Wednesday, September 3, 2025
Homeនយោបាយមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ថាស៊ុយអែត លក់អាវុធឲ្យថៃ ស្មើចូលដៃឈ្លានពានកម្ពុជា

មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ថាស៊ុយអែត លក់អាវុធឲ្យថៃ ស្មើចូលដៃឈ្លានពានកម្ពុជា

ភ្នំពេញ ៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានផ្ញើលិខិតចំហ ជូនរដ្ឋាភិបាលប្រទេសស៊ុយអែត ដែលថ្មីៗនេះ បានសម្រេចលក់អាវុធទៅឲ្យថៃ ទាំងដែលបានដឹងថា ថៃ កំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ហើយថ្មីៗនេះទាហានថៃ បានបង្កសង្គ្រាមឈ្លានពានកម្ពុជា ដែលទង្វើរបស់ស៊ុតអែតនេះ ស្មើនឹងចូលដៃជាមួយថៃ ។ 

 លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ថា “ខ្ញុំបានផ្ញើអ៊ីមែល ទៅស្ថានទូត ក្រសួងការបរទេស និងការិយាល័យនាយករដ្ឋមន្ត្រីស៊ុយអែដ នូវសារខាងលើ។ ទោះបីប្រទេសមួយនេះ មិនអើពើក៏ដោយចុះ ខ្ញុំផ្ញើសារនេះ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម និងអំពើឈ្លានពានរបស់បរទេសដោយប្រើកម្លាំងបាយនិងច្បាប់ព្រៃ។ ខ្ញុំមិនតំណាងឱ្យរដ្ឋាភិបាលទេ ដ្បិតរដ្ឋាភិបាលយើង មិន បានហាមឃាត់ប្រទេសណាលក់អាវុធឱ្យប្រទេសណាទេ ព្រោះវាជាសិទ្ធិរបស់ប្រទេសទាំងនោះ ប៉ុន្តែកុំឱ្យតែអាវុធនោះ យកមកប្រើដើម្បីឈ្លានពានកម្ពុជា“ ។

លិខិតចំហ របស់លោកបណ្ឌិត គិន ភា ដែលផ្ញើទៅកាន់រដ្ឋាភិបាល នៃព្រះរាជាណាចក្រស៊ុយអែត ស្ដីពីការបញ្ឈប់ការលក់យន្តហោះចម្បាំងស៊ុយអែត ទៅរដ្ឋាភិបាលមួយដែលរំលោភសិទ្ធិមនុស្ស បានជម្រាបជូនចំពោះនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលនៃប្រទេសស៊ុយអែត ព្រមទាំងសភាស៊ុយអែត ក្រសួងការបរទេស និងសង្គមស៊ីវិលស៊ុយអែត ថា “យើងជាប្រជាជនកម្ពុជា និងអ្នកការពារសន្តិភាព និងយុត្តិធម៌ សូមសម្តែងការព្រួយបារម្ភជាខ្លាំងរបស់យើង និងការប្រឆាំងយ៉ាងខ្លាំងចំពោះសំណើលក់យន្តហោះចម្បាំង Gripen ដែលផលិតដោយស៊ុយអែត ទៅឱ្យកងទ័ពអាកាសថៃ“ ។

បន្ថែមលើលិខិតចំហ ខាងលើនេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ថា អ្វីដែលប្រទេសស៊ុយអែត កំពុងធ្វើនៅពេលនេះ គឺមានន័យថា កំពុងតែរួមចំណែកប្រកបដោយគ្រោះថ្នាក់មួយ នៅក្នុងសកម្មភាពនៃការរំលោភឈ្លានពានរបស់រដ្ឋមួយ មកលើរដ្ឋអធិបតេយ្យមួយទៀត ហើយរំលោភទៅលើសិទ្ធិរស់រានមានជីវិត សិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ និងបំផ្លាញបេតិកភណ្ឌពិភពលោក ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំយល់ឃើញថា ប្រសិនបើប្រទេសស៊ុយអែត លក់អាវុធទៅឲ្យប្រទេសថៃ ដែលអាវុធទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីឈ្លានពានប្រទេសខ្មែរ ដែលជារដ្ឋអធិបតេយ្យ ហើយបំផ្លាញលំនៅឋានប្រជាជនស៊ីវិល ក៏ដូចជាបេតិកភណ្ឌពិភពលោក នេះគឺជាការបំផ្លាញនូវមុខមាត់ កេរ្តិ៍ឈ្មោះរបស់ប្រទេសស៊ុយអែត ដែលធ្លាប់តែមានការទទួលស្គាល់ ដោយសារតែសកម្មភាពឬក៏តួនាទីក្នុងការលើកតម្កើងតម្លៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោក ហើយបើសិនជាការធ្វើបែបហ្នឹង មានន័យថា ប្រទេសស៊ុយអែត កំពុងតែផ្ដល់តម្លៃទៅលើលុយ ជាជាងតម្លៃមនុស្សជាតិ ជាជាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយវាជាការបំផ្លាញនូវមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះរបស់ស៊ុយអែត ដែលបានសាងមករាប់សិបឆ្នាំកន្លងមកនេះ“ ។

 លោកបណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា “នៅក្នុងលិខិតចំហនោះ អ្វីដែលសំខាន់ គឺយើងបានសំណូមពរឲ្យប្រទេសស៊ុយអែត ពិចារណាលុបចោលនូវការលក់អាវុធរបស់ខ្លួនហ្នឹង ទៅឲ្យប្រទេសថៃ ដោយ សារដូចខ្ញុំបានបញ្ជាក់អ៊ីចឹង ប្រសិនបើការធ្វើបែបនេះ គឺវាជាការបំផ្លាញនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង ដែលជាប្រទេសដែលមានជើងឯកខាងប្រជាធិបតេយ្យ ខាងសិទ្ធិមនុស្សនោះ ។ អ៊ីចឹងទង្វើហ្នឹង គឺវាផ្ទុយទៅនឹងគោលការណ៍និងស្មារតីរបស់ប្រទេសស៊ុយអែត ដែលមានកន្លងមក ហើយរឿងមួយដែលខ្ញុំសុំនិយាយក្រៅពីលិខិតរបស់ខ្ញុំហ្នឹង គឺមានន័យថា កន្លងមក ស៊ុយអែត ក៏ធ្លាប់បានបង្ហាញនូវការបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស ហើយស៊ុយអែត ហ្នឹងឯង ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការដក EBA ២០% របស់ EU ពីកម្ពុជា ដោយសំអាងហេតុទៅលើកង្វល់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ ដូច្នេះអ្វីដែលខ្លួនធ្វើនៅពេលនេះ គឺមានន័យថា កំពុងតែរួមចំណែកប្រកបដោយគ្រោះថ្នាក់មួយ នៅក្នុងសកម្មភាពនៃការរំលោភឈ្លានពានរបស់រដ្ឋមួយ មកលើរដ្ឋអធិបតេយ្យមួយទៀត ហើយរំលោភទៅលើសិទ្ធិរស់រានមានជីវិត សិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ និងបំផ្លាញបេតិកភណ្ឌពិភពលោក“ ។

ជុំវិញការផ្ញើលិខិតចំហ របស់លោកបណ្ឌិត គិន ភា ខាងលើនេះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ថា បើសិនជាកម្ពុជា ប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រឿងរំលោភអធិបតេយ្យកម្ពុជា តាំងពីយូរនោះ ប្រហែលជាប្រទេសស៊ុយអែត មិនធ្វើកិច្ចព្រមព្រៀងលក់អាវុធឲ្យថៃ ទេ ហើយការដែលស៊ុយអែត ព្រមព្រៀងលក់អាវុធឲ្យថៃ នេះ ជាការរំលោភសិទ្ធិមនុស្ស ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិ និងហាក់ដូចឲ្យថៃ បង្កសង្រ្គាមជាមួយកម្ពុជា ក្នុងខណៈពេលដែលថៃ កំពុងតែមានជម្លោះជាមួយកម្ពុជា ។

