ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានចូលទៅឆក់ខ្សែកកុមារាម្នាក់ដែលកំពុងអង្គុយលេងក្នុងផ្ទះបានសំរេចតែត្រូវម្ដាយឃើញទាន់ស្រែកចោរៗដេញតាមទាន់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០៥នាទីល្ងាចថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចផ្ទះលេខ២១១ ផ្លូវលេខ៩A ភូមិចុងថ្នល់ខាងលិច ក្រុម១០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
កុមារារងគ្រោះមានឈ្មោះ តាំង គឹមហេង ភេទប្រុស អាយុដប់មួយខែ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពពត៌មានពីម្ដាយកុមារារងគ្រោះមានឈ្មោះ ឆាយ សុវណ្ណារ៉េត អាយុ៣១ឆ្នាំ មុខរបរកាត់សំលៀកបំពាក់នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានអោយដឹងថាមុនពេលកើតហេតុរូបគាត់កំពុងតែអង្គុយឈ្ងោកដេរសំលៀកបំពាក់ហើយគាត់បានដេញអោយកូនរបស់គាត់ទៅមុជទឹកដោយមិនបានចាប់អារម្មណ៍ស្រាប់តែមានជនសង្ស័យម្នាក់បានដើរចូលតាមច្រកតូបចាបហួយដែលនៅជាប់ផ្ទះគាត់ហើយបានធ្វើសកម្មភាពឆក់ខ្សែកប្លាកទីនទម្ងន់២ជីបានសំរេចហើយដើរចេញតាមច្រកដដែល ខណៈពេលនោះដែលកុមារាជាជនរងគ្រោះបានស្រែកយំយ៉ាងខ្លាំងទើបម្ដាយរបស់គាត់រត់ទៅមើលហើយក៍ចាប់អារម្មណ៍ខ្សែករបស់កូនគាត់ដែលពាក់និងកត្រូវបានបាត់ហើយគាត់ក៍បានរត់ចេញទៅក្រៅផ្ទះឃើញជនសង្ស័យខាងលើដែលទើបតែដើរចេញពីផ្ទះរបស់គាត់នោះហើយបានស្រែកថាចោរៗដោយរត់ពរកូនដេញតាមពីក្រោយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះជួយស្ទាក់ចាប់បានហើយបានស្វាគមន៍ម្នាក់មួយដៃមួយជើងរហូតទ្រោមខ្លួន ទើបបានប្រជាជនទាក់ទងទៅកាន់សមត្ថកិច្ចអោយហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យព្រះកុសមះមកដឹកជនសង្ស័យយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើមានឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសំណង់ ស្នាក់នៅក្នុងការដ្ឋានម្ដុំបឹងបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតភូមិត្រលាប់ ស្រុកគិរីវង់ ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែសំរាកព្យាបាលក្នុងមន្ទីរពេទ្យព្រះកុសមះនៅឡើយទេ ៕ សោល វណ្ណៈ