ភ្នំពេញ ៖ សុគន្ធ និសា បានក្លាយទៅជាដៃគូថ្មីរបស់សិស្សប្អូន ពេជ្រ សូលីកា តាមរយៈការចាប់ដៃគ្នាលើកដំបូងបំផុត បទ «ពេលយើងឈ្លោះគ្នា» ដែលអតីតតារាចម្រៀងហង្សមាសទាំងពីរដាក់អារម្មណ៍ជាមួយបទមនោសញ្ចេតនាមួយនេះ គួរឲ្យចាប់អារម្មណ៍។ ចំណែក Fan ទាំងសងខាង មិនត្រឹមតែពេញចិត្តចំពោះការចាប់ដៃគ្នាជាលើកទីមួយរបស់តារាទាំងពីរទេ ប៉ុន្ដែពួកគេក៏សរសើរពីរូបសម្រស់ថា អ្នកទាំងពីរមិនងាយចាស់ ពិសេសគឺនិសា មានអាយុ៤១ឆ្នាំទៅហើយនោះ នៅតែរក្សារបានសម្រស់ក្មេងជាងវ័យដដែល ។ ចំណែកស្រី ពេជ្រ ការច្រៀងដៃគូជាមួយរៀមច្បង សុគន្ធ និសា អាចជាយុទ្ធសាស្រ្ដថ្មីមួយទៀត ដើម្បីឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួល បន្ទាប់ពីមានការលើកឡើងថា នៅឆ្នាំ២០២៥ នេះ នាងមិនទាន់មានបទល្បីដូចឆ្នាំ២០២៤ ឡើយ ។ មិនត្រឹមតែពង្រឹងទីផ្សារចម្រៀងរបស់ខ្លួនទេ តែស្រីពេជ្រ ពេលនេះក៏បង្ហាត់ប្អូនស្រី ឈ្មោះជេលី ជីង ឲ្យឡើងឆាកតន្រ្ដីដែរ ដើម្បីល្បីទាំងបងនិងប្អូនតែម្ដង ។



គួរបញ្ជាក់ថា សុគន្ធ និសា ក្រោយចេញពីហង្សមាស ជាង១ឆ្នាំ នាងធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយលោកនីកូ, KAI និងរ៉ូលីន ប៉ុន្ដែមិនមែនច្រៀងរួមគ្នាជាប្រចាំទេ គឺធ្វើទៅតាមពេលវេលា ។ និសា មិនលែងឬបន្ធូរដៃពីអាជីពចម្រៀងនោះទេ បើទោះជាពេលនេះនាងមានអាជីវកម្មជាច្រើនក្នុងដៃ ក្រៅពីសិល្បៈ ខណៈថ្មីៗនេះ ទើបបើកហាងសាឡនសត្វ ចាប់ដៃជាមួយណាក់ ស្រីណា ។

ប្រភពថា សុគន្ធ និសា សុខចិត្តចាប់ដៃជាមួយសិស្សប្អូនដែលខ្លះមានបទពិសោធន៍តិចតួច បើប្រៀបធៀបនាងនោះតទៅទៀត ពោលគឺគ្មានគម្រោងចូលផលិតកម្មថ្មីឡើយ ព្រោះពេលច្រៀង Concerts ធំៗ នាងនឹងលើកយកបទល្បីចាស់ៗ ច្រៀងឡើងវិញ។ យ៉ាងណា តាមព័ត៌មានថា ការរក្សាសម្រស់បានក្មេងជាងវ័យ របស់និសា នាពេលនេះ មួយផ្នែកក៏ដោយសារតែនាងមានគ្លីនិករក្សាសម្រស់ផ្ទាល់ខ្លួននោះឯង។



ចំណែកពេជ្រ សូលីកា ក្រោយពីចេញពីហង្សមាស នាងធ្លាប់ច្រៀង Solo Concert ចាប់ដៃគូជាមួយយក់ ថិតរដ្ឋា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ និងច្រៀងឆ្លងឆ្លើយជាមួយប្អូនស្រីនាងជេលី ជីង ។ អតីតតារា M និងហង្សមាស រូបនេះ ជោគជ័យពេលចាប់ដៃគូច្រៀងជាមួយលោកនីកូ អំឡុងនៅ M ប៉ុន្ដែក្រោយចែកផ្លូវអតីតគូណ្ដឹង លោកគឹម ហាន កាលពីឆ្នាំ២០២២ នាងផលិតបទចម្រៀងច្រៀងទោល សឹងតែគ្រប់បទ ដែលចម្រៀងទាំងនោះ គេថាជាបទទាក់ទងឬត្រូវគ្នាទៅនឹងសាច់រឿងផ្ទាល់ខ្លួនរបស់នាងតែម្ដង ។ Fan របស់សូលីកា មួយចំនួន បានខម្មិនចង់ឃើញនាងច្រៀងដៃគូឆ្លងឆ្លើយជាមួយរៀមច្បងម្នាក់ទៀត នោះគឺពេជ្រ សោភា ប៉ុន្ដែស្រីពេជ្រ មិនបានសន្យានោះទេ បន្ទាប់ពីទំនាក់ទំនងនាងជាមួយយក់ ថិតរដ្ឋា បានធ្លាក់ដល់ចំណុចសូន្យ ក្រោយពីមានប្រភពថា រដ្ឋា និងស្វាមី ចោទនាងថា មើលស្រាលពួកគេ និងឲ្យតម្លៃខ្លួនត្រឹមពាក់កណ្ដាលនៃតម្លៃនាង។ មជ្ឈដ្ឋានមហាជន មើលឃើញថា ការដែលសុគន្ធ និសា-ពេជ្រ សូលីកា ចេញបទថ្មីរួមគ្នា នាពេលនេះ បញ្ជាក់ថា ការចាកចេញពីហង្សមាស របស់ពួកគេ មិនមែនជាទីបញ្ចប់នៃការចេញបទថ្មីៗឡើយ ពោលគឺតារាទាំងពីរ នៅតែមានទីផ្សារ ហើយ Fan នៅតែមានបទថ្មីៗរបស់តារាទាំងពីរស្ដាប់ ដូចមុន។ ចំពោះនិសា ទុកចិត្តសិស្ស ប្អូន ទើបព្រមចាប់ដៃគ្នា មិនខ្លាចមានរឿងធំដូចយក់ ថិតរដ្ឋា ឡើយ តែតារាទាំងពីរ មិនទាន់ប្រាប់ Fan ថាគ្រាន់តែច្រៀងដៃគូគ្នាត្រឹមតែមួយបទនេះចប់ ដើម្បីស្ទាបស្ទង់ការគាំទ្រ ឬនៅបន្ដផលិតបទរួមគ្នាទៀតនោះទេ ៕