 លោកម៉ែន ណាត បានមានប្រសាសន៍ថា “ចំណុចនេះ ខ្ញុំរំលឹកច្រើនដងដែរ ពីរឿងឲ្យកម្ពុជា ប្ដឹងតុលាការយុត្តិធម៌អន្តរជាតិ ចំពោះដែលថៃ បង្កសង្រ្គាមហ្នឹង ។ បើសិនជាកម្ពុជា ប្ដឹងយូរណាស់ ប្រហែលជាប្រទេសស៊ុយអែត មិនធ្វើកិច្ចព្រមព្រៀងលក់អាវុធឲ្យថៃ ទេ ហើយការដែលស៊ុយអែត ព្រមព្រៀងលក់អាវុធឲ្យថៃ នេះ ជាការរំលោភសិទ្ធិមនុស្ស ជាការរំលោភកិច្ចព្រមព្រៀងអន្តរជាតិ ក្នុងខណៈពេលដែលថៃ កំពុងតែមានជម្លោះជាមួយខ្មែរ ហើយស៊ុយអែតលក់អាវុធមកឲ្យថៃ បង្កសង្រ្គាមជាមួយកម្ពុជា ។ អាហ្នឹងស៊ុយអែត មានកំហុសពីការរំលោភសិទ្ធិមនុស្ស ហើយសមគំនិតជាមួយថៃ ក្នុងការបង្កសង្រ្គាម ។ ប៉ុន្តែដល់យើងមិនប្ដឹងទៅ ICC ឃើញទេ ស៊ុយអែត គ្មានសំអាង គ្មានហេតុផល ក៏ធ្វើអ៊ីចឹងទៅ ។ ប៉ុន្តែជុំវិញរឿងលក់អាវុធនេះ ឃើញគណៈកម្មាការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា ហ្នឹង គេផ្ញើលិខិតទៅស៊ុយអែត ដើម្បីតវ៉ាដែរ ។ ត្រូវហើយ ខ្ញុំចូលរួមត្រេកអរ ប៉ុន្តែចង់ជំរុញឲ្យក្រសួងការបរទេស ធ្វើលិខិតតវ៉ាផ្លូវការជាងគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល ។ ក្រសួងការបរទេស តវ៉ាទៅ ក្នុងនាមរដ្ឋាភិបាលកម្ពុជា វាមានទម្ងន់ការទូតជាង“ ។

គួរបញ្ជាក់ថា ប្រទេសស៊ុយអែត ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថាខ្លួនបានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ដ៏ទំនើបបំផុតរបស់ខ្លួន ចំនួន៤គ្រឿង ឱ្យប្រទេសថៃ ក្នុងតម្លៃជិត ៦០០លានដុល្លារអាមេរិក ដែលធ្វើឱ្យអន្តរជាតិ កំពុងមានការភ្ញាក់ផ្អើល និងតានដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ស្របពេលដែលថៃ កំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ហើយកងទ័ពថៃ ក៏ធ្លាប់បានប្រើយន្តហោះចម្បាំង Gripen ទម្លាក់គ្រប់បែក គ្រាប់បែកចង្កោម យ៉ាងឃោរឃៅ នៅក្នុងសង្គ្រាមឈ្លានពាន៥ថ្ងៃ របស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា។

 យោងតាមរដ្ឋបាលគ្រប់គ្រងសព្វាវុធការពារជាតិ ស៊ុយអែត ដែលស្ថិតក្រោមចំណុះក្រសួងការពារជាតិ ស៊ុយអែត បានឱ្យដឹងថា ស៊ុយអែត បានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន៤គ្រឿង ឱ្យទៅប្រទេសថៃ ក្នុងតម្លៃ ៥៥៦លានដុល្លារអាមេរិក ក្នុងនោះ ៣គ្រឿង ជាធុន Gripen E និងមួយគ្រឿងទៀត ជាធុន Gripen F។ ស៊ុយអែត បានបញ្ជាក់ថា ការលក់យន្តហោះចម្បាំង Gripen ឱ្យថៃ ក្នុងតម្លៃ៥៥៦លានដុល្លារនេះ ជាតម្លៃជាកញ្ចប់ ដែលរួមមានទាំងកញ្ចប់ប្រព័ន្ធជួយគាំទ្រ និងការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ និងថែទាំផងដែរ ហើយថា ខ្លួនគ្រោងនឹងប្រគល់យន្តហោះចម្បាំងទាំងនេះ នៅចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។

 លោក មីខាអែល ហ្គ្រេនហូល (Mikael Granholm) អគ្គនាយករដ្ឋបាលគ្រប់គ្រងសព្វាវុធការពារជាតិ ស៊ុយអែត បាននិយាយថា កិច្ចព្រមព្រៀងនេះ ពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែង សម្រាប់យន្តហោះចម្បាំងស៊ុយអែត។ ទន្ទឹមនេះ សាប (Saab) ដែលជាក្រុមហ៊ុនផលិតយន្តហោះ Gripen បានអួតសរសើរពីកេរ្តិ៍ឈ្មោះរបស់យន្តហោះ Gripen ថា វាមានភាពរហ័សរហួន តម្លៃសមរម្យ និងសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ ជាពិសេសនៅក្នុងកងកម្លាំងអាកាសតូចៗ។

