ភ្នំពេញ ៖ កញ្ញា កុយ អេនណា អតីត Miss Grand Cambodia 2023 លំដាប់រងទី១ បានរៀបចំដំណើរថ្មើរជើងជាលើកដំបូងរបស់ខ្លួន ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និងដើម្បីផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ផងដែរ។

កញ្ញា កុយ អេណា បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “សួស្តីអ្នកទាំងអស់គ្នា! ក៏ដូចជាហ្វេនៗជាទីស្រលាញ់! ថ្ងៃនេះដែរ នាងខ្ញុំ អេនណា មានដំណឹងចង់ជម្រាបជូនទៅដល់ពុកម៉ែ បងប្អូនទាំង អស់គ្នាថា នាងខ្ញុំនឹងធ្វើដំណើរថ្មើរជើង ពីភ្នំពេញ ទៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយនៅ ក្នុងគោលបំណងនោះ គឺពួកយើង នឹងធ្វើការរៃអង្គាសថវិកា ដើម្បីជួយទៅដល់កុមារ ក៏ដូចជាជនពិការ នៅក្នុងមណ្ឌលផងដែរ ហើយនាងខ្ញុំក៏នឹងភ្ជាប់ជាមួយទេសចរណ៍ នៅក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប នៅក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍យើង ពីខេត្តមួយ ទៅខេត្តមួយផងដែរ។ ដូច្នេះហើយ សម្រាប់មូលនិធិ និងថវិកា សម្រាប់សប្បុរសជនដែលគាត់ចង់ចូលរួម ចូលជាចំណែកតូចមួយ ក៏ដូចជាតិចក្តី ច្រើនក្តី ទៅតាមពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលបានចង់ចូលរួម នាងខ្ញុំនឹងដាក់ QR នាងខ្ញុំ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ហើយរហូតទៅដល់ នាងខ្ញុំបានបញ្ចប់បេសកកម្មរបស់នាងខ្ញុំ ដែលធ្វើដំណើរទៅកាន់ខេត្តសៀមរាប»។

កញ្ញា កុយ អេនណា បន្តថា «ហើយជាចុងក្រោយ នាងខ្ញុំក៏ចង់ជម្រាបជូនទៅដល់ពុកម៉ែ បងប្អូន ចំពោះបណ្តាក្រុមហ៊ុនដែលគាត់ចង់ចូលរួមគាំទ្រ នៅក្នុងការសហការ នៅក្នុងការដើរពីភ្នំពេញ ទៅសៀមរាប ពុកម៉ែ បងប្អូន អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទខាងក្រោម ដែលជាអ្នកចាត់ការទូទៅរបស់នាងខ្ញុំផ្ទាល់ ពុកម៉ែ បងប្អូន អាចទំនាក់ទំនងបាន ហើយនាងខ្ញុំបើកទទួលស្ពន់ស័រទាំងអស់ សម្រាប់ពុកម៉ែ បងប្អូនដែលគាត់ចង់ចូលរួមសហការជាមួយយើងផងដែរ ហើយនាងខ្ញុំទទួលដោយស្ម័គ្រចិត្ត មិនថាជាថវិកា ឬក៏របស់ប្រើប្រាស់មួយចំនួន មិនថាទីកន្លែងស្នាក់នៅ អាហារដ្ឋានផ្សេងៗ ដែលពុកម៉ែ បងប្អូន ចូលរួមគាំទ្រនាងខ្ញុំ នាងខ្ញុំទទួលដោយដៃដប់ និងរីករាយជានិច្ច ស្វាគមន៍ជានិច្ចតែម្តង»។

កញ្ញា កុយ អេនណា បន្តទៀតថា «ហើយហ្វេនៗទាំងអស់គ្នា ក៏អាចតាមដាននាងខ្ញុំ នៅក្នុងផេក នាងខ្ញុំនឹងអាប់ដេតជាទូទៅតែម្តង គឺរាល់សកម្មភាពរបស់នាងខ្ញុំ ក៏ដូចជាបើសិនជាពុកម៉ែ បងប្អូនដែលគាត់អត់ដែលបានជួបខ្ញុំ គាត់ចង់ជួបខ្ញុំនៅខាងក្រៅ គឺអាច Join នៅក្នុង Channel របស់នាងខ្ញុំផ្ទាល់ ហើយនាងខ្ញុំ នឹង Share Location តាមផ្លូវ ដើម្បីពុកម៉ែ បងប្អូន បានតាមដាន ក៏ដូចជាដឹងពីដំណើររបស់នាងខ្ញុំ ថាទៅដល់ណា? អរ គុណពុកម៉ែបងប្អូន សម្រាប់ការស្រលាញ់និងគាំទ្រ! ជួបគ្នានៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងការធ្វើដំណើរដោយថ្មើរជើងទៅខេត្តសៀមរាប…”។
ជាមួយគ្នានេះ កញ្ញា កុយ អេនណា ក៏បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្តីពីកម្មវិធីថ្មើរជើងរបស់នាង ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នេះដែរថា «Mission Challenge : ដំណើរថ្មើរជើងលើក ដំបូងរបស់នាងខ្ញុំ ទៅកាន់ខេត្តសៀមរាប
គោលបំណង ៖ រៃអង្គាសថវិកាសប្បុរសធម៌ ដើម្បីជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា ផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប។

ការប្រមូលថវិកា ៖ សប្បុរសជនទាំងអស់ អាចចូលរួមគាំទ្រក្នុងគម្រោងរបស់នាងខ្ញុំបាន តាមរយៈការស្កេនថវិកាសប្បុរសធម៌ (តាមទឹកចិត្ត) ទៅ QR Code គណនីធនាគារវឌ្ឍនៈ ឈ្មោះ កុយ អេនណា (លេខគណនី ៖ 002 325 184) ចាប់ពីថ្ងៃដែលនាងខ្ញុំចេញដំណើរពីថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃបញ្ចប់គោលដៅនៅខេត្តសៀមរាប។
បើកទទួលការសហការឧបត្ថម្ភ ៖ ចំពោះបណ្តាក្រុមហ៊ុនដែលមានបំណងចង់ចូលរួមគាំទ្រនៅក្នុងបេសកកម្មរបស់នាងខ្ញុំ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ ទៅកាន់អ្នកចាត់ការទូទៅរបស់នាងខ្ញុំ លេខទូរស័ព្ទ 010 448 926 (តេឡេក្រាម)។

នាងខ្ញុំទទួលដោយស្ម័គ្រចិត្ត មិនថាថវិកាឧបត្ថម្ភ ឬជាកន្លែងស្នាក់នៅ អាហារដ្ឋាន (នៅតាមទីតាំងគោលដៅដែលនាងខ្ញុំនឹងត្រូវសម្រាក រហូតដល់ខេត្តសៀមរាប) សម្ភារៈជំនួយដល់ការធ្វើដំណើរ៘
នាងខ្ញុំសូមធ្វើការគោរពអរគុណយ៉ាងអស់ពីចិត្ត ចំពោះការគាំទ្ររបស់អ្នកគ្រប់គ្នា!!»៕