បុរសមានជំងឺសរសៃប្រសាទម្នាក់ ឈ្លោះប្រកែកជាមួយប្រពន្ធបានផ្តួលម៉ូតូចាក់សាំងដុតផ្ទះឆេះសន្ធោសន្ធៅហើយទាញប្រពន្ធរុញចូលភ្នក់ភ្លើងបណ្តាលឲ្យឆេះរលេះរលួយស្បែកពេញខ្លួនប្រាណរហូតស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១០នាទីទាបភ្លឺថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅផ្ទះតាមផ្លូវបេតុង ប្លុកសំបុកចាបក្បែរស្ពានដែក ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សឹម សុថាវី អាយុ២៨ឆ្នាំ មុខរបរលក់ដូរក្នុងសាលារៀនភូមិ៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានទីលំនៅភូមិកើតហេតុខាងលើ មានប្តីឈ្មោះ អ៊ុជ ធួនវីរៈ អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិផ្ទះលេខ៩៦ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យបានកូនស្រីម្នាក់ឈ្មោះវិរ: ពេជ្រ រូហ្សា អាយុ៦ឆ្នាំ ។
តាមសម្ដីរបស់បងប្អូនជនរងគ្រោះបានអោយដឹងថា ពីនាក់ប្តីប្រពន្ធខាងលើនេះបានរៀបការជាមួយគ្នាបានរយៈពេល៧ឆ្នាំមកហើយ បង្កើតបានកូនស្រីម្នាក់អាយុ៦ឆ្នាំ បច្ចុប្បន្នរស់ នៅជាមួយឪពុកម្តាយខាងប្រពន្ធនៅក្នុងផ្ទះធ្វើពីឈើលើថ្មក្រោមមានទំហំ១៥ម៉ែត្រគុណ១៧ម៉ែត្រ ។ គ្រួសាររបស់គេទាំងពីរនាក់តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ណាស់ ដោយសារតែប្តីជាមនុស្សត្រចៀកសចិត្តស្រាលឆាប់ជឿគេពេក និងមានជម្ងឺសរសៃប្រសាទ ប្រចាំកាយផងដែរលេបថ្នាំរាល់ថ្ងៃ កន្លងមកជិតមួយខែមកនេះប្តីប្រពន្ធពួកគេបានឈ្លោះប្រកែកគ្នារហូតមក ហើយបុរសប្តី្តបានទៅរស់នៅផ្ទះម្ដាយរបស់គេទើបនឹងត្រឡប់មករស់ នៅជាមួយប្រពន្ធវិញបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ ។
ប្រភពដដែលបន្តទៀតថា ប្តីប្រពន្ធនេះបានរៀបចំគម្រោងនាំគ្នាទៅរកស៊ីលក់ដូរនៅខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៦ ខែមិនានេះ ដោយស្រ្តីរងគ្រោះជាប្រពន្ធបានរៀបចំបង្វេចខោអាវរួច រាល់អស់ហើយ ស្រាប់តែនៅយប់កើតហេតុមិនដឹងជាមានរឿងអីឮសូរសម្លេងឈ្លោះប្រកែកគ្នា និងបានលឺសំឡេងស្រែក តែពេលពួកគាត់ស្មានថា កូនរបស់គាត់ដេកមមើល លុះបន្តិចក្រោយមក ក៍ស្រាប់តែលឺសំឡេងដួលម៉ូតូគ្រាំងហើយឆាបឆេះចេញជាអណ្តាត។
ភ្លើងសន្ធោសន្ធៅនៅក្នុងផ្ទះជាន់ក្រោម ដែលជាកន្លែងរបស់ជនរងគ្រោះដេកដេក ពេលនោះស្ថានភាពនៅក្នុងផ្ទះ ហាក់បីដូចជារញ៉េរញ៉ៃ ព្រោះអីបន្ទប់ដែលឆេះ គឺជាប់សោពីខាងក្នុង ស្របពេលនោះដែលប្តីរបស់ប្អូនគាត់ បានវាយកញ្ចក់បង្អួច បាននាំកូនស្រីចេញមកក្រៅរួចផុតពីអណ្តាតភ្លើង ហើយបុរសជាប្តីបានរត់គេខ្លួនបាត់ ដោយបន្សល់អោយប្រពន្ធត្រូវភ្លើងឆាបឆេះរោលពេញខ្លួន ទំរាំតែបានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែង បាននាំគ្នាវាយបំបែកកញ្ចក់ទ្វារចូលទៅបាញ់ទឹកពន្លត់ ទើបអាចយកជនរងគ្រោះចេញពីក្នុងផ្ទះបានត្រូវអណ្តាតភ្លើងឆាបឆេះខោអាវអស់រលីងនិងឆេះរលេះរលួយស្បែកក្រហម ច្រាលពីត្រឹមកចុះមកដល់ចុងជើង ព្រមទាំងឆេះមុង ភួយ ពូក និងបង្វេចខោអាវផងដែរ ។
បើតាមសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងទៀតថា តាមសម្តីរបស់កូនស្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយរបស់គេឈ្លោះប្រកែកគ្នារួចហើយស្រាប់តែ ឪពុកបានច្របាច់កម្តាយរបស់គេរួចផ្តួលម៉ូតូបង្ហូរសាំងដុតម៉ូតូឆាបឆេះហើយបានរុញម្តាយ របស់គេចូលក្នុងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅរួចវាយកញ្ចក់ទ្វារដែលចាក់សោពីខាងក្នុងនោះរត់ចេញមកក្រៅផ្ទះ ។
ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់ជនរងគ្រោះបានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចហៅរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ។ ភ្លាមៗនោះលោក វឿក សាមឿន ចៅសង្កាត់ដង្កោ បានចុះទៅ សួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យព្រះកុសុមៈនិងបានផ្តល់ថវិកាចំនួន១០០ដុល្លារ សម្រាប់ព្យាបាលផងដែរ ។
ដោយឡែកជនរងគ្រោះកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ សមត្ថកិច្ចមិនទាន់ សាកសួរមូលហេតុដែលឈានដល់ការដុតសម្លាប់ពីជនរងគ្រោះបាននៅឡើយទេ ។ បើតាមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈបានឲ្យដឹងថា ស្ថានភាពជនរងគ្រោះធ្ងន់ គឺកម្រិតរលាកដំណាក់កាលទីពីរ ។
បុរសជាប្តីបន្ទាប់ពីដុតប្រពន្ធសម្លាប់ហើយបានជិះម៉ូតូឌុបរត់គេចទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុន្នីវង្សថ្មីនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី០៦ ខែ មិនា ឆ្នាំ២០១៧នៅ ចំណុចទន្លេបាសាក់ ក្រុម៨ ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីនគរបាលសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅបានប្រាប់ថា មុនកើតហេតុមានប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់ថាគាត់មើលពីលើស្ពានព្រះមុន្នីវង្សថ្មីថាឃើញសពបុរសម្នាក់អណ្ដែតទឹកហើយក៏ប្រញាប់អោយកម្លាំងចុះទៅមើលឃើញអណ្ដែតមកដល់ច្រាំងជ្រោយបាសាក់ ស្រាប់តែឃើញបុរសដែលអណ្ដែតទឹកនោះមិនបានស្លាប់ទេទើប ប្រជាពលរដ្ឋជួយលើដាក់លើគោកឃើញមានស្នាមរបួសដោយរលាកភ្លើងនៅនិងដៃនិងជើងថ្ងាសបានហៅរ៉ឺម៉កម៉ូតូយកទៅមន្ទីរពេទ្យបង្អែកមានជ័យដើម្បីសង្រ្គោះចាំសាកសួរនាំបន្ត។សមត្ថកិច្ចបន្តទៀតថាក្រោយពីការសង្រ្គោះបានដឹងខ្លួនស្រួលហើយក៏សួរនាំបុរសរងគ្រោះថាមូលហេតុអ្វីបានលោតទឹកសម្លាប់ខ្លួនបែបនេះទើបដឹងថារូបគាត់ខឹងប្រពន្ធយកសាំងចាក់ដុតប្រពន្ធ កូន និងដុតខ្លួនឯងដោយសម្លាប់ខ្លួនទាំងគ្រួសារ តែត្រូវមានអ្នកជិតខាងជួយទាន់ ធ្វើឲ្យរូបគាត់របួសដែរក៏បានជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួនឯង ប៉ុន្តែពេលមកដល់គល់ស្ពានស្ទះចរាចរណ៍ខ្លាំងពេកក៏ចុះពីម៉ូតូដើរឡើងពាក់កណ្ដាលស្ពានព្រះមុន្នីវង្សថ្មីហើយលោតចុះទៅក្នុងទឹកហើយក្នុងខ្លួនមានអារម្មណ៍ក្ដៅពីខ្លួនផងបានបណ្ដែតខ្លួនលើផ្ទៃទឹករហូតសន្លប់ ពេលដឹងខ្លួនវិញដល់មន្ទីរពេទ្យតែម្ដង ។
បន្ទាប់ពីគ្រូពេទ្យរុំរបួសរួចហើយជនបង្កត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោនាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោចាត់ការតាមច្បាប់ ។
បន្ទាប់ពីមានករណីប្តីបានចាក់ដុតផ្ទះសំលាប់ប្រពន្ធកើតឡើងរហូតដល់រយៈពេល៦ថ្ងៃ ហើយស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យដោយបន្សល់ទុកកូនស្រីអាយុ៧ឆ្នាំម្នាក់អោយនៅកំ្រពា ពីព្រោះដោយសារស្ត្រីរងគ្រោះ មានរបួសធ្ងន់ធ្ងរពេក បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ នៅក្នងមន្ទីរពេទ្យ ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ។
បើតាមសំដីបងប្អូនស្ត្រីរងគ្រោះបានរៀបរាប់ទាំងអួលដើមកថា តាំងពីប្អូនរបស់គាត់ត្រូវបានប្តីកំណាចឃោរឃៅបានចាក់ដុតផ្ទះប៉ងសំលាប់រួចហើយប្អូនស្រីរបស់គាត់បានរងនៅរបស់រលាក់ភ្លើងធ្ងន់ត្រូវបានឡានពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈហៅពេទ្យលោកសង្ឃ ហើយការព្យាបាលជំងឺអស់រយៈពេលច្រើនថ្ងៃ ចាប់ពីថ្ងៃកើតហេតុមក ស្ថានភាពរបស់ប្អូនរបស់គាត់ចេះតែធ្ងន់ទៅៗ រហូតដល់ម៉ោងជិត៤ភ្លឺ គឺប្អូនស្រីរបស់គាត់ បានសំដេកមួយភ្លេត ក៍ស្រាប់តែបាត់មាត់បាត់កររហូតទៅ ហើយពួកគាត់បានរត់ ទៅប្រាប់គ្រូពេទ្យលុះដល់គ្រូពេទ្យមកដល់ បានប្រាប់ថាប្អូនរបស់គាត់ ដែលជានារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា នៅពេលពេលដែលគ្រូពេទ្យប្រាប់ថាអស់សង្ឃឹមហើយ ពួកគាត់ក៏ផ្ដល់ដំណឹងទៅដល់បងប្អូនសាច់ញាតិជិតឆ្ងាយអោយដឹង រួចហើយក៍បានយកសពជនរងគ្រោះទៅតម្កល់និងធ្វើបុណ្យនៅវត្តសំបួរមាស ។ ដោយឡែកបុរសជាប្តីវិញត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការតាមច្បាប់ ។ អ្វីគួរឲ្យសង្វេគនោះ គឺកូនស្រីដែរមានអាយុទើបតែ៧ឆ្នាំ ត្រូវបាននៅកំព្រា ព្រោះម្ដាយត្រូវស្លាប់ ចំណែកឯឪពុកត្រូវជាប់ ពន្ធនាគារទៀត ៕