 សូមបញ្ជាក់ថា ប្រទេសថៃ មានយន្តហោះចម្បាំង Gripen C/D ចាស់ៗចំនួន ១២គ្រឿងរួចទៅហើយ ដូចនេះបូកទាំងការទិញយន្តហោះ Gripen ថ្មីៗទាំងនេះ គឺថៃ នឹងមានយន្តហោះ Gripen សរុប១៦គ្រឿង ហើយនេះមិនទាន់បូកបញ្ចូលយន្តហោះចម្បាំងរាប់សិបគ្រឿងផ្សេងទៀត ដូចជា F-16 នោះទេ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមការឃ្លាំមើលយ៉ាងដិតដល់នៃច្បាប់គ្រប់គ្រងការនាំចេញយ៉ាងតឹងរ៉ឹងរបស់ស៊ុយអែត។

 អធិការកិច្ចផលិតផលយុទ្ធសាស្ត្រ (ISP) នៃប្រទេសស៊ុយអែត បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងលក់សព្វាវុធណាមួយ ជាពិសេសពាក់ព័ន្ធនឹងយន្តហោះចម្បាំង ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់អំពីបញ្ហាសិទ្ធិមនុស្ស និងភូមិសាស្ត្រនយោបាយ។ លក្ខខណ្ឌដ៏តឹងរ៉ឹងដែលទាក់ទងនឹងការលក់យន្តហោះចម្បាំង Gripen ដាក់កម្រិតលើការប្រើប្រាស់របស់វាសម្រាប់គោលបំណងការពារជាតិតែប៉ុណ្ណោះ គឺមិនមែនប្រើសម្រាប់ឈ្លានពានប្រទេសដទៃនោះឡើយ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងស្តង់ដារមនុស្សធម៌។

 អធិការកិច្ចផលិតផលយុទ្ធសាស្ត្រ នៃប្រទេសស៊ុយអែត ក៏រក្សាសិទ្ធិក្នុងការផ្អាក ឬដកហូតអាជ្ញាប័ណ្ណនាំចេញផងដែរ ប្រសិនបើយន្តហោះចម្បាំងទាំងនោះ ត្រូវបានប្រើប្រាស់បំពានលក្ខខណ្ឌទាំងនេះ រួមទាំងការវាយ ប្រហារលើគោលដៅជនស៊ីវិល ឬការឈ្លានពាននៅក្នុងតំបន់ព្រំដែនដែលមានជម្លោះផងដែរ។

 ទោះជាយ៉ាងណា សង្គ្រាមឈ្លានពានកម្ពុជា រយៈពេល៥ថ្ងៃ កងទ័ពថៃ បានប្រើប្រាស់យន្តហោះ Gripen ទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយក៏មិនឃើញស៊ុយអែត ចេញមុខរិះគន់ថៃ ហើយនៅតែលក់យន្តហោះចម្បាំង Gripen ឱ្យថៃ បន្ថែមទៀត ។

ជុំវិញបញ្ហានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ជាប្រធាន បានសរ សេរលិខិតស្នើទៅវិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ ចំនួន៤គ្រឿង ក្នុងពេលដែលថៃ កំពុងមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ហើយក្នុងសង្គ្រាមឈ្លានពានកម្ពុជា ៥ថ្ងៃ កន្លងទៅ ទាហានថៃ បានប្រើយន្តហោះទម្លាក់គ្រាប់បែក បង្កឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ យ៉ាងឃោរឃៅ មកលើកម្ពុជា។

លិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានជម្រាបជូនលោក ហ្វេឌ្រិក ម៉ាល់ម៍បឺក (Fredrik Malmberg) ប្រធានវិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត ថាសំណើនេះ ធ្វើឡើងដោយគណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់និងជាគំរូផ្នែកសិទ្ធិ មនុស្សនិងសន្ដិភាពក្នុងពិភពលោក។ ប៉ុន្ដែការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង ឱ្យប្រទេសថៃ ក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជា នាពេលនេះ គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា យល់ថា គឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម។

 ផ្អែកលើកមូលដ្ឋានទាំងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត ឱ្យឆ្លើយតប ៣ចំណុច ដូចខាងក្រោម ៖

  ១. ជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង ទៅឱ្យថៃ ក្នុងកាលៈទេសៈនេះ។

