Monday, March 10, 2025
Homeព័ត៌មានជាតិចាប់ខ្លួនជ​ន​ដៃ​ដល់​រំលោភ​កូន​ស្រី​គេមិន បាន​ទាញ​ដុំឥដ្ឋ​វាយ​ស្លាប់១ របួស​ធ្ងន់៤

ចាប់ខ្លួនជ​ន​ដៃ​ដល់​រំលោភ​កូន​ស្រី​គេមិន បាន​ទាញ​ដុំឥដ្ឋ​វាយ​ស្លាប់១ របួស​ធ្ងន់៤

ខេត្តបាត់ដំបង ៖ ជនកំណាចដែលបានធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីម្នាក់ ក្នុងបន្ទប់ទឹក តែមិនបានសម្រេច ក៏ផ្ទុះកំហឹង ទាញដុំឥដ្ឋវាយសំពង បំណងសម្លាប់ផ្តាច់ពូជ បណ្តាលឱ្យមនុស្ស៤នាក់ ទទួលរងរបួសធ្ងន់ ចំណែកទារិកាម្នាក់ ត្រូវស្លាប់យ៉ាងអាណោច- អាធ័ម នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន កាលពីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងមកនោះ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ កាលពី វេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិតាណាក ឃុំគារ ស្រុកមោងប្ញស្សី។

ជនដៃដល់ជាឃាតករដៃឆៅចិត្តកំណាច ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ហុង ពិសី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សប្រមឹកផង ញៀនថ្នាំផង រស់នៅ ភូមិកើតហេតុខាងលើជាមួយគ្នា។ ចំណែក ទារិកាអភ័ព្វដែលត្រូវជនកំណាចវាយនឹងដុំឥដ្ឋ បណ្តាលឱ្យស្លាប់យ៉ាងវេទនាបំផុតនោះ មាន ឈ្មោះសួន នុត ទើបនឹងមានអាយុ១ខែប៉ុណ្ណោះ។ ចំណែកម្តាយកូន៣នាក់ដែលត្រូវជនកំណាច វាយឱ្យរងរបួសធ្ងន់ រួមមាន ទី១-ស្ត្រីជាម្តាយ ឈ្មោះប្រាក់ ផល្លា អាយុ៣០ឆ្នាំ (របួសធ្ងន់) ត្រូវជាម្តាយ ទី២-ឈ្មោះសួន ស្បៃ ភេទស្រី អាយុ១១ឆ្នាំ (ត្រូវជនសង្ស័យ ប៉ងចាប់រំលោភ និងវាយឱ្យរងរបួសធ្ងន់) និងទី៣-ឈ្មោះសួន ធិ ភេទប្រុស អាយុ៤ឆ្នាំ (របួសធ្ងន់)។ ជនរងគ្រោះ ទាំង៤នាក់ម្តាយកូន មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលត្រូវជនដៃដល់វាយឱ្យរងរបួសដែរនោះ មានឈ្មោះស្ងួន សុង ភេទ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកមោងប្ញស្សី បានបញ្ជាក់ថា ក្រោយពីកើតមានករណីឃាតកម្ម ដ៏សាហាវឃោរឃៅខាងលើមក សមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញាបាន និងដឹង ថា ជនសង្ស័យបានរត់គេចទៅសម្ងំលាក់ខ្លួននៅ ចំណុចភូមិតាណាក ឃុំគារ ស្រុកមោងប្ញស្សី។ បន្ទាប់មកលោកអធិការ បានរាយការណ៍ទៅ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនយុត្តិធម៌ ហើយក៏សុំដីកាពីសាលា ដំបូងខេត្តបាត់ដំបង និងត្រូវបានលោកសេង ផានិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បាត់ដំបង ចេញដីកាលេខ១៦ ដបចខ ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ សម្រេចឱ្យចុះឃាត់ ខ្លួនជនសង្ស័យជាឃាតករ ឈ្មោះហុង ពិសី បាន កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧តែម្តង។

ជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ច នាំទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់- ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ មាន ករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បាន កើតឡើងនៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយជនកំណាចមានចិត្តជា សត្វតិរច្ឆានម្នាក់ បានចាប់រំលោភសេពសន្ថវៈ ក្មេងស្រីម្នាក់ ក្នុងបន្ទប់ទឹក លុះខឹងក្មេងស្រី ស្រែកឆោឡោផ្អើលដល់ម្តាយចុះមកជួយ ក៏ទាញ ដុំឥដ្ឋវាយសំពងទាំង២នាក់ម្តាយកូន បណ្តាល ឱ្យរងរបួសធ្ងន់ និងបានទៅវាយកូនតូចរបស់ ស្ត្រីរងគ្រោះ២នាក់ទៀតកំពុងដេកក្នុងមុង បណ្តាល ឱ្យកូនស្រីទើបកើតបាន១ខែស្លាប់យ៉ាងអាណោច- អាធ័ម ចំណែកកូនប្រុសម្នាក់ទៀតទទួលរងរបួសធ្ងន់ លុះបុរសអ្នកភូមិម្នាក់រត់ចូលមក ជួយ ក៏ត្រូវជនកំណាចខាងលើ វាយបណ្តាល ឱ្យរបួសថែមម្នាក់ទៀត សរុបមានអ្នករងរបួស ធ្ងន់៤នាក់ និងស្លាប់ទារិកាម្នាក់។

តាមសម្តីបុរសរគ្រោះឈ្មោះស្ងួន សុង រស់នៅក្បែរផ្ទះស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ គាត់បានឮសំឡេង ក្មេងស្រីរងគ្រោះឈ្មោះសួន ស្បៃ ស្រែកចេញ ពីបន្ទប់ទឹកខាងក្រោយផ្ទះរបស់នាង តែគាត់ មិនបានចាប់អារម្មណ៍ទេ ស្មានថាក្មេងស្រីរងគ្រោះមិនព្រមងូតទឹកត្រូវម្តាយវាយ។ លុះ បន្តិចក្រោយមក គាត់ក៏ឮសម្រែកក្មេងស្រីរងគ្រោះជាលើកទី២ ទើបសង្ស័យ ក៏ស្ទុះចេញ ទៅមើលជាមួយនឹងអ្នកភូមិ ២-៣នាក់ទៀត ស្រាប់តែទៅដល់ ក៏ត្រូវជនសង្ស័យឈ្មោះសី ទាញដុំឥដ្ឋស្ទុះមកវាយគាត់ទាំងកំរោល បណ្តាល ឱ្យរងរបួស ចំណែកអ្នកភូមិ២-៣នាក់ទៀត រត់គេចខ្លួនទាន់។ បន្ទាប់មក ជនសង្ស័យក៏រត់ គេចខ្លួនបាត់ស្រមោល ទើបមានការផ្អើលឆោឡោថា ជនសង្ស័យឈ្មោះសី ចាប់រំលោភកូន ស្រីគេមិនបាន ក៏ទាញដុំឥដ្ឋវាយម្តាយកូនជន- រងគ្រោះចំនួន៤នាក់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់ ព្រមទាំងវាយគាត់ដែលរត់ ចូលទៅជួយ បណ្តាលឱ្យរបួសម្នាក់ទៀតផង។

