Thursday, September 4, 2025
Homeតារាខ្មែរខេម ចេញរកលុយវិញ ចុងខែកញ្ញា

ខេម ចេញរកលុយវិញ ចុងខែកញ្ញា

ភ្នំពេញ ៖ តារាចម្រៀង លោកប៉ុន សុណារិន ហៅខេម បានឲ្យដឹងថា លោកនឹងវិលមករកឆាកតន្រ្ដីជាថ្មី នៅចុងខែកញ្ញា នេះហើយ ក្រោយផ្អាកជាងមួយខែ ដោយសាតែអារម្មណ៍មិនល្អ តាំងពីផ្ទះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលពួកទាហានសៀម ឈ្លានពានទឹកដីកម្ពុជា។ លោកបានចោលកម្មវិធីច្រៀងសម្ដែងជាច្រើនកម្មវិធី ព្រោះតែមុននេះ លោកមិនទាន់ទទួលច្រៀង តែពេលនេះ លោកត្រៀមឡើងឆាកវិញ ក្នុងពេលឆាប់ៗនេះហើយ ។

 លោកខេម ប្រាប់អ្នកយកព័ត៌មាន «នគរធំ» តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា មូលហេតុដែលមុននេះលោកមិនទាន់ចេញច្រៀងវិញ ព្រោះតែអារម្មណ៍លោកមិនទាន់ល្អ នឹកស្រណោះកងទ័ពនៅជូរមុខ ប៉ុន្ដែនៅចុងខែកញ្ញា នេះ លោកនឹងចេញច្រៀងវិញហើយ។ លោកថា នៅខែសីហា ក៏មានគេហៅច្រៀងកម្មវិធីដែរ តែលោកធ្វើចិត្តមិនទាន់បាន ស្រណោះកងទ័ព អីចឹងផ្អាកច្រៀងសម្ដែង ជាងមួយខែ។

ខេម ថាក្រៅពីបង្ហាញអារម្មណ៍ដិតដាមជាមួយកងទ័ពជូរមុខ ការពារព្រំដែននោះ រូបលោកក៏បានបង្កើតមូលនិធិមួយ ជួយដល់កងទ័ព និងគ្រួសារជនភៀសសឹកនៅតាមព្រំដែនដោយទទួលបានថវិកាពីសប្បុរសជន ជិត៤ម៉ឺនដុល្លារ និងចុះទៅចែកជូនបងប្អូនកងទ័ព និងគ្រួសារភៀសសឹក ជាបន្ដបន្ទាប់ ដែលសកម្មភាពនេះ លោកថា នឹងនៅតែបន្ដទៀត ខណៈដែលថៅកែផលិតកម្មរបស់លោក បានរៀបចំម្ហូបអាហារជូនកងទ័ព និងបងប្អូនភៀសសឹក ជាប្រចាំ។

ទោះជាមមាញឹកចុះឡើងៗតាមព្រំដែន យ៉ាងណាក៏ខេម ប្រាប់ថា កាលពីដើមខែសីហា លោកបានឆ្លៀតនាំភរិយាទៅប្រទេសបារាំង បាន១០ថ្ងៃ ដើម្បីពិនិត្យសុខភាព ប៉ុន្ដែមិនបានឆៀងទៅដើរកម្សាន្ដនៅប្រទេសជិតខាង ដូចសព្វដងទេ ព្រោះអារម្មណ៍លោកនៅតែមាតុភូមិ អ៊ីចឹងវិលវិញមុនកំណត់។ លោកថា ជារៀងរាល់ឆ្នាំ លោកនិងគូស្នេហ៍ ត្រូវតែទៅដើរកម្សាន្ដនៅប៉ែកអឺរ៉ុប ម្ដងមានរយៈពេល ១ខែ នារដូវធ្លាក់ភ្លៀង ព្រោះខែនេះ ស្បើយពីការងារសិល្បៈ ។ ប៉ុន្ដែឆ្នាំនេះ មិនអាចនៅយូរលើសពី ១០ថ្ងៃឡើយ ព្រោះក្នុងចិត្តនឹកឃើញបងប្អូនតាមព្រំដែន ពេលមានបញ្ហាអ៊ីចឹងពិបាក ហើយទោះជាលោកបានចុះទៅចែកអំណោយញឹកញាប់ ក៏លោកនឹងនៅតែបន្ដសកម្មភាពនេះតទៅទៀត។

សូមបញ្ជាក់ថា លោកខេម បានភ្ជាប់ស្នេហ៍ជាមួយនារីអាណិកជនខ្មែរនៅបារាំង អ្នកនាងស្រីកា ជាង១០ឆ្នាំមកហើយ តែមិនទាន់កំណត់ថ្ងៃរៀបការទេ។ អតីតតារាថោន រូបនេះមានបទចម្រៀងល្បីមួយបទ ដែលចេញទៅត្រូវនឹងរឿងសៀមឈ្លានពានទឹកដីខ្មែរ នោះគឺបទ «ឈាមខ្ញុំជាខ្មែរ» ដែលមានអ្នកលេងបណ្ដាញសង្គម ជាច្រើន យកទៅបង្ហោះសំឡេងលោកភ្ជាប់ជាមួយរូបភាពកងទ័ពខ្មែរ ខណៈដែលសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខាង មុខនេះ លោកថា ក៏មានមានចេញបទថ្មីៗ ទម្រង់ប្រពៃណីខ្មែរ ផងដែរ។

លោកខេម ប្រាប់ថា «ខ្ញុំនឹងចេញបទថ្មីៗ ជាបទប្រពៃណីខ្មែរ នៅថ្ងៃភ្ជុំបិណ្ឌ ព្រោះបទទាំងនោះយើងបានធ្វើរួចហើយ ។ ចំពោះការចុះទៅចែកអំណោយតាមព្រំដែន ជូនបងប្អូនកងទ័ព និងជនភៀសសឹក យើងនឹងធ្វើជាបន្ដបន្ទាប់ទៀត ក្រោយពីខ្ញុំបានចុះទៅតាមព្រំដែន ដូចជា ខេត្តបន្ទាយមានជ័យ និងឧត្តមានជ័យ» ។

គួរកត់សម្គាល់ថា ខេម នៅតែរក្សារតំណែងជាតារាជូរមុខ របស់ Galaxy បើទោះជាការមកដល់របស់លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នាំឲ្យមានការលើកឡើងថា លោកមិនអាចប្រជែងឈ្នះរៀមច្បងទាំងពីរក្ដី។ ប៉ុន្ដែអ្នកជំនាញសិល្បៈ ថាលោកសុណារិន ច្រៀងស្ទីលសំឡេងស្អក ហើយពីរោះ អ៊ីចឹងទោះជាថៅ Galaxy ទិញតារាប៉ុន្មាននាក់ទៀតចូល ក៏មិនប៉ះពាល់ដល់តំណែងខេម ឡើយ ។          

ក្រៅពីខេម តារាល្បីៗដែលចាប់ផ្ដើមឡើងឆាកវិញ ក្រោយពីផ្អាកជាងមួយខែ ក្រោយផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-សៀម មានដូចជា សុខ ពិសី, យក់ ថិតរដ្ឋា, ពេជ្រ សូលីកា និងឱក សុគន្ធកញ្ញា ជាដើម ៕

RELATED ARTICLES