ភ្នំពេញ៖«ចង្កឹះមួយបាច់ កាច់មិនបាក់ »ជាសុភាសិតដ៍មានតម្លៃឧត្តមជាសារដាស់តឿនដែលបុព្វបុរសខ្មែរនាសម័យមុនបន្សល់ទុក សម្រាប់កូនចៅប្រុសស្រីឲ្យខិតខំសាមគ្គី រួមរួមគ្នាដើម្បីឲ្យសង្គមជាតិមានការរីកចម្រើន និងមិនឲ្យបរទេសមើលងាយ។«សាមគ្គីខ្មែររស់ បែកបាក់សាមគ្គីខ្មែរស្លាប់ »។ចង្កឹះមួយដើមគេអាចបំបាក់ដោយងាយ ព្រោះភាពរឹងមាំតិចពេក។ប៉ុន្ដែបើគេរួមផ្គុំចង្កឹះច្រើនទៅជាកំលាំងក៍ច្រើនដែរ។គេមិនអាចកាច់បំបាក់បានឡើយ។


សុភាសិតខាងលើនេះត្រូវបានលោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ដ៍ល្បីឈ្មោះលើកឡើងពេលនេះដើម្បីជាការដាស់តឿនឲ្យពលរដ្ឋខ្មែរចងចាំ អំឡុងពេលដែលព្រំដែនខ្មែរ កំពុងត្រូវបានចោរសៀមឈ្លានពាន ហើយលោកចង់ឃើញគ្រប់ខ្មែរគ្រប់និន្នាការនយោបាយទាំងអស់រួមរួមគ្នា ត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីផលប្រយោជន៍ជាតិ នោះលោកយល់ថាគ្មានខ្មាំងសត្រូវណាអាចបំបាក់ខ្មែរបាន ឡើយ ។ជាមួយគ្នានេះដែរលោកគួច ខេវិន ថែមទាំងបានរំលឹកពីអនុស្សាវរីយ៍ចាស់កាលពី៧ឆ្នាំ មុនដែលសៀម ឈ្លាន ពានប្រាសាទព្រះវិហារ ខណៈពេលនោះលោកថែមទាំងបានដឹកនាំសិល្បករខ្មែរល្បីៗច្រៀងបទ«ចង្កឹះមួយបាច់ » ទៀតផង។


លោកគួច ខេវិន បានថ្លែងសារកាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ថា«”ចង្កឹះមួយដើមគេអាចកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ” យ៉ាងណាមិញជនជាតិខ្មែរម្នាក់គេអាចបំបាក់បាន ប៉ុន្តែបើខ្មែរទាំងអស់រួបរួមគ្នាជាធ្លុងមួយទាំងខ្មែរនៅក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយ រួមត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីផលប្រយោជន៍ជាតិ ប្រជាជននិងមាតុភូមិ នោះនឹងគ្មានចោរឬខ្មាំងសត្រូវណា មកកាច់បំបាក់ ប្រជាជាតិខ្មែរ ឬឈ្លានពានបូរណភាពមាតុភូមិខ្មែរបានឡើយ។ កាលពីឆ្នាំ២០១៨ កំឡុងសៀមឈ្លានពានប្រាសាទព្រះវិហារ ខ្ញុំបានផលិតកម្មវិធីកំសាន្ត ឈុតឆាកចម្រៀង«ចង្កឹះមួយបាច់»ដើម្បីជាការរំលឹកដល់ស្មារតីរួបរួមជាតិខ្មែរ ការពារបូរណភាព អធិបតេយ្យជាតិខ្មែរ និងកំចាត់សត្រូវឈ្លានពាន។ នាពេលនេះខ្ញុំសូមផ្ញើបទចម្រៀងនេះ ជាការជូនពរ និងជាកម្លាំងចិត្តដល់យុទ្ធជនខ្មែរ ដ៏អង់អាចក្លាហានដែលកំពុងតទល់ជាមួយចោរសៀមឈ្លានពាន តាមព្រំដែន សូមឱ្យវរយុទ្ធជនខ្មែរបានទទួលជ័យជំនៈគ្រប់ពេលវេលា ! យើងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារ រក្សាសន្តិភាពសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជានៃយើង»។


គួរបញ្ជាក់ថាការចង់ឃើញខ្មែររួបរួមគ្នាជាធ្លុងមួយរបស់លោកគួច ខេវិន នាពេលនេះចំពេលដែលប្រទេសកម្ពុជាត្រូវបានសៀមធ្វើការវាយប្រហារដោយយោធាមុនមកលើកម្ពុជានៅតាមតំបន់ព្រំដែនខ្មែរ-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ហើយបើទោះជាបទឈប់បាញ់បានចូលជាធរមានតាំងពីរាត្រីថ្ងៃទី២៨ ខែកក្កដា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump (ដូណាល់ត្រាំ )ប៉ុន្ដែមកដល់ពេលនេះយោធាថៃ នៅ តែបន្ដឈ្លានពានលើព្រំដែនខ្មែរ ។ជាមួយគ្នានេះដែរគេឃើញខ្មែរទាំងក្នុងនិងក្រៅប្រទេសបានរួបរួមគ្នាថ្កោល ទោសយោធាថៃជាបន្ដបន្ទាប់ រួមទាំងការបរិច្ចាគថវិការជួយដល់កងទ័ពខ្មែរនិងក្រុមគ្រួសារជនភៀសសឹកនៅតាមព្រំដែនផង ដែលសកម្មភាពបែបនេះដូចគ្នាទៅនិងអ្វីដែលលោកខេវិន ចង់ឃើញ ។ប៉ុន្ដែលោកខេវិន ថាបើខ្មែរគ្រប់និន្នាការសាមគ្គីគ្នា ពួតដៃគ្នាជាធ្លុងមួយ នោះខ្មែរកាន់តែខ្លាំងក្លាថែមទៀត ដែលពេលនោះលោកយល់ថាកុំថាឡើយសៀម ទោះសត្រូវខាងណាក៍មិនហ៊ានឈ្លានពានខ្មែរដែរ ៕