តាមសម្តីស្ត្រីរងគ្រោះឈ្មោះប្រាក់ ផល្លា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងកំពុងដេកបំបៅដោះកូនតូចក្នុងមុងលើផ្ទះ ដោយមានកូនប្រុសម្នាក់ អាយុ៤ឆ្នាំដេកនៅ ក្បែរផង លុះបន្តិចក្រោយមក គាត់ឮសូរសំឡេង កូនស្រីឈ្មោះសួន ស្បៃ ដែលចុះទៅងូតទឹកនៅ ក្រោមផ្ទះស្រែកយំ ទើបនាងដាក់កូនតូចទាំង២ ឱ្យដេកក្បែរគ្នាក្នុងមុងរួចប្រញាប់ចុះមកដីមើល កូនស្រីី លុះមកដល់បន្ទប់ទឹក ក៏ឃើញកូនស្រី រត់ចេញមកប្រាប់នាងថា ពូសី ចាប់ខ្ទប់មាត់ ប្រុងរំលោភនាងនៅក្នុងបន្ទប់ទឹក ស្រាប់តែ ភ្លាមនោះ ក៏លេចមុខជនសង្ស័យស្ទុះចេញពីក្នុង បន្ទប់ទឹកមកទាញដុំឥដ្ឋចំនួន២ដុំ វាយសំពង នាង និងកូនស្រី ចំក្បាលបណ្តាលឱ្យរងរបួស ធ្ងន់បែកក្បាលទាំង២នាក់ លុះភ័យពេកពួក នាង ក៏រត់ចេញមកសម្ងំនៅក្រៅរបងផ្ទះប្រមាណ ១៥នាទី ទើបនឹកឃើញដល់កូនប្រុសស្រីតូចៗ ចំនួន២នាក់ទៀត ដែលដេកនៅក្នុងមុងលើផ្ទះ ក៏ប្រញាប់ស្ទុះឡើងលើផ្ទះមើលកូនៗ ស្រាប់តែ ប្រទះឃើញមុងដែលកូនតូចរបស់នាងដេក ដាច់ខ្ទេចខ្ទីអស់ លុះពេលនាងបើកមុងមើល ក៏ឃើញកូនស្រីតូចអាយុទើបនឹងបាន១ខែមាន ឈាមហូរ ចេញតាមមាត់ និងច្រមុះ ចំណែក កូនប្រុសអាយុ៤ឆ្នាំ ដែលដេកក្បែរគ្នា ស្រែកយំ បានតែបន្តិច ក៏សន្លប់បាត់មាត់បាត់កទៅវិញ ទើបនាងប្រញាប់បីកូនទាំង២ចុះមកដី ស្រែក ឆោឡោ ផ្អើលអ្នកភូមិចេញមកជួយដឹកបញ្ជូន នាងនិងកូនៗទាំង៣នាក់ទៅកាន់មន្ទីរពេទ្យ លុះទៅដល់ គ្រូពេទ្យបានប្រាប់ថាកូនស្រីតូច របស់នាងបានស្លាប់បាត់ទៅហើយ ព្រោះតែ ទទួលរងការវាយដំនឹងវត្ថុរឹងចំផ្ទៃមុខ។ ចំណែក នាងនិងកូនៗ២នាក់ទៀត ព្រមទាំងបុរសអ្នក ភូមិដែលរស់នៅក្បែរផ្ទះគ្នាម្នាក់ទៀត សុទ្ធតែ រងរបួសធ្ងន់បែកក្បាល រយះមុខមាត់ដូចគ្នា ព្រោះតែត្រូវជនកំណាចវាយសំពងនឹងដុំឥដ្ឋ។

គួរបញ្ជាក់ថា ជនសង្ស័យជាឃាតករដៃ ឆៅ ឈ្មោះសី កន្លងមកធ្លាប់បានគ្នាជាប្តីប្រពន្ធ ជាមួយនឹងក្មួយស្រីរបស់ស្ត្រីរងគ្រោះ ហេតុនេះ ជនសង្ស័យត្រូវជាក្មួយប្រសារបស់ស្ត្រីរងគ្រោះ។ ប៉ុន្តែក្រោយពីរួមរស់នឹងគ្នាមិនចុះសម្រុង ដោយសារជនសង្ស័យជាមនុស្សប្រមឹកផង ញៀនថ្នាំ ផង ទើបចេះតែមានរឿងរកាំរកូសក្នុងគ្រួសារ រហូតឈានដល់ការលែងលះគ្នាដាច់ស្រេច អស់ រយៈពេល៣ឆ្នាំមកហើយ ស្រាប់តែពេលនេះ ជនសង្ស័យបានចូលមកចាប់រំលោភកូនស្រីស្ត្រីរងគ្រោះមិនបាន ផ្ទុះកំហឹង ក៏រាលដាលទៅជា ប៉ងវាយសម្លាប់គ្រួសារស្ត្រីរងគ្រោះផ្តាច់ពូជ តែម្តង៕