Saturday, October 4, 2025
Homeតារាខ្មែរប៉ាច គីមមួយ ទៅកូរ៉េ បង្ហួសដល់ម៉ាឡេស៊ី

ប៉ាច គីមមួយ ទៅកូរ៉េ បង្ហួសដល់ម៉ាឡេស៊ី

ប្រទេសកូរ៉េ ៖ តារាចម្រៀង ប៉ាច គីមមួយ បានហោះទៅប្រទេសកូរ៉េខាងត្បូង ម៉ោង១១យប់ រាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ «មូលនិធិសិល្បករទ្រទ្រង់វីរកងទ័ព» នៅថ្ងៃទី៥ និង១២ ខែតុលា ឆ្នាំ២០២៥ ។ គីមមួយ ថាការច្រៀងសម្ដែងនោះនាងពេញចិត្តក្នុងនាមជាសិល្បការិនីម្នាក់ ដែលអាចជួយដល់សង្គម ទោះជា Concerts នោះមិនបានថវិកាផ្ទាល់ខ្លួនក្ដី ប៉ុន្ដែបានជួយដល់ជាតិ និងកងទ័ពជួរមុខ ។

  ប៉ាច គីមមួយ ប្រាប់ «នគរធំ» តាមទូរស័ព្ទ មុនឡើងយន្ដហោះទៅកូរ៉េ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ថា កន្លងមក នាងមិនធ្លាប់ទៅលេងនៅកូរ៉េទេ តែទៅលើកនេះ ច្រៀងសម្ដែងតែម្ដង ដែលស្នាក់នៅដល់ទៅរយៈ ពេល ១០ថ្ងៃ និងច្រៀងពីរដង ។ នាងថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីច្រៀងជូនបងប្អូនកម្សាន្ដ លើទឹកដីកូរ៉េ ជាមួយសិល្បកររួមដំណើរជាច្រើនដួងទៀត ហើយសម្រាប់នាងផ្ទាល់ ពិតជាពេញចិត្ត និងមានអារម្មណ៍រីករាយ នៅពេលដែលជាតារាចម្រៀងម្នាក់ មានលទ្ធភាពជួយមួយចំណែក ដល់កងទ័ពការពារទឹកដីតាមតំបន់ព្រំដែន។

  តាមព័ត៌មានថា ក្រៅពីប៉ាច គីមមួយ ក៏មានតារាល្បីៗមួយចំនួនទៀត ច្រៀងសម្ដែងនៅកូរ៉េ លើកនេះដែរ ក្នុងនោះមានដូចជា លោក សយ រតនៈ (ដែលជាគូស្នេហ៍របស់គីមមួយ), ឆឹម សក្កដា, លឹម ជាឡាយ, អ្នកនាងចែម ស្រីល័ក្ខ និងកុយ អេនណា ជាដើម ។

 ប៉ាច គីមមួយ បន្ថែមថា មុនទៅកូរ៉េ នាងក៏ធ្លាប់បានចុះទៅខេត្តបន្ទាយមានជ័យ ចែកអំណោយដល់កងទ័ព និងជនភៀសសឹក នៅតាមព្រំដែន បានម្ដងដែរ តែការផ្ញើថវិកាតាមរយៈតារាមួយចំនួន ចុះទៅផ្ទាល់ ជាញឹក ញាប់មកហើយ ។ ប៉ុន្ដែសម្រាប់លើកនេះ គឺទៅច្រៀងនៅកូរ៉េ ដែលទោះជាមានរយៈពេលដល់ទៅ ១០ថ្ងៃ ប៉ុន្ដែនាងគ្មានការរារែកចិត្តក្នុងការចូលរួមរកថវិកាជួយដល់វីរកងទ័ពរបស់យើងឡើយ ។

