ភ្នំពេញ ៖ ទោះជាមិនបញ្ចេញឈ្មោះចំៗក៏ដោយ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គម ចាត់ទុកលោកសេង មង្គល និយាយរិះគន់ពីអត្ដចរិតបុគ្គលម្នាក់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នោះ គឺពិអធីករ តាប៊ុយ ដែលលោកចាត់ទុកថា ពិធីករម្នាក់នេះ និយាយមិនចេះគិតបែងចែកឲ្យដាច់ស្រឡះ រវាងពាក្យថាលេង និងមែន នៅពេលសម្ភាសបុរសលក់ស្ករទាញ ដែលកំពុងល្បីតាមបណ្តាញសង្គម ខណៈដែលនៅក្រៅឆាក លោកមង្គល ក៏ចាត់ទុកតារាម្នាក់នេះ ឈ្លើយមិនធម្មតាដែរ ។

លោកសេង មង្គល និយាយជាប្រយោលថា «អាមួយទៅសម្ភាសន៍ពូលក់ស្ករទាញ ដើម្បីប្រយោជន៍ខ្លួនឯងនោះ វានៅតែបែងចែកមិនដាច់ រវាងពាក្យថា និយាយលេង និងនិយាយមិនចេះគិត»។ ជាមួយគ្នានេះដែរ លោកមង្គល ក៏បានឆ្លើយក្នុងប្រអប់ខម្មិន ទាក់ទងបុគ្គលដែលលោកមិនពេញចិត្ត និងត្រូវគេយល់ថាជា តាប៊ុយ នោះ ទៅ Fan ថា «សំដីសំដៅវាក៏ឈ្លើយដែរ នៅក្រៅ»។

Vj តាប៊ុយ ពេលសម្ភាសន៍ពូស្ករទាញ
ប្រតិកម្មរបស់លោកសេង មង្គល ខាងលើនេះ កើតមានក្រោយពីកាលពីថ្ងៃទី៣ និង៤ ខែតុលា បុរសលក់ស្ករ ទាញ នៅខេត្តសៀមរាប ដែលលក់ស្ករទាញ ហ្វ្រីរាំនោះ បានមកសម្ដែងរាំបទ «ចាក់ៗ ចាញ់ទាំងអស់» នៅក្លឹបកម្សាន្ត Tick Tock Pub ហើយតាប៊ុយ ទៅសម្ភាស ដោយសួរបុរសលក់ស្ករទាញ នូវពាក្យពេចន៍មួយចំនួនដែលគេចាត់ទុកថា លោកជាពិធីករ មិនសមប្រើពាក្យមិនសមរម្យបែបនេះទេ ដូចជាពាក្យថា ៖ ឮថា លោកពូ បានថ្លៃជាងព្រាប សុវត្ថិ ទៀត?… រកប្រាក់ចំណូល មុននិងក្រោយល្បី បានប៉ុន្មាន? ក្លឹបគេជួលមកឲ្យថ្លៃប៉ុន្មាន? ជាដើម ហើយសម្ភាសចប់ តាប៊ុយ ហុចលុយឲ្យពូស្ករទាញ ២ម៉ឺនរៀល ។ ទាក់ទងរឿងនេះដែរ ក្លឹប Tick Tock Pub ក៏បានប្រកាសមិនពេញចិត្តសកម្មភាពរបស់ពិធីករដែលគេចាត់ទុកថាជាតាប៊ុយ នោះ ដូចលោកសេង មង្គល ដែរ។

Tick Tock Pub បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនថា «បុគ្គលល្បីម្នាក់ ព្យាយាមទម្លាក់លោកពូ តាមរយៈការសម្ភាសន៍ សម្ភាសន៍ចប់ ជូន 5$ លោកពូ គាត់ស៊ូណាស់ គាត់លក់បានច្រើនពេលភ្ជុំ ចុះពេលថ្ងៃធម្មតា ? ១ដើម ២០០០រៀល រាំកណ្ដាលថ្ងៃ»។

គួរបញ្ជាក់ថា លោកសេង មង្គល និងតាប៊ុយ ចាប់អាជីពជាពិធីករដូចគ្នា ហើយអ្នកទាំងពីរ មិនដែលមានបញ្ហាជម្លោះ ឬកាច់កុងគ្នាទេ នាពេលកន្លងមក ។ ចំពោះការប្រកាសរបស់លោកមង្គល ទាំងអត្តចរិត និងចំណេះដឹងនៃការគិតដាក់សំណួរនៅមានកម្រិត ដែលគេជឿថា លោកចង់និយាយសំដៅដល់តាប៊ុយ នោះ ស្របគ្នាទៅនឹងការលើកឡើងរបស់មហាជន ដែលកំពុងផ្ទុះប្រតិកម្មចំពោះពិធីកររូបនេះ។ ប៉ុន្ដែតាប៊ុយ បានរក្សារភាពស្ងៀម ស្ងាត់ មិនមានប្រតិកម្មតបអ្វីទាំងអស់ទៅអ្នកមិនពេញចិត្តលោក។ យ៉ាងណា គេចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ តាប៊ុយ កាលនោះត្រូវបានពិធីការិនីល្បី សុភ័ក្រ្ដ កុសុម៉ា ប្រតិកម្មម្ដងហើយ ដោយសារតែលោកនិយា យថា នាងបានជះលុយលើកូនកំលោះ ដើម្បីឲ្យឆាប់បានរៀបការ ។ ឥឡូវ តាប៊ុយ នៅតែមិនចោលក្បួនទៀត ពោលគឺសម្តីរបស់លោក នៅតែគ្មានការប្រុងប្រយ័ត្នដដែល ទើបនាំឲ្យលោកសេង មង្គល និងអ្នកលេងបណ្ដា ញសង្គម បានស្រុះគ្នារិះគន់លោកថាលោកជាពិធីករកំពុងតែទាញទម្លាក់បុរសលក់ស្ករទាញ ៕