  ២. ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស។

   ៣. គាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា ។

  ដោយឡែក សមាជិកសភា ២រូប នៃគណបក្សបៃតង (Green Party) ដែលជាបក្សប្រឆាំងនៅប្រទេសស៊ុយអែត គឺលោក ចាខុប រីសបឺក (Jacob Risberg) និង អេមម៉ា ណូហ៍រេន (Emma Nohren) បានរួមគ្នាអំពាវ នាវឱ្យរដ្ឋាភិបាលស៊ុយអែត ផ្អាកការលក់អាវុធទៅឱ្យប្រទេសថៃ ដោយពួកគាត់បានលើកឡើងថា យន្តហោះចម្បាំង Jas Gripen របស់ស៊ុយអែត ត្រូវបានប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធ នៅពេលដែលយោធាថៃ បានបើកការវាយប្រហារទៅលើគោលដៅស្ថិតនៅតាមបណ្តោយព្រំដែនខាងក្នុងទឹកដីប្រទេសកម្ពុជា ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា។ រួមទាំងប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក។ អ្នកនយោបាយស៊ុយអែត ទាំងពីរនាក់នេះ បានថ្លែងថា ទោះបីជាប្រទេសស៊ុយអែត មានការកំណត់លក្ខ ខណ្ឌក្នុងការលក់សព្វាវុធរបស់ខ្លួនឱ្យបរទេសក៏ដោយ តែការលក់ឱ្យទៅប្រទេសប្រកាន់របបផ្ដាច់ការ ឬប្រទេសគ្រប់គ្រងដោយពួកយោធា ដែលគ្មានប្រជាធិបតេយ្យពិតប្រាកដ ដូចជារាជាណាចក្រថៃ គឺជាការមិនសមរម្យនោះទេ ។ ដូច្នេះអ្នកនយោបាយទាំងពីរ អំពាវនាវឲ្យស៊ុយអែត ចាំបាច់ត្រូវរឹតបន្តឹងនូវលក្ខខណ្ឌនៃការនាំចេញ សព្វាវុធរបស់ខ្លួន ទៅក្រៅប្រទេស។ សមាជិកសភាស៊ុយអែត ទាំងពីររូបនេះ យល់ឃើញថា រាជាណាចក្រថៃ បានកំពុងធ្លាក់ក្នុងអំណាចរបស់ពួកយោធា ដែលជារបបផ្ដាច់ការ និងរដ្ឋាភិបាលស៊ីវិលដែលទន់ខ្សោយ អស់ រយៈពេលរាប់ទសវត្សរ៍មកហើយ ។ ដូច្នេះការផ្តល់យន្តហោះចម្បាំង ជាច្រើនគ្រឿងថែមទៀត ដល់របបដឹកនាំមួយក្រោមអំណាចរបស់យោធា ដូចជារាជាណាចក្រថៃ នេះ មិនជួយលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទេ។

 ជាមួយគ្នានោះដែរ លោក ម៉ាទីន លុនដ៍ម៉ាក (Martin Lundmark) គ្រូឯកទេសប្រព័ន្ធការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ប្រទេសស៊ុយអែត បានលើកឡើងថា កិច្ចព្រមព្រៀងខាងលើលក់យន្តចម្បាំងកម្រិតកំពូល ទៅឱ្យប្រទេសថៃ នៅពេលនេះ គឺជាកិច្ចព្រមព្រៀងដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជាទីបំផុត ។

 លោក ម៉ាទីន លុនដ៍ម៉ាក ថែ្លងថា “ប្រសិនជាមានការឈ្លានពានណាមួយកើតឡើង ឬផ្ទុះចេញសង្គ្រាមធំ ឬក៏ប្រសិនជាប្រទេសថៃ បើកការឈ្លានពានកម្ពុជា ដណ្តើមកាន់កាប់ទឹកដីជម្លោះ ដូច្នេះខ្ញុំជឿថា កិច្ចព្រមព្រៀងនេះ នឹងត្រូវផ្អាក ឬអាចឈានទៅដល់ការលុបចោលតែម្តង” ។

ក្នុងសេចក្តីថ្លែងការណ៍ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥  ម៉ាទីន លុនដ៍ម៉ាក ក៏បានលើកឡើងនូវចំណុចសំខាន់មួយពាក់ព័ន្ធទៅនឹងច្បាប់នាំចេញសព្វាវុធរបស់ខ្លួន តម្រូវឱ្យប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងតឹងរឹងបំផុត។ មានន័យថា អធិការកិច្ចសម្រាប់ផលិតផលយុទ្ធសាស្ត្រ ហៅថា ISP ត្រូវតែវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយថា តើប្រទេសដែលទិញសព្វាវុធពីស៊ុយអែត បានបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របតាមគោលការណ៍របស់ខ្លួន ឬយ៉ាងណា? ជាពិសេស លោកសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ បច្ចុប្បន្ន ស្ថិតក្នុងកម្រិតទាបមួយ បើធៀបទៅនឹងស្ថានភាពកាលពីអតីតកាល ពោលគឺកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១១ ៕ កុលបុត្រ

RELATED ARTICLES