស្រីមុំ បានប្រើពាក្យមិនគប្បី ក្នុងន័យប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ថាមិនបានយាងទៅសួរសុខទុក្ខប្រជារាស្ត្រ នៅជំរំភៀសសឹក និងកងកម្លាំងទាហានកំពុងឈរជើងការពារបន្ទាត់ព្រំដែន ដែលធ្វើឱ្យមហាជនខ្មែរ មិនអាចទទួលយកបាន និងផ្ទុះប្រតិកម្មជាបន្តបន្ទាប់។

អតីតតារាសម្ដែងអ្នកនាងសុខ ស្រីមុំ

ក្រោយពីបង្ហោះវីដេអូនោះមិនបានប៉ុន្មាន និងបន្ទាប់ពីសង្កេតឃើញថា មានប្រតិកម្មខ្លាំងពីមហាជនខ្មែរ ស្រាប់ តែអតីតតារាសម្តែង សុខ ស្រីមុំ បានលុបវីដេអូនោះចោលវិញភ្លាម ប៉ុន្តែវីដេអូនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការចម្លងទុក ចែករំលែកព្រោងព្រាតទាំងក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង Tik Tok ព្រមទាំងមានការបញ្ចេញមតិ ប្រតិកម្មរិះគន់ទៅកាន់អតីតតារាភាពយន្ត សុខ ស្រីមុំ យ៉ាងខ្លាំងគ្រប់គ្នា។

តារាចម្រៀងអ្នកនាងម៉េង កែវពេជ្ជតា

ជាក់ស្តែង តារាចម្រៀងល្បីឈ្មោះ លោកស្រី ម៉េង កែវពេជ្ជតា បានលើកឡើងថា លោកស្រីមានអារម្មណ៍ហួស ចិត្ត មិននឹកស្មានថា អ្នកស្រី សុខ ស្រីមុំ ដែលធ្លាប់តែឃើញថតវីដេអូនិយាយឡិកឡក់ និងត្រូវគេដៀលថាដូចមនុស្សមិនគ្រប់ បែរជាហ៊ានប្រើពាក្យព្រហើន ប្រមាថដល់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ បែបនេះសោះ។

លោកស្រី ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូដែលលោកស្រី សុខ ស្រីមុំ និយាយប្រមាថអង្គព្រះមហាក្សត្រនិងសម្តេចម៉ែ នៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា “ហេតុអីក៏បងមុំ ប្រែប្រួលដល់ម្ល៉ឹង? ធ្លាប់តែឃើញបងថតវីដេអូ និយាយឡិកឡក់ ហើយឃើញមហាជនជាច្រើនគេចូលទៅដៀលបងថា ដូចមនុស្សមិនគ្រប់ ក៏ប្អូនមិនដែលចូលទៅទើសបងដូចគេដែរ មាន តែអាណិត ព្រោះគិតថា នោះសិទ្ធិ ជាសេរីភាពបង ប៉ុន្តែរឿងថ្មីមួយនេះ បងមុំ លើសហើយ លើសខ្លាំង ដែលប្អូនមិនអាចស្ងៀមបាន។ បងដឹងមកពីណាថា ព្រះអង្គ មិនរវល់កូនចៅលោក? បើបងមិនដឹងអីទេ ឈប់ទៅបង បាបណាស់។ នេះស្តេចខ្មែរទេបង ដែលលោកស្លូតបូត តែបើស្តេចសៀមវិញ បើបងប្រមាថជាសាធារ ណៈដល់ម្ល៉ឹងហើយ គឺគុកអត់ថ្ងៃចេញទេ បងមុំ។ បងត្រូវចាំ កូនណាដែលជេរឪពុកម្តាយខ្លួនឯង កូននោះគ្មានកំណើត និងគ្មាននរណាហ៊ានយកខ្លួនបៀតទេ…”។

បន្ទាប់ពីបានឃើញការបង្ហោះ និងសំណេររបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ខាងលើ ពិធីការិនីល្បីឈ្មោះ អ្នក ស្រី យុគ ចិន្តា បានចូលទៅបញ្ចេញមតិ (ខម្មិន) ថា “ខ្ញុំគោរពនិងឱ្យតម្លៃវីរសិល្បករខ្លាំងណាស់ តែនៅពេលឃើញបងស្រី សុខ ស្រីមុំ ប្រមាថព្រះចេស្តាព្រះអង្គ និងសម្តេចម៉ែ ខ្ញុំពិតជាទទួលយកមិនបាន នៅពេលដែលបងស្រីធ្វើទង្វើបែបនេះ…”។

ពិធីការិនីកញ្ញាឌួង ហ្សូរីដា

ដោយឡែក អ្នកសិល្បៈល្បីឈ្មោះមួយរូបទៀត ដែលបច្ចុប្បន្នជាម្ចាស់ហាងកាត់ដេរ ហាងកាហ្វេ និងហាងរក្សាសម្រស់ ឌួង ហ្សូរីដា បានបញ្ចេញប្រតិកម្ម ជាសំណេរ និងរូបភាព ផ្ញើជូនទៅអ្នកស្រីសុខ ស្រីមុំ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា “សុំផ្ញើរជូន ទៅអ្នកមីង “សុខ ស្រីមុំ” ដែលជាអតីតតារាសម្តែងរបស់កម្ពុជា ផង..! បើមីង មិនបានជួយអ្វីមួយកាក់មួយសេន ដល់ប្រជាជនខ្មែរទេ សូមមីងកុំមកប្រមាថចេស្តាព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ជាទីគោរពដ៍ខ្ពង់ខ្ពស់ របស់ប្រជាជនខ្មែរ ទាំងអស់គ្នា ទោះបីលោកមិនអាចយកអំណោយទៅចែកជូនប្រជាជនផ្ទាល់ ប៉ុន្តែសូមបើកភ្នែកមើលឱ្យច្បាស់ថា ទាំងនេះព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ចែកជូនកូនចៅប្រជារាស្ត្រ កម្ពុជា នៅខេត្តឧត្តរមានជ័យ មុនថ្ងៃ៣០ កក្កដា ២០២៥ មកម៉្លេះ ក្នុងនោះក៏នៅមានព្រះរាជូបត្ថម្ភជូនដល់ស្ថាប័នផ្សេងៗ ក្នុងបុព្វហេតុបារម្ភពីសុខទុក្ខកូនចៅគ្រប់ពេល…”។

ឌួង ហ្សូរីដា បានបន្តថា “ផ្តាំទៅអ្នកប្រឆាំងផ្កាប់មុខទាំងអស់ផង..! កុំពូកែតែខាងចាប់កំហុសខ្មែរគ្នាឯង ទាំងដែលខ្លួនឯងមិនបានជួយអ្វីបន្តិចសោះ ដល់ប្រជាជាតិ មាតុភូមិ..! បើពូកែណាស់ សូមផ្តល់ជំនួយដូចជាស្បៀង អាវក្រោះ ថវិកា មកក៏បាន យកមកជូនបងប្អូនភៀសសឹក ពូៗវីរកងទ័ព ឱ្យស្រុះគ្នាដូចប្រជារាស្ត្រសាមញ្ញធម្មតា សូម្បីតែលោកតា លោកយាយ ជាអ្នកសុំទាន រស់មួយថ្ងៃ ដើម្បីមួយថ្ងៃ ក៏គាត់មានទឹកចិត្តយកលុយដែលសុំគេបាន មកចូលរួមជួយកងទ័ពដែរ ចុះពួកអ្នកឯងវិញ ជួយអ្វីបានខ្លះហើយ ក្រៅពីស្រែកជំទាលពីក្រៅប្រទេស ឱ្យ អន្តរជាតិឃើញតែភាពអវិជ្ជមានរបស់ជាតិសាសន៍ខ្លួនឯងនោះ? ឈប់បានឈប់ទៅ ពូមីងជ្រុលនិយមទាំង ឡាយ! រូបភាពបានពីពូនាងខ្ញុំផ្ទាល់ ដែលជាប្រជាជននៅខេត្តឧត្តរមានជ័យ..!”៕

RELATED ARTICLES