អាតែន (ក្រិក) ៖ ពិធីការិនីជើងចាស់ អ្នកនាង គង់ សុជាតិ បានហោះទៅដល់ប្រទេសក្រិក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយនាងបង្ហាញអារម្មណ៍រីករាយក្នុងដំណើរកម្សាន្ដ នៅទីក្រុងអាតែន (Athens) ដោយគ្មានប្ដីក្មេង ជា វិបុល ជូនទៅឡើយ ។ នេះមិនមែនជារឿងចម្លែកទេ តែជាធម្មតាទៅហើយដែលសុជាតិ ច្រើនតែចេញទៅដើរលេងនៅក្រៅប្រទេសជាមួយកូនស្រី និងប្អូនស្រីនាង ដោយគ្មានប្ដីទៅជាមួយ ព្រោះលោកវិបុល ជាប់ភារកិច្ចនៅទូរទស្សន៍ហង្សមាស ។ សម្រាប់សុជាតិ អ្នកនាងច្រើនតែជ្រើសរើសយកដំណើរកម្សាន្ដនៅក្រៅស្រុក នារដូវធ្លាក់ភ្លៀង ព្រោះបើនៅរដូវក្ដៅវិញ ទាំងនាងនិងប្ដី មិនអាចទៅក្រៅប្រទេសបានច្រើនថ្ងៃទេ ដោយ សារតែមមាញឹកទាំងការងារនៅហង្សមាស និងតាមបណ្ដាក្រុមហ៊ុនAgency ទាំងឡាយ ទាំងប្ដីប្រពន្ធតែម្ដង ហេតុនេះមានតែខែធ្លាក់ភ្លៀងនេះទេ ទើបពួកគេអាចចេញទៅដើរលេងតាមចិត្តចង់។

គួរបញ្ជាក់ថា មុនពេល គង់ សុជាតិ ហោះទៅប្រទេសក្រិក នេះ អ្នកនាងក៏នាំស្វាមីលោក ជា វិបុល ទៅថតឈុតអាពាហ៍ពិពាហ៍ នៅប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរំលឹកអនុស្សាវរីយ៍ កាលពួកគេថត Pre-Wedding ឆ្នាំ២០១៣ មុនដឹកដៃគ្នារៀបការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

ប្រភពបានឲ្យដឹងថា សុជាតិ-វិបុល គ្រោងធ្វើពិធីជប់លៀងខួបអាពាហ៍ពិពាហ៍ គម្រប់១២ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបពួកគេរៀបគម្រោងនាំគ្នាទៅថតឈុតរៀបការ ដូចកូនកំលោះក្រមុំ ត្រៀមក្រាបផ្ទឹមបែបនេះ ។ ព័ត៌មានថា សុជាតិ ចង់ធ្វើពិធីជប់លៀងខួបអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រួសារ ប៉ុន្ដែមិត្តរួមអាជីព ចេះតែជម្រុញឲ្យនាងធ្វើទ្រង់ទ្រាយធំ ហេតុនេះហើយបានជានាងមានការារែកចិត្ត ព្រោះមិនចង់សប្បាយទាំងស្ថានភាពនៅតាមតំបន់ព្រំដែន នៅតែមិនទាន់ស្ងាត់បែបនេះឡើយ ។

គង់ សុជាតិ-ជា វិបុល រក្សាបានចំណងស្នេហា ជាងមួយទសវត្ស បានកូនស្រី១ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជិត៨ឆ្នាំ ។ ប៉ុន្តែតាំងពីលោកវិបុល រំអុកឲ្យភរិយាពពោះកូនភ្លោះជាង៧ឆ្នាំមកនេះ នៅមិនទាន់ឃើញសុជាតិ អាចបំពេញបំណងប្ដីបាននោះទេ ។ បញ្ហានេះហើយ ធ្វើឲ្យអ្នកខ្លះមានការលើកឡើងថា សុជាតិ មិនទាន់ធ្វើឲ្យប្ដីសប្បាយដល់កំពូល ហើយចំណងស្នេហា ក៏មិនសុវត្ថិភាព ១០០% ប៉ុន្ដែសុជាតិ ថានាងដឹងចិត្តប្ដី មិនខកចិត្តរឿងយកកូនភ្លោះមិនបាននោះទេ ព្រោះថា នាងមានកូនពីរនាក់ ជាមួយស្វាមីមុន ហើយលោកវិបុល ចាត់ទុកពួកគេ ដូចជាកូនលោកបង្កើតដែរ អីចឹងសរុបទៅ មានកូនទាំងអស់ ៣នាក់ទៅហើយ ។

ក្រៅពី គង់ សុជាតិ តារាដែលយកប្ដីក្មេងជាងខ្លួន មានដូចជា អ្នកនាងខាត់ សុឃីម, ប៉ាច គីមមួយ និងឆ័យលី ដាឡែន ជាដើម ។ បច្ចុប្បន្ន សុជាតិ ក្រៅពីអាជីព MC នាងមានតួនាទីជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អាណត្តិទី៦ ខណៈដែលលោក ជា វិបុល កាន់តួនាទីជាជំនួយការសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង ។ សុជាតិ ត្រូវបានចាត់ទុកជាសេដ្ឋិនីម្នាក់ ក្នុងសិល្បៈ ព្រោះមានទឹកលុយរាប់លានដុល្លារ ប៉ុន្ដែនាងមិនដែលចេះអួតអាងឬសម្ញែងទ្រព្យឡើយ ៕


