សាំងហ្គាពួរ (សិង្ហបុរី) ៖ តារាចម្រៀង ថុល សុភិទិ បាននាំប្រពន្ធសាច់សខ្ចី នាងឡុង ម៉ានីន ឡើងយន្ដហោះនៅរាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ទៅដើរលេងនៅទីក្រុងសាំងហ្គាពួរ ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំ បន្ទាប់ពីកូនមន្រ្ដីធំផ្កាយ២ រូបនេះ បានបំពាក់ចិញ្ចៀនសុំនាងរៀបការ នៅថ្ងៃខួបកំណើតគម្រប់អាយុ២៧ឆ្នាំ របស់អ្នកមេម៉ាយរូបស្រស់កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅមុនពេលហោះទៅសាំងហ្គាពួរ ភិទិ និងប្រពន្ធ ត្រូវបានកូនស្រីរបស់ម៉ានីន ជូនទៅដល់ព្រលានយន្ដហោះអន្តរជាតិតេជោ ហើយលោកបានហៅកូនស្រីដើមភរិយាថា «កូនស្រី» ដែលនេះបញ្ជាក់ថា លោកចាត់ទុកកូនប្ដីមុនរបស់ប្រពន្ធ ដូចកូនរបស់លោកដែរ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅអ្នករ៉ាប់រងការងារសិល្បៈរបស់ថុល សុភិទិ ឈ្មោះវណ្ណាដា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ តែត្រូវបានលោកនិយាយយ៉ាងខ្លីថារាល់ជីវិតឯកជនរបស់ភិទិ លោកមិនអាចប្រាប់បានទេ សូម្បីតែប្រទេសដែលភិទិ ទៅដើរលេងនោះក៏មិនអាចប្រាប់បានដែរ។ ដោយសារតែអ្នកកាន់ទូរស័ព្ទភិទិ មិនប្រាប់ពីព័តមានតារាចម្រៀងរូបនេះ ទើបនៅមិនទាន់ដឹងថា តារាលេងម៉ូដសាក់រូបនេះ នឹងបន្ដបង្ហួសទៅដើរលេងនៅប្រទេសណាទៀត ក្រៅពីសិង្ហបុរី និងជួយរករោងចក្រផលិតឡេឲ្យប្រពន្ធ នៅក្រៅស្រុកដែរ ឬយ៉ាងណា?

សូមបញ្ជាក់ថា ថុល សុភិទិ មិនសូវមានបទចម្រៀងណាត្រូវបានគេចាប់អារម្មណ៍ខ្លាំងដូចមុនទេ ក្រោយថៅកែហង្សមាស រុញឲ្យមកផលិតកម្ម Gen Musix ដែលជាសាខាហង្សមាសប៉ុន្ដែលោកបែរជាត្រូវបានគេចាប់តាមដានរឿងលេងម៉ូដឡានថ្លៃៗទៅវិញ។ ត្រឹមតែជាង ២ឆ្នាំដែលភិទិ ចាប់ដៃស្រីស្អាត ម៉ានីន ពេលនេះលោកមានរថយន្ដទំនើបៗជិះឆ្លាស់គ្នា ជាច្រើនគ្រឿង ដូចជា Rolls Royce, Lamborghini និង Lexus ជាដើម ។ ប៉ុន្ដែគេមិនដឹងថា ទ្រព្យទាំងនោះជារបស់ប្រពន្ធសុទ្ធ ឬពួកគេទិញលុយចូលគ្នាឡើយ ។

គួររំលឹកថា ថុល សុភិទិ ជាបេក្ខភាពលេចធ្លោម្នាក់ នៃកម្មវិធី Cambodian Idol រដូវកាលទី៤ ព្រោះគេចាប់អារម្មណ៍ទៅលើសម្ថភាពច្រៀងរបស់លោក និងការលេងម៉ូដសាក់ សឹងតែពេញខ្លួន។ ប៉ុន្ដែគួរឲ្យស្ដាយ ម្ចាស់ពាន គឺជាលោកលីម តិចម៉េង ឯណោះទេ តែពេលនេះ ភិទិ រកបានគូស្នេហ៍ មុនតិចម៉េង ។ ភិទិ ធ្លាប់មានប្រវត្តិលក់ Online អំឡុងបាត់មុខពីអាជីពចម្រៀងមួយរយៈ ហេតុនេះហើយ ការចាប់ដៃគ្នាជាមួយនាងម៉ានីន ជាអ្នកលក់ឡេ គឺពួកគេពិតជាគូស្នេហ៍ដ៏សមគ្នា ព្រោះមានជំនាញរកស៊ីវិស័យនេះដូចគ្នា ។ សុភិទិ បានជ្រើសផ្លូវយកប្រពន្ធជាអ្នកមេម៉ាយ ដោយមើលរំលងក្រមុំ គឺដូចគ្នាទៅនឹងលោកព្រីង ច័ន្ទបុត្រ, ជា វិបុល, អ៊ិន សុបញ្ញា ហៅផាណូ, រស់ រាជ្ជសាល និងបឺរី ជាដើម ។

អ្នកលេងបណ្ដាញសង្គម បានសរសើរថុល សុភិទិ និងប្រពន្ធ ចូលចិត្តធ្វើសប្បុរសធម៌ដូចគ្នា ហេតុនេះតារាផ្សេងៗទៀត គួរតែយកលោកជាគំរូ។ ប៉ុន្ដែអ្នកខ្លះបែរជាថា ពួកគេចូលចិត្តធ្វើបុណ្យមុខកាមេរ៉ា ដើម្បីអាជីវកម្ម Online របស់ពួកគេទៅវិញ ។

ទស្សនិកជនមើលឃើញថា ថ្វីត្បិតតែថុល សុភិទិ ត្រូវប្រពន្ធផ្គាប់ចិត្តគ្រប់យ៉ាង ទាំងការលេងម៉ូដរថយន្ដក្ដី និងទូរស័ព្ទ ដោយថ្មីៗនេះ នាងទើបតែទិញទូរស័ព្ទអាយហ្វូន ស៊េរីថ្មី iPhone 17 Pro Max ជាកាដូជូនភិទិ ។ ប៉ុន្ដែកន្លងមក អ្នកមេម៉ាយរូបស្រស់នេះ ក៏ប្រចណ្ឌភិទិ បែកផ្សែងដែរដូចជានាងឆេះដុំរឿងប្រុសស្នេហ៍ ហ៊ានលេងឈុតថើបបឺតមាត់នាងអ៊ីងអ៊ីង រហូតប្រកាសផ្ដាច់ស្នេហ៍ កណ្ដាលទីទៀតផង ។ ប៉ុន្ដែដោយសាភិទិ សន្យាថា ឈប់លេងឈុតក្ដៅសាច់នោះជាមួយស្រីផ្សេង ទើបពួកគេវិលមករកត្រូវរ៉ូវគ្នាជាថ្មី និងមានគម្រោងរៀបការជាមួយគ្នា នាពេលខាងមុខទៀតផង ៕
