ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា បានដឹកដៃអនាគតស្វាមីក្មេងលោកពៅ ហេង ថត Pre-Wedding នៅប្រាសាទព្រៃគុក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗ។ តាមប្រភពថា ស្វែង សុជាតា នឹងរៀបការជាមួយលោកហេង នាពេលឆាប់ៗនេះ ហេតុនេះហើយបានជាប្រ ញាប់ដឹកដៃគ្នាទៅថតរូបសម្រាប់តាំងរោងការ បែបនេះ។


ស្វែង សុជាតា មិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រោះទូរស័ព្ទមិនចូល។ យ៉ាងណាតាមព័តមានថា ស្វាមីស្វែងសុជាតា លោកពៅ ហេង មានអាយុ៣៤ឆ្នាំ ខណៈដែលសុជាតា ឆ្នាំនេះមានអាយុ ៤៦ឆ្នាំទៅហើយ ពោលគឺប្ដីអាយុប្អូន ដល់ទៅ១២ឆ្នាំ ហេតុនេះតារាជើងចាស់រូបនេះ ច្បាស់ជាមិនអាចគេចផុតរឿងគេថា ស្នេហ៍តែប្រុសក្មេងបានឡើយ ។

គួររំលឹកថា អ្នកនាងស្វែង សុជាតា បានប្រេះឆាស្នេហាជាបន្ដបន្ទាប់ រហូតពេលខ្លះ នាងប្រាប់អ្នកកាសែតថា លែងចង់នឹកនារឿងយកប្ដីសីទៀតផង ប៉ុន្ដែពេលនេះ នាងបានបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថា ខ្លួននៅតែមានលទ្ធភាពអាចរកប្ដីក្មេងសង្ហាបាន ហើយប្ដីថែមទាំងបានបង្ហាញភាពច្បាស់លាស់ តាមរយៈការចូលរោងជ័យជាមួយនាងទៀតផង ។ ប៉ុន្ដែអំឡុងអ្នកនាងសុជាតា និងលោកហេង ថត Pre -Wedding នោះ មានអ្នកខ្លះ សង្ស័យថា ពួកគេត្រូវគេជួលឲ្យថតឃោសនាសម្អាងការ ឬគ្រាន់តែជាការសម្ដែង ដើម្បីឲ្យមានការចាប់អារ ម្មណ៍ជាដើម ។ ប៉ុន្តែអ្នកថតរូប បង្ហើបថា នោះគឺជាការថត Pre-Wedding ពិតប្រាកដ ហើយអ្នកនាងសុជាតា និងប្ដី ត្រៀមរៀបការនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ។ ប្រភពនោះថា គេអាចសម្គាល់ថា បើអ្នកនាងសុជាតា និងលោកហេង គ្រាន់តែត្រូវបានសម្អាងការ ជួលថតនោះ ពួកគេមិនចាំបាច់ថើបគ្នាស្អិតបែបនេះទេ គឺថតចប់ យកលុយទៅ ចប់ទៅហើយ ។

ក្រៅពីមានតារារួមអាជីពជាច្រើន សាទរចំពោះអ្នកនាងស្វែង សុជាតា រកបានប្ដីថ្មី ជាប្រុសក្មេងនោះ ក៏មាន Fan របស់នាងខ្លះ បារម្ភជំនួសអ្នកនាងសុជាតា ថានាងស្រលាញ់តែប្រុសក្មេងបែបនេះ ស្នេហាប្រឈមហា និភ័យណាស់ ប៉ុន្ដែទន្ទឹមនឹងនេះ ក៏មានអ្នកជូនពរកុំឲ្យនាងដើរជាន់ដានស្នេហ៍ចាស់ទៀតអី ។

សូមបញ្ជាក់ថា ស្វែង សុជាតា ត្រូវបានចាត់ទុកជាតារាអភ័ព្វស្នេហ៍ បានប្រកាសតាម Tik Tok កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថានាងត្រៀមរៀបការឆាប់ៗជាមួយលោកពៅ ហេង ដោយបង្ហាញរូបភាពបុរសរូបនោះ ជាច្រើនសន្លឹកទៀតផង ។ ឥឡូវគ្មានអ្វីប្រែប្រួលទេ គឺមានតែភាពប្រាកដ ព្រោះនាងបានដឹកដៃគូស្នេហ៍ដែលនាងហៅថា «ប្ដី» ពេញមាត់នោះ ទៅថតគ្រងឈុតបុរាណ ដើម្បីតាំងរោងការ រួចអស់ហើយ ។ ប្រភពថា កូនប្រុសស្រីរបស់អ្នកនាងសុជាតា ក៏រីករាយដែរ ព្រោះតែពួកគេចង់ឃើញម្ដាយមានអ្នកមើលថែ និងបញ្ចប់ភាពជាស្រ្ដីមេម៉ាយ ត្រឹមឆ្នាំ២០២៥ ។ យ៉ាងណា អ្នកនាងសុជាតា មិនទាន់បង្ហើបពីការកំណត់ថ្ងៃរៀបការ ប្តីថ្មីនេះទេ ៕

