ភ្នំពេញ ៖ អតីតតារា U2 លោកអាន វិសាល បានសាងផ្នួស នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅវត្តមហាមន្រ្ដី ដែលធ្វើឲ្យមិត្តភក្ដិរួមអាជីព និង Fan របស់ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» រូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំងថា ហេតុអ្វីសុខៗ លោកវិសាល បោះបង់អាជីពចម្រៀង ទៅធ្វើជាព្រះសង្ឃ នៅពេលកំពុងរវល់តាមក្លឹប និង Pub បែបនេះទៅវិញ? ប៉ុន្ដែលោកវិសាល បានឆ្លើយតប ម្តងថា បួស២០ឆ្នាំ និងម្តងថា បួស១ជីវិត ។

ទោះជាយ៉ាងណា ការអះអាងរបស់ អាន វិសាល នាពេលនេះ អាចជាការឆ្លើយក្នុងន័យលេងសើចទៅម្ចាស់សំណួរច្រើនជាង ព្រោះគេមិនជឿថា លោកបួសអស់មួយជីវិត ឬ ២០ឆ្នាំឡើយ ដោយសាតែលោកបានបើក ហាងបាយ «អាន វិសាល ម្ហូបខ្មែរ» ហើយលោកវិសាល ជាមេចុងភៅផ្ទាល់តែម្ដង ហេតុនេះបើបួសច្រើនខែ ពេក អាចបាត់ម៉ូយអស់ជាមិនខាន ។ ចំណែកប្រភពដែលជិតស្និទ្ធអាន វិសាល បង្ហើបថា លោកមានបញ្ហាស្មុគស្មាញក្នុងចិត្តខ្លាំងក្រោយបែកបាក់ភរិយាទី២ ហេតុនេះហើយបានជាសម្រេចចិត្តជ្រើសរើសសាងផ្នួស រយៈពេលខ្លី ផ្ញើខ្លួនជាមួយព្រះធម៌ ដើម្បីឲ្យអារម្មណ៍របស់លោកបានស្ងប់វិញ។ ប៉ុន្ដែបើបញ្ហាអារម្មណ៍លោកនៅតែមិនទាន់ជ្រះថ្លា ចិត្តមិនទាន់ស្ងប់ទេ នោះលោកនឹងពន្យារពេលលាចាកសិក្ខាបទ តែមិនអាចឈានដល់ខែ ឬឆ្នាំនោះទេ ព្រោះក្រៅពីមានហាងលក់បាយ លោកក៏ជាតារាចម្រៀងប្រចាំ Pub មួយចំនួនដែរ ។


គួរបញ្ជាក់ថា អតីតតារាចម្រៀង KH, U2, M លោកអាន វិសាល ដែលល្បីបទ «ទឹកភ្នែកខ្ទើយ» និង «ផ្ដើមស្រលាញ់ ផ្ដើមអស់សង្ឃឹម» លោកអាន វិសាល បានធ្លាក់ខ្លួនមួយរយៈក្រោយចាកចេញពី U2 ដោយលោកបានលាក់ខ្លួន ទៅរស់នៅជាមួយមិត្តភក្ដិ ម្ដងនៅភ្នំពេញម្ដងនៅខេត្ត និងបែកបាក់ភរិយាទី១ បន្សល់កូន ៣នាក់ ដែលពេលនេះ ពួកគេពេញវ័យអស់ទៅហើយ។ អំឡុងបើកហាងលក់បាយ លោកវិសាល ក៏ត្រូវភរិយាទី២ រត់ចោលទៀត ធ្វើឲ្យពេលនេះ លោកក្លាយជាបុរសពោះម៉ាយ ទាំងខ្លួនមានជំងឺពុលថ្លើម ព្រោះធ្វើការយប់ ផឹក ស្រាជាប្រចាំ ជាមួយភ្ញៀវ ប៉ុន្ដែជំងឺនេះ លោកព្យាបាលទាន់ពេលវេលា ទើបមិនទាន់វិវត្តទៅកើតជំងឺមហារីក និងប៉ះពាល់ដល់ក្រលៀន ។

ទាំងអ្នកសិល្បរួមអាជីព និងទស្សនិកជន ស្ដាយនូវសមត្ថភាពច្រៀងរបស់លោកវិសាល ខណៈដែលអំឡុង ច្រៀងនៅ U2 លោកល្បីជាងខេមរៈ សិរីមន្ដ តែពេលនេះ សិរីមន្ដ ក្លាយជាឧកញ៉ា និងមានលុយចាយមិនចេះអស់ តែលោកវិសាល បាត់បង់អ្វីសឹងតែគ្រប់យ៉ាង។ ប៉ុន្ដែលោកវិសាល បានប្រឹងតស៊ូក្នុងជីវិត ទាំងជីវិតស្នេហាក៏បរាជ័យ ហេតុនេះហើយបានជាលោកជ្រើសផ្លូវយកព្រះធម៌ មករំងាប់ទុក្ខ ហើយនៅពេលអារម្មណ៍ស្រស់ថ្លា ព្រះតេជគុណ វិសាល នឹងវិលមកពង្រឹងអាជីវកម្មរបស់ខ្លួន និងបន្ដអាជីពចាស់ជាមិនខាន ។ ក្រៅពី អាន វិសាល តារាដែលធ្លាប់សាងផ្នួស មានដូចជា លោកជា វិបុល, ឆន សុវណ្ណរាជ, សាវិន ហ្វីលីព, ងួន ចាន់ដេវីត, ប៊ឺរី, ឆានុន, ណាវ៉ាត់ត្រា, នាយតាក់ស៊ី, នាយទុយ, អេឡិច ចាន់ត្រា, ដួង សុខគា និងគឹម សីហា ជាដើម ៕