 ប៉ាច គីមមួយ ថាក្រោយច្រៀងសម្ដែងចប់ ទាំងពីរដង នៅកូរ៉េ នោះនាងនឹងវិលមកកម្ពុជា ភ្លាមៗ គ្មានគម្រោងបន្ដដំណើរកម្សាន្ដជាលក្ខណៈឯកជនទេ ព្រោះនាងត្រៀមខ្លួនច្រៀងក្នុងព្រឹត្តិការណ៍ដ៍ធំមួយ នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដែលរូបនាងជាតារាខ្មែរតែម្នាក់ ច្រៀងតំណាងឲ្យកម្ពុជា ក្នុងកម្មវិធី Asian Friendship ហើយកម្មវិធីធំបែបនេះ ជាលើកទីមួយ សម្រាប់រូបនាង ក្នុងការឡើងឆាកតំណាងឲ្យតារាកម្ពុជា។ នាងថា កម្មវិធីនោះ ក្រុមការងារបានឲ្យនាងត្រៀមខ្លួនមុន ៣-៤ខែ និងបានចុះថតទិដ្ឋភាពផ្សេងៗដែលកម្ពុជា មាន ទៅបង្ហាញលើឆាកអាស៊ាន នៅថ្ងៃនោះផងដែរ។ គីមមួយ បន្ថែមថា សម្រាប់បទចម្រៀងវិញ នាងច្រៀងទោល តែមួយបទគត់ ជាបទឆ្លុះបញ្ចាំងពីអ្វីដែលកម្ពុជា មាននៅលើឆាកអាស៊ាន ។

  ថ្វីត្បិតតែប៉ាច គីមមួយ បានចាប់អាជីពចម្រៀង ជាង១០ឆ្នាំ និងមានបទពិសោធន៍ធ្លាប់ ប្រលងចម្រៀង The Voice Cambodia រដូវកាលទី១ និងកម្មវិធីប្រលងចម្រៀងមួយចំនួនទៀត រួមទាំងឡើងច្រៀងតាមឆាកធំៗ រាប់រយដង ប៉ុន្ដែគីមមួយ បានសារភាពថា នាងមានការភ័យតិចៗដែរ នៅពេលដែលត្រូវបានជ្រើសជាតារាតំណាងឲ្យកម្ពុជា ច្រៀងលើឆាកអាស៊ាន នៅប្រទេសម៉ាឡេស៊ី នេះ ព្រោះការច្រៀងតំណាងប្រទេសបែបនេះ មិនត្រឹមតែជាលើកដំបូងសម្រាប់រូបនាងទេ  ប៉ុន្ដែក៏មានការត្រៀមខ្លួនឲ្យបានល្អបំផុតដែរ ព្រោះឆាកនោះ ខុសពីការច្រៀងសម្ដែងរបស់នាងកន្លងមក ប៉ុន្ដែនាងមានមោទនភាពខ្លាំងណាស់ដែលមានឱកាសធំបែបនេះ ។

 ប៉ាច គីមមួយ បានច្រៀងឲ្យហង្សមាស ជិត១០ឆ្នាំ ទើបផុតកុងត្រាជាមួយផលិតកម្មធំនេះ កាលពីឆ្នាំ២០២៤ និងបច្ចុប្បន្ន ធ្វើជាតារាចម្រៀងឯករាជ្យ ផលិតបទចម្រៀងដោយខ្លួនឯង។ គីមមួយ ឲ្យដឹងថា ក្រោយចេញពីហង្សមាស ការងារសិល្បៈរបស់នាង នៅដំណើរការធម្មតា ប៉ុន្ដែតាំងពីមានបញ្ហានៅព្រំដែន នាងមិនសូវចេញ ច្រៀងបទបែបសប្បាយៗទេ គឺភាគច្រើនច្រៀងតែបទស្លូវ កម្សត់ៗប៉ុណ្ណោះ។

 តាមព័ត៌មានថា ប៉ាច គីមមួយ ដែលច្រៀងនៅកូរ៉េ ថ្ងៃទី២ និង៥ តុលា នោះ នាងក៏មានបទចម្រៀងចាប់ដៃជាមួយគូស្នេហ៍លោក សយ រតនៈ ដែរ ហើយសម្រាប់ការទៅប្រទេសម៉ាឡេស៊ី លោករតនៈ នឹងអមដំណើរនាង ព្រោះគីមមួយ មិនអាចអត់អង្គរក្សបេះដូងបានឡើយ ៕

RELATED ARTICLES