ខេត្តព្រះសីហនុ ៖ បុរសជាកម្មករទូកនេសាទចំនួន២នាក់ ក្រោយពីផឹកស៊ីជុំគ្នាស្រវឹង ធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តី រហូត ដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ទាញអង្រែ បុកគ្រឿងមកវាយសំពងទៅលើគូទំនាស់ រួច ទាញកាំបិតមកចាក់បន្ថែមទៀត បណ្តាលឱ្យ ជនរងគ្រោះរងរបួសធ្លាយទ្រូង និងបង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង ១០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចក្រុម២៨ ភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ។
ជនរងគ្រោះ ដែលត្រូវគូទំនាស់វាយនឹង អង្រែបុកគ្រឿង រួចទាញកាំបិតចាក់ធ្លាយទ្រូង នោះ មានឈ្មោះស៊ឹម សុធារៈ អាយុ៣០ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក នេសាទ។ ចំណែកជនដៃដល់ មានឈ្មោះម៉ែន ជ្រា អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ដូចគ្នា ស្នាក់នៅលើទូកជាមួយគ្នា និងមានស្រុក កំណើតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុក កំពង់ត្រាច ខេត្តកំពត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ ដែលជាមិត្តភក្តិរួមការងារ ជាមួយគ្នា បានទិញស្រាបៀរមកអង្គុយផឹកស៊ី ជុំគ្នា តាំងពីក្បាលព្រលប់ រហូតដល់យប់ជ្រៅ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងៗខ្លួនអ្នកទាំង ២ ក៏ចាប់ផ្តើមនិយាយទាក់ពាក្យសម្តីគ្នា រហូត កើតជាជម្លោះក្តៅគគុកនិងមានការប្រតាយប្រតប់គ្នាទៀតផង។ ភ្លាមនោះ ជនបង្កហេតុ បានស្ទុះទៅទាញអង្រែបុកគ្រឿង មកវាយសំពង ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស ប៉ុន្តែ ដោយមិនទាន់រំសាយកំហឹងអស់ជនបង្កហេតុ ក៏ស្ទុះទៅទាញកាំបិត មកចាក់ប្រហារទៅលើ ជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យចំក្រោម ដោះខាងឆ្វេង បណ្តាលឱ្យធ្លាយទ្រូងរងរបួស ធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនបង្កហេតុបានរត់ គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកអង្រែ បុកគ្រឿង និងកាំបិត នៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរ– ពេទ្យបង្អែកចម្ការចេក ដើម្បីសង្គ្រោះជីវិត។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កហេតុ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