ភ្នំពេញ ៖ ស្រីស្រស់ មាន សូនីតា ថ្មីៗនេះបានបីលេងកូនខ្លា អាយុ៥អាទិត្យ ឱបរឹត ថតកៀកកើយ បង្ហាញពីក្ដីស្រលាញ់ចំពោះសត្វ និងជាស្ទីលថ្មីរបស់នាងផងដែរ មុនភ្ជុំបិណ្ឌ មកដល់ ។ ប៉ុន្ដែសូនីតា បែជាថា កូនខ្លានោះ រពឹសខ្លាំងណាស់ ពេលនាងបី រុលបុក ខាំ ឈ្មុល និង លិទ្ធ គឺអាកូនខ្លានេះ អត់ចេះនៅស្ងៀមសោះ ។ នេះជាការលេងស្ទីលថ្មីមួយទៀត របស់សូនីតា ខណៈដែលកាលពីចុងខែសីហា នាងបានធ្វើឲ្យប្រុសៗបះសក់ច្រូងម្ដងរួចទៅហើយ តាមរយៈការថតរូបអត់ពាក់អាវ ចំហសាច់ខ្នង តែបានយកក្រណាត់តូចស្ដើងមួយ គ្រប បិទលើសុដន់ មិនឲ្យគេឃើញរបស់ពិសេសនោះឡើយ ។ ឥឡូវសូនីតា បែរជាព្រឺបះរោមដោយសារតែកូនខ្លា អាយុជាងមួយខែ ទៅវិញ។

គួរបញ្ជាក់ថា ក្រៅពីមាន សូនីតា ដែលលាន់មាត់ថា ពិបាកលេងជាមួយកូនខ្លា ព្រោះវាខាំផង លិទ្ធផងនោះ កាលពីឆ្នាំ២០២៤ តារាចម្រៀង ខេមរៈ សិរីមន្ដ ក៏ចង់បាក់ស្បាតដោយសារតែលេងជាមួយកូនខ្លាដែរ ព្រោះអំឡុងថត MV បទ «Call Me Papa» នោះ លោកប្រាប់អ្នកកាសែតថា ត្រូវខ្លាខាំ ២ចង្កូម ខណៈភ្លាមៗនោះ មានអ្នករិះគន់លោកថៃ ថាលោកចង់ល្បី ចេះតែបំប៉ោងព័ត៌មាន ព្រោះបើខ្លាខាំមែន មិនមែនពីចង្កូមទេ គឺត្រូវទាំងចង្កូមលើក្រោមទាំងអស់មិនខាន ។ សម្រាប់សូនីតា ការថតជាមួយសត្វសាហាវៗ វាមិនមែនជាលើកទី១ឡើយសម្រាប់រូបនាង ព្រោះកន្លងមក នាងក៏ធ្លាប់ថតរូបឱបរឹតជាមួយពស់ថ្លាន់ ផងដែរ តែពេលនេះបែរជាចង់រាង ព្រោះស្នាដៃកូនខ្លា ទៅវិញ ។

មាន សូនីតា ជាតារាម្នាក់ដែលកម្រនៅក្នុងស្រុកបានយូរ ព្រោះនាងតែងតែហោះទៅដើរលេងនៅបរទេស ជាញឹកញាប់ ហើយជិះយន្ដហោះកៅអី Business Class ដូចកូនអភិជន។ថ្មីៗនេះដែរ នៅពេលដែលព្រលានយន្ដហោះពោធិ៍ចិនតុង បិទទ្វារ ត្រូវប្ដូរទៅព្រលានយន្ដហោះអន្ដរជាតិតេជោ សូនីតា ក៏បានកាន់នំខេក ធ្វើខួបកំណើត ឲ្យព្រលានចាស់ អាយុជាង៦៦ឆ្នាំនោះ ដោយនាងវាចាថា លាទាំងអាល័យ។

មានការកត់សម្គាល់ថា មាន សូនីតា ទោះជាមានវ័យ៣៥ឆ្នាំ ទៅហើយក្ដី តែនាងមិនញញើតក្នុងការបញ្ចេញ សាច់និងរន្ធផ្ចិត ឲ្យប្រុសៗជ្រួលជ្រើមឡើយ ស្របពេលដែលកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅសួនត្រីក្រោមទឹកកែច្នៃ នាខេត្តសៀមរាប នាងត្រូវបានបុរសម្នាក់ បំពាក់ចិញ្ចៀនពេជ្រ មួយវង់ ប៉ុន្ដែស្រីស្អាត មិនព្រមបង្ហាញមុខប្រុសនោះជាសាធារណៈឡើយ ខណៈដែលលោកមង្គល បានប្រកែកយ៉ាងលឿនថា លោកមិនមែនជាម្ចាស់ចិញ្ចៀនពេជ្រនោះទេ ។ ការជ្រើសផ្លូវបាំងមុខប្រុសស្នេហ៍ របស់សូនីតា បែបនេះហើយ ធ្វើឲ្យនាងរឹតតែមិនអាចជម្រះរឿងគេសង្ស័យថា មានគូស្នេហ៍ជាមន្រ្ដីគយ និងរឿងត្រូវស្រីៗតាមស្នេហាយ៉ាងស្អិតនោះបានទេ ។ ប៉ុន្ដែសូនីតា អត់ខ្វល់ទេ ដោយកំពុងតែរៀបគម្រោងចេញទៅដើរលេងនៅបរទេស ជាថ្មីទៀត ៕

