ភ្នំពេញ ៖ តារាចម្រៀងហង្សមាស សុខ សីឡាលីន បានប្រារព្ធខួបកំណើតរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដែលភ្ញៀវពិសេសរបស់នាង គឺលោក ឆន សុវណ្ណារាជ ហើយនៅពេលពួកគេកៀកកើយគ្នានោះ សីឡាលីន ចាប់ថើបលោករាជ តែម្ដង ។ មើលទៅសកម្មភាពរបស់សីឡាលីន-សុវណ្ណរាជ ដូចជាគូស្នេហ៍ ប៉ុន្ដែអ្នកលេងបណ្ដា ញសង្គម បែរជាថា មិនអាចទៅរួច «ទៅមិនរួច» ព្រោះតែគេធ្លាប់ដឹងថា សីឡាលីន ស្រលាញ់តែប្រុសលេងស្ទីលបែបអឺរ៉ុប អីចឹងស្ទីលរបស់លោករាជ មិនត្រូវទៅនឹងអារម្មណ៍នាងទេ ។ ប៉ុន្ដែយ៉ាងណា ភាពស្អិតល្មូតរបស់សីឡាលីន នាពេលនេះ បញ្ជាក់ថា សីឡាលីន ទុកចិត្តសុវណ្ណារាជ ជាងគេ ក្នុងចំណោមតារាចម្រៀងប្រុស នៅហង្សមាស។


គួរកត់សម្គាល់ថា សុខ សីឡាលីន ធ្លាប់ប្រេះឆាស្នេហា ២លើកមកហើយ ដោយកាលពីឆ្នាំ២០១៨ អតីតសង្សាររបស់នាង តន្រ្ដីករលោកអ៊ុក មិន្ទណារិទ្ធ បានរៀបការប្រពន្ធចោលនាង ខណៈដែលពិធីករ លោកជីមមី ដែលគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយនាងដែរនោះ ក៏បានរៀបការប្រពន្ធចោលនាង កាលពីថ្ងៃទីកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ រយៈពេលជាង ១ឆ្នាំក្រោយលោកជីមមី ការប្រពន្ធរួច សីឡាលីន មិនដែលបង្ហាញគូស្នេហ៍ ជាចំហនោះទេ ហើយស្រាប់តែនៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ នាងបែរជាថើបថ្ពាល់បុរសរោមទ្រូងច្រើន លោក ឆន សុវណ្ណារាជ នៅថ្ងៃពិសេសរបស់ខ្លួន ដោយមិនខ្លាចលោករាជ កេងចំណេ ញលើនាងឡើយ បើទោះជាកន្លងមក គេដឹងថា លោកជាបុរសដៃមឹក ដៃដល់ចំពោះស្រីស្អាតៗ ដូចជាហ៊ានឱបថើបមាស សុខសោភា ហើយឲ្យប្ដីនាង (អ៊ិត រ៉ាដា) ជាអ្នកថតឲ្យ, ហ៊ានចាប់ថើបហេង ចន្ថា ក្រៅឆាក និងហ៊ានយកដៃច្បិចកំប៉ះគូទសុភ័ក្រ្ត កុសុម៉ា កាលពីចុងឆ្នាំ២០២២ រហូតលោកត្រូវបានគេចោទថា មិនគោរពសិទ្ធិស្រ្ដីភេទ ជាដើម ។ ប៉ុន្ដែសម្រាប់ សីឡាលីន មិនចាំបាច់លោកសុវណ្ណារាជ ចាប់នាងថើបទាន់ទេ គឺនាងថើបលោករាជ មុនតែម្ដង។


សុខ សីឡាលីន អតីតតារាចម្រៀង Blue Diamond និង M ពេលនេះនៅតែបន្ដជ្រកទ្រនំហង្សមាស ទោះជាតារាល្បីៗរបស់ផលិតកម្មនេះ ជាច្រើនដួង បានចេញជាបន្ដបន្ទាប់ក្ដី ។ តារាចម្រៀងដែលអាចច្រៀងបទភាសាអង់គ្លេស បានយ៉ាងល្អរូបនេះ ធ្លាប់បង្ហាញសញ្ញាចង់ពពោះ កាលពីដើមឆ្នាំ២០២៤ ប៉ុន្ដែបញ្ហាចោទ គឺបើនាងមិនព្រមយកប្ដីបែបនេះ តើធ្វើម៉េចពោះធំទៅកើតទៅ ? Fan បានរំលឹកសីឡាលីន ថាអាយុចង់ជ្រេទៅហើយគួរ ណា ស់តែប្រញាប់យកប្ដីសី ដូចគេដែរទៅ ឆាប់បានកូន ព្រោះប្អូនស្រីនាង សុខ ស្រីលក្ខណ៍ មានកូនពីរនាក់ទៅហើយ តែនាងវិញ ទើបតែចង់ពពោះ ហើយឥឡូវអត់ការប្ដីទៀត អ៊ីចឹងបំណងនាងពិបាកសម្រេចដល់គោល ដៅ ។

ក្រៅពីអាជីពចម្រៀង សុខ សីឡាលីន ក៏ជាមន្រ្ដីនគរបាល ពាក់ស័ក្តិ៤ ម្នាក់ដែរ ហើយបើទោះជាមិនសូវមានឈ្មោះល្បីល្បាញខ្លាំង ប៉ុន្ដែនាងជាតារាចម្រៀងមានសមត្ថភាពម្នាក់ដែលរាល់ពេលមានកម្មវិធីថ្នាក់ជាតិធំៗ នាងតែងតែត្រូវបានហៅឲ្យទៅច្រៀងបទភាសាអង់គ្លេស កំដរភ្ញៀវបរទេស។ សីឡាលីន ក៏ធ្លាប់ត្រូវបានថៅកែហង្សមាស ទុកចិត្តឲ្យកាន់តំណែងធំ២ នោះគឺធ្វើជាគណៈកម្មការ និងគ្រូបង្វឹក X Factor Cambodia និង Cambodian Idol ៕
