Friday, September 19, 2025
Homeតារាខ្មែរហេង ផាន់ណា មានគូដណ្ដឹង

ហេង ផាន់ណា មានគូដណ្ដឹង

ភ្នំពេញ ៖ នៅទីបំផុតពិធីការិនីបាយ័ន ហេង ផាន់ណា ហៅហេង កែវនីតា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ កែ កុសល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានឪពុកម្ដាយទាំងសងខាងចូលរួម ក្នុងទឹកមុខយ៉ាងរីករាយ។ គេឃើញតារារួមអាជីពដែលទៅចូលរួមសាទរផាន់ណា មានដូចជា កញ្ញាកែវ ផល្លីកា, ទេពី, ហ៊ិន ច័ន្ទនីរ័ត្ន និងលោកយឹម ណារ៉ា រួមទាំងក្រុមការងាររបស់បាយ័ន ជាច្រើននាក់ទៀត។ តារាដែលស្និទ្ធស្នាលជាមួយផាន់ណា បានសម្ដែងការរីករាយជំនួសសាមីខ្លួន ដោយខ្លះខម្មិនលេងសើចថា «លក់ដាច់មួយទៀតហើយ» ។

ប្រភពបានឲ្យដឹងថា ហេង ផាន់ណា និងលោកកែ កុសល បានភ្ជាប់ស្នេហាជាមួយគ្នាជាច្រើនឆ្នាំហើយ គ្រាន់ តែពួកគេមិនបើកចំហប៉ុណ្ណោះ តែពេលនេះអ្នកទាំងពីរសម្រេចចិត្តបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ព្រោះមិនអាចពន្យារពេលតទៅទៀតបាន ដោយសារតែទាំងសងខាងឈានចូលដល់វ័យចង់ជ្រេទៅហើយ ហេតុនេះទាំងក្រុមគ្រួសារ និងមិត្តរួមអាជីពបានជំរុញឲ្យពួកគេប្រញាប់ភ្ជាប់ពាក្យ និងរៀបការឆាប់ៗទៅ ដើម្បីឆាប់បានកូនបន្ដពូជ ។ ដោយសាតែមិនចង់ឲ្យគេបង្អាប់ថាមិនព្រមយកប្ដីសី ព្រោះខ្លាចមានស្វាមីទៅ លែងល្បីទៀតនោះទើបពេលនេះកែវ នីតា ព្រមលាតត្រដាងមុខម្ចាស់ចិត្តជាចំហ ជាលើកដំបូង នៅថ្ងៃពិសេសរបស់ខ្លួន នារដូវ បុណ្យភ្ជុំបិណ្ឌ នេះតែម្ដង និងបើគ្មានអ្វីប្រែប្រួលទេ នាងនឹងដឹកដៃគូដណ្ដឹង រៀបការនៅចុងឆ្នាំ២០២៥ ខាងមុខ នេះហើយ។ នេះបើតាមអ្នករួមអាជីពទៅចូលរួមពិធីភ្ជាប់ពាក្យរបស់ផាន់ណា បង្ហើបប្រាប់អ្នកយកព័ត៌មានយើង។

 គួរបញ្ជាក់ថា ហេង ផាន់ណា អតីតកញ្ញាឯកសាប៊ូលុច្ស និងពិធីការិនីប៉ុស្ដិ៍លេខ៣ មកទើរនៅប៉ុស្ដិ៍បាយ័ន ជាច្រើនឆ្នាំ ដោយមិនផ្ដោតទៅលើការថតខារ៉ាអូខេ និង MV ទៀតទេ ព្រោះពង្រឹងតែលើ MC មួយមុខប៉ុណ្ណោះ។ កែវនីតា ត្រូវបានគេចាប់អារម្មណ៍ថា នាងមានស្ទីលនិយាយ MC ស្រដៀងគ្នាទៅនឹងអ្នកនាង គង់ សុជាតិ ហើយជាញឹកញាប់ នាងធ្លាប់ចេញធ្វើជាពិធីការិនីតាមបណ្ដាក្រុមហ៊ុន Agency ទាំងឡាយ ជាញឹកញាប់ផងដែរ ។ មុនភ្ជាប់ពាក្យ ផាន់ណា ត្រូវគេបង្អាប់ថា មិនខ្វល់រឿងយកប្ដី ដូចគ្នាទៅនឹងកញ្ញា ឌួង ហ្សូរីដា និងញឹម ចាន់ថន ជាដើម ទើបពេលនេះនាងត្រូវតែបិទបញ្ចប់រឿងគេបង្អាប់បែបនេះទៀត តាមរយៈការភ្ជាប់ពាក្យដោយបើក ចំហ និងគ្រោងរៀបការនៅចុងឆ្នាំនេះ ជាសាធារណៈតែម្ដង ដែលពេលនោះគេជឿថាអ្នកដែលធ្លាប់ផ្លែផ្កាឲ្យនាងថា អត់ប្រុសស្រលាញ់ មិនហ៊ានរៀបការដូចគេនោះ នឹងស្ងាត់មាត់ដូចគេចុកជាមិនខាន ។

 ប្រភពថា អនាគតស្វាមីរបស់ហេង ផាន់ណា ក៏ជាបុគ្គលិករបស់ប៉ុស្ដិ៍បាយ័ន ដែរ ហេតុនេះហើយបានជាពួកគេមានពេលវេលាច្រើនដើម្បីមើលចិត្តថ្លើមគ្នា មុននឹងឈានមកដល់ភ្ជាប់ពាក្យ។ ព័ត៌មានថា ហេង ផាន់ណា ជ្រើសផ្លូវដូចគ្នាទៅនឹងស៊ឹម សូលិកា, ហ៊ិន ច័ន្ទនីរ័ត្ន និងសុខ សោម៉ាវត្តី ជាដើម ពោលគឺការប្ដីរួច នៅតែបន្ដធ្វើជាពិធីការិនីនៅបាយ័ន និងតាមក្រុមហ៊ុន Agency ធម្មតា តែមិនថតភាពយន្ដទេ លើកលែងតែរឿងនោះជាប្រវត្តិថ្នាក់ដឹកនាំ ទើបនាងព្រមលេង ។ ចំណែកគូដណ្ដឹងរបស់ផាន់ណា មិនចេះប្រចណ្ឌ ឬហួងហែងនាងលេងសិល្បៈឡើយ ពោលគឺបើកដៃឲ្យនាងប្រឡូកដោយសេរី ព្រោះលោកបានយល់ច្បាស់ពីអាជីពនេះ។

អ្នកលេងបណ្ដាញសង្គម លើកឡើងថា បន្ទាប់ពីហេង ផាន់ណា គេជឿថា នឹងដល់វេនកញ្ញាឌួង ហ្សូរីដា ជាមិនខាន ដែលត្រូវបង្ហាញភាពច្បាស់លាស់ តាមរយៈការភ្ជាប់ពាក្យ និងរៀបការជាមួយគូស្នេហ៍ ដើម្បីបញ្ចប់រឿងគេថា ជ្រើសផ្លូវសាងស្នេហាលាក់លៀម ព្រោះតែមិនច្បាស់លាស់ជាមួយគូស្នេហ៍ ៕

RELATED ARTICLES