Thursday, September 11, 2025
Homeតារាខ្មែរចំរើន សុភ័ក្រ្ដ ទៅរកលុយនៅបារាំង

ចំរើន សុភ័ក្រ្ដ ទៅរកលុយនៅបារាំង

ប្រទេសបារាំង ៖ តារាចម្រៀងហង្សមាស ចំរើន សុភ័ក្រ្ដ បានហោះទៅច្រៀងសម្ដែងនៅប្រទេសបារាំង រយៈពេលខ្លី ដោយចេញដំណើរនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រួមដំណើរជាមួយកញ្ញា រ័ត្ន រចនា និងលោកយឿន សូតអនុស្សាវរីយ៍ ដែលមានន័យថា តារាទាំង៣ មិនបានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងស្រុកទេ ។ ការទៅរកលុយនៅបរទេស នារដូវធ្លាក់ភ្លៀងនេះដោយសារតែការងារក្នុងស្រុក បានស្បើយ ហេតុនេះហើយបានជាសុភ័ក្រ្ដ សុខចិត្តទៅចោលស្វាមីនិងកូនស្រី ដើម្បីឲ្យមានប្រាក់ចំណូលទាំងនៅរដូវក្ដៅ និងវស្សាទៀងទាត់ដូចគ្នា ។

នេះមិនមែនជាលើកទីមួយទេ ប៉ុន្ដែជាញឹកញាប់ណាស់មកហើយដែលសុភ័ក្រ្ដ បានចេញទៅច្រៀងសម្ដែងនៅបរទេស ព្រោះនាងជាតារាដែលអាចបកស្រាយបទចម្រៀងមរតកដើម បានយ៉ាងពីរោះ ដូចគ្នាទៅនឹង រ័ត្ន រចនា ដែរ ហេតុនេះហើយបានជាអាណិកជនខ្មែរ នៅក្រៅស្រុក ចូលចិត្តការច្រៀងសម្ដែងរបស់នាង ។

 ចំរើន សុភ័ក្រ្ដ ផ្ញើសារទៅអ្នកគាំទ្រខ្លួន នៅបារាំង ថា «ពួកយើងទាំងអស់គ្នា បានត្រៀមរួចជាស្រេច ដើម្បីទៅជួបបងប្អូននៅប្រទេសបារាំង ចឹងសង្ឃឹមថា ពុកម៉ែ បងប្អូនទាំងអស់គ្នា ចាំទទួលផងណា!»។

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅស្វាមីចំរើន សុភ័ក្រ្ដ លោកថុន ច័ន្ទមុនី ប៉ុន្ដែមិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ យ៉ាងណា មិត្តភក្ដិរួមអាជីពជាមួយសុភ័ក្រ្ដ ជាច្រើន បានជូនពរឲ្យនាង ច្រៀងសម្ដែងជោគជ័យលើទឹកដីបារាំង ។

 កញ្ញារ័ត្ន រចនា ,លោកយឿន សូតអនុស្សាវរីយ៍ និងចំរើន សុភ័ក្រ្ដ

មានការកត់សម្គាល់ថា ចំរើន សុភ័ក្រ្ដ មុនចេញទៅបារាំង បានចាប់ដៃលោកណុប បាយ៉ារិទ្ធ ច្រៀងឆ្លងឆ្លើយគ្នា បទមរតកដើម ពីរបទ បញ្ចូលគ្នា «អ្នកចាំសម្បុក មេឃមីរនៅខេត្តឧត្តរមានជ័យ» និពន្ធទំនុកចម្រៀងថ្មីដោយលោកបាយ៉ារិទ្ធ ឆ្លុះបញ្ចាំងពីការឈ្លានពានរបស់សៀម លើកម្ពុជា ។ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ រូបនេះ តែងតែត្រូវបានគ្រូបង្វឹករបស់ខ្លួន លោកណុប បាយ៉ារិទ្ធ ជឿជាក់និងទុកចិត្តលើសមត្ថភាពរបស់នាង ដោយចាប់ដៃគ្នាជាច្រើនលើកច្រើនសា តាមបណ្ដាឆាកតន្រ្ដីមួយចំនួនផងដែរ បើទោះជាសុភ័ក្រ្ដ បរា ជ័យលើកពានដែលកាលនោះ មិនអាចយកឈ្នះប៊ុត សីហា ប៉ុន្ដែបានឈ្នះពាន The Mask Singer Cambodia រដូវកាលទី១ ផងដែរ ទើបថៅកែហង្សមាស ពេញចិត្ត ហើយរក្សាជាតារារបស់ខ្លួន បើទោះជាបច្ចុ ប្បន្ន តារាល្បីៗបានដើរចេញពីផលិតកម្មនេះ សឹងតែអស់ទៅហើយក្ដី ។

កញ្ញារ័ត្ន រចនា មុនឡើងយន្ដហោះទៅបារាំង

លោកយឿន សូត្រអនុស្សាវរីយ៍

សូមរំលឹកថា ចំរើន សុភ័ក្រ្ដ បានរៀបការជាមួយលោកថុន ច័ន្ទមុន្នី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលនេះ ពួកគេមានកូនស្រីម្នាក់ ឈ្មោះមុន្នី ចេហ្សីកា អាយុជាង២ឆ្នាំ ។ ថ្វីដ្បិតតែមានស្វាមីនិងកូន១ ប៉ុន្ដែសុភ័ក្រ្ដ នៅតែមានទីផ្សារចម្រៀង ពិសេសគឺតាមបណ្ដាកម្មវិធីរបស់ក្រុមហ៊ុន Agency ដែលចំណុចពិសេសរបស់នាង គឺនៅលើការច្រៀងបានជាច្រើនទម្រង់នោះឯង ។ តារាតូចច្រឡឹងរូបនេះ ក៏ចេះស្មូតបានយ៉ាងពីរោះផងដែរ ដូចគ្នាទៅនឹងអ្នកស្រីហ៊ឹម ស៊ីវន និង តន់ ច័ន្ទសីម៉ា ជាដើម ទើបធ្វើឲ្យចំណុចខ្លាំងរបស់នាង អាចច្រៀងអ៊ឺនបានយ៉ាងល្អ ។

គួរបញ្ជាក់ថា ថ្វីត្បិតតែចំរើន សុភ័ក្រ្ដ, រ័ត្ន រចនា និងយឿន សូតអនុស្សាវរីយ៍ សុទ្ធតែបានត្រៀមបទចម្រៀងនិងការសម្ដែងបទឆ្លងឆ្លើយគ្នាយ៉ាងពិសេស ដើម្បីបំពេអារម្មណ៍បងប្អូននៅបារាំង ក្ដី ប៉ុន្ដែបើតាមលោកសាយ សៀរ៉ា ដែលបានចេញទៅច្រៀងសម្ដែងនៅបារាំងកាលពីចុងឆ្នាំ២០២៤ ជាមួយលោកហេង ប៊ុនលាភ និងកញ្ញាអ៊ឹង និមល ប្រាប់ថា ការរកលុយនៅបារាំង មិនដូចមុនទេ ពោលគឺអត់សូវបានលុយធីបទេ ។ ប៉ុន្ដែសម្រាប់សុភ័ក្រ្ដ, រចនា និងលោកអនុស្សារីយ៍ ពួកគេមានប្រាក់ខែ ពីម្ចាស់ Sponsor ហេតុនេះហើយ លុយធីប គឺគ្រាន់តែជាទឹកចិត្តរបស់ពលរដ្ឋខ្មែរ នៅទីនោះ ឲ្យកាដូបន្ថែមប៉ុណ្ណោះ ៕

RELATED ARTICLES