ភ្នំពេញ ៖ ស្រ្តីអភ័ព្វស្នេហ៍ម្នាក់រត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ បន្ទាប់ពីជួបនូវស្នេហ៍ហេងស៊យ រស់នៅជមួយគ្នាបាន២ខែ បានទាំងខ្លួនអស់ទាំងប្រាណ បែជាប្រុសកុល្យាណ លួចយកម៉ូតូកញ្ចាស់ គេចខ្លួនបាត់អស់មួយសប្តាហ៍ មិនវិលវិញ តាមរកមិនឃើញ សម្រេចចិត្តរត់ទៅប្តឹងប៉លីស ។
ស្រ្តីអភ័ព្វស្នេហ៍មានឈ្មោះ ភួង វឿន ហៅ រាំយ៉ង់អាយុ៣៤ឆ្នាំ មុខរបរដើរបេះស្លឹកឈូក ដើរដកក្រអៅឈូកលក់ ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ។ ចំណែកមូ៉តូដែលប្រុសស្នេហ៍បោកយកទៅបាត់ ម៉ាក ហុងដា សេ១០០ សេរី១៩៩៨ សេរីចាស់ ពណ៌ខ្មៅ ជាម៉ូតូកញ្ចាស់ សម្រាប់ប្រើជាមធ្យោបាយ ជិះដើរបេះបន្លែលក់ មិនបានចាំស្លាកលេខ ។ ដោយឡែក ប្រុសស្នេហ៍សង្ស័យបោកប្រាស់ គ្រាន់តែស្គាល់ឈ្មោះ ឯម អាយុ៣១ឆ្នាំ មុខរបរ រត់មូ៉តូកង់បី ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកព្រៃកប្បាស ខេត្តតាកែវ បានគេចខ្លួនបាត់ ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះទាំងក្តីក្តុកក្តួល ថា ក្នុងសកថានភាពក្រីក្រ តោកយ៉ាក រស់ក្រោមដំបូលផ្ទះជួល ជាមួយរបរ ដើរបេះបន្លែ តាមវាលស្រែ ដកក្រអៅឈូក ប្រលឹត ត្រកួន ស្លឹកឈូកលក់ គ្រាន់ចិញ្ចឹមជីវិត តែលតោលម្នាក់ឯង គ្មានទាំងញាតិផៅ ។ ស្រ្តីខាងលើបន្តទៀតថា រស់នៅម្នាក់ឯងក្នុងនាមជាស្រ្តីក្រមុំចាស់ អស់ជាច្រើនខែឆ្នាំ រហូតមកដល់អំឡុងខែមករា ឆ្នាំ២០១៧ ក៏បានជួបប៉ះជាមួយបុរស អ្នករត់កង់បី ឈ្មោះ ឯម ខាងលើមកសុំស្នេហ៍ អួតប្រាប់ថា លែងលះជាមួយប្រពន្ធរួចស្រេចទៅហើយ សុំស្រឡាញ់ សុំរួមមេត្រី ពេលនោះហើយ ដែលស្រ្តីរងគ្រោះ មីនបានប្រកែកអ្វីដែរ បន្ទាប់ពីស្នេហ៍ហេងស៊យ ជួបបានចៃដន្យ មកដោយឯកឯង សុំជ្រកកោណរស់នៅបានជាគ្នា ប្រៀបដូចជាប្តីប្រពន្ធ ជួយរំដោះ សម្រួលការងារ ឈប់បានដឹកបន្លែតាមម៉ូតូ មកដឹកតាមមូ៉តូកង់បីម្តង ទើបតែបាន២ខែ ក្រោយពីបានខ្លួន ស្គាល់ប្រាណហើយ បែជានៅយប់ថ្ងៃទី០៧ ខែមិនា លោកប្តីហេងស៊យ មកពីរត់កង់បីវិញ មកតែខ្លួនទទេ ចូលផ្ទះហើយយកមូ៉តូ សង់៩៨កញ្ចាស់របស់នាង ជិះចាកចេញទៅបាត់ គ្រាន់តែប្រាប់ថា ចេញក្រៅមួយភ្លែត បែជាបាត់រហូត ចាំរន្ទាំងមើលផ្លូវ បាត់ពីមួយថ្ងៃទៅមួយថ្ងៃ អស់រយៈពេល១សប្តាហ៍ទៅហើយ ទោះជាដើររកនៅមិនឃើញ បាត់ដំណឹងសូន្យឈឹង ទើបលេចឮថា « ប្តីខ្ញុំប្រពន្ធគេ » ធ្វើឲ្យស្រ្តីអភ័ព្វធ្លាក់ថ្លើម ដូចដូងទុំជ្រុះ អស់សង្ឃឹម បន្ទាប់ពីបាត់បង់ខ្លួនប្រាណហើយអស់មូ៉តូមួយគ្រឿងទៀត ។ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ សម្រេចកាន់រូបថត ប្តីហេងស៊យ រត់ទៅប្តឹងប៉ូលីស ទាមទារ រកម៉ូតូកញ្ចាស់របស់ខ្លួនមកវិញ រឿងអ្វីៗផ្សេង នាងមិនស្តាយស្រណោះ ចាត់ទុកអសារបង់ អ្វីសំខាន់រកតែមូ៉តូកញ្ចាស់គ្រាន់ជិះដើរបេះព្រលិត មកវិញតែប៉ុណ្ណោះ ៕