ភ្នំពេញ ៖ មាស សុខសោភា បាននាំប្ដីថ្មី លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ដើរកម្សាន្ដនៅខេត្តសៀមរាប និងបង្ហួសទៅភ្នំត្បែង ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយទាំងសោភា និងលោកតាសក់សភ្នំត្បែង សុទ្ធតែបង្ហាញអារម្មណ៍រីករាយ ហើយពួកគេបានពាក់មួក និងខ្សែកគូស្នេហ៍ ដូចគ្នាតែម្ដង ។ Fan ខ្លះបានជូនពរឲ្យសោភា មានក្ដីសុខ កុំខ្វល់សំដីអ្នកដទៃ ព្រោះ១០ឆ្នាំ មិនមានច្រើនដង ខណៈមួយចំនួនទៀតនៅតែឌឺដងផ្លែផ្កាឲ្យសោភា ដោយហៅនាងថា «លោកយាយសក់ក្រហមភ្នំត្បែង» ទៀតផង ។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រខ្លះទៀត បែរជាជំរុញផង លើកទឹកចិត្តផង ឲ្យសោភា មានកូនភ្លោះ ៣នាក់ ជាមួយលោកតាសក់សភ្នំត្បែង ។

គណនីហ្វេសប៊ុក ឈ្មោះ Falada Po ខម្មិនពីក្រោមវីដេអូមាស សុខសោភា បណ្ដើរប្ដីថ្មីដើរលេងថា «ជូនពរIdol ឲ្យបានកូនភ្លោះ៣»។ គណនីហ្វេសប៊ុក ឈ្មោះ Thuon Yc ខម្មិនថា «ជូនពរ Idol មានកូនឆាប់ៗ» ។

គេកត់សម្គាល់ថា មុនមាស សុខសោភា នាំស្វាមីថ្មី លោកតាសក់សភ្នំត្បែង ដើរកម្សាន្ដតាមជើងភ្នំ យ៉ាងរ៉ូមែនទិក ដោយជិះរថយន្ដផង ឡូរីផង មើលទេសភាពរួមគ្នានោះ សុខសោភា បានពន្លះអតីតប្ដី លោកអ៊ិត រ៉ាដា អាណិកជនខ្មែរ មកពីកាណាដា ថាជាប្រុសប្រឡាំងកាស រស់ដោយសារតែនាង ១០ឆ្នាំមកហើយ អត់ធ្វើការអី ដេកតែចាយលុយនាង។ចំណែកកាលពីចុងខែសីហា សោភា ថែមទាំងព្រមាន Fan របស់នាងខ្លះ ដែលដៀលលោកតាសក់សភ្នំត្បែងនោះ ថាមិនសមជាអ្នកគាំទ្រនាង ព្រោះពេលនេះលោកតា ជាស្វាមីនាងហើយ។ នាងប្រាប់ហេតុផលទាក់ទងការជ្រើសរើសលោកពេជ្រ សង្វារវង្ស ជាប្ដីនោះថាដោយសារតែនាងជាអ្នកធ្វើសមាធិធម៌ អ៊ីចឹងអ្នកធម៌អាថ៌ គេរកចិត្តដូចគ្នាអ៊ីចឹងហើយ។

ជុំវិញការជំរុញពី Fan ឲ្យមាស សុខសោភា ពពោះដំបូងជាតំណក់ឈាមតាសក់សភ្នំត្បែង ជាកូនភ្លោះ៣ នេះ នៅមិនទាន់មានការឆ្លើយតបពីសុខសោភា ទេ ប៉ុន្ដែតាមព័តមានថានាងចង់បានកូន ជាច្រើនឆ្នាំមកហើយ ខណៈដែលការបង្កើតកូនភ្លោះ គឺជាបំណងធំរបស់នាង ព្រោះនាងមិនចង់ពពោះច្រើនដង ដោយសារតែខ្លាចខាតពេលរកលុយ ប៉ះពាល់ដល់អាជីពចម្រៀង អីចឹងបើបានម្ដង៣ ដូចអ្នកគាំទ្រជូនពរ គេជឿថា សោភា ប្រាកដជាពេញចិត្ត។ ប៉ុន្ដែទាក់ទងដល់យុវជនម្នាក់ ឈ្មោះ Bovee Hundley កំពុងសិក្សានៅអាមេរិក ដែលសោភា តែងតែអះអាងថា ជាកូននាងនោះ ពេលនេះស្ងប់ស្ងាត់ទៅវិញ ក្រោយពីនាងបានចែកផ្លូវជាមួយអតីតប្ដី លោកអ៊ិត រ៉ាដា តាំងពីខែឧសភា ឆ្នាំ២០២៥ ។ ប្រភពខ្លះថា Bovee Hundley ជាក្មួយរបស់សុខសោភា តែដោយសារនាងស្រលាញ់ក្មួយខ្លាំងពេក ទើបហៅថា កូន ហើយពេលនោះសោភា អះអាងច្បាស់ៗថា យុវជនរូបនោះ គឺជាកូនរបស់នាង។ ប៉ុន្ដែពេលនេះ នាងលែងនិយាយរឿងកូនប្រុសទៀតហើយ អំឡុងពេលចែកផ្លូវជាមួយអតីតប្ដី អ៊ិត រ៉ាដា និងកំពុងផ្អែមល្ហែមស្នេហ៍តាសក់សភ្នំត្បែង ។

គួររំលឹកថា មាស សុខសោភា បានចាប់ដៃលោកអ៊ិត រ៉ាដា ជិត១៨ឆ្នាំ (២០០៧-២០២៥) ដែលកន្លងមក លោករ៉ាដា ជាអ្នកបើករថយន្ដជូននាងទៅច្រៀង និងជាអ្នកចាក់ភ្លេង រៀបចំសម្លៀកបំពាក់ឲ្យនាងឡើងឆាកផងដែរ ។ ប៉ុន្ដែសុខសោភា បែជាថា ប្ដីនាងអត់បានការ មិនដែលផ្ដល់ក្ដីសុខ និងរស់ដោយសាតែចាយលុយនាងប្រឹងរកទៅវិញ។

មជ្ឈដ្ឋានមហាជន សង្កេតឃើញថា មាស សុខសោភា អំឡុងកំពុងតែស្អិតល្មូតជាមួយលោកតាសក់សភ្នំត្បែងនេះ អាជីពចម្រៀងរបស់នាង លែងទៅមុខហើយ ព្រោះគ្មានបទថ្មី ដោយសារតែនាងផ្ដោតលើការសមាធិជា មួយប្ដី ច្រើនជាងធ្វើបទចម្រៀងថ្មី ។ ចំណែក Fan ខ្លះដែលមិនពេញចិត្តសោភា លែងប្ដី យកតាសក់សភ្នំត្បែង ហើយថែមទាំងអះអាងថា នាងល្បីដោយសារសំឡេងខ្លួនឯង មិនមែនដោយសារហ្វែនក្លែងក្លាយនោះ ពួកគេព្រមានធ្វើពហិការបទចម្រៀងរបស់នាងតែម្ដង ហេតុនេះហើយ ធ្វើឲ្យអាជីពចម្រៀងសោភា ស្ថិតក្នុងដំណាក់ កាលមិនច្បាស់លាស់៕


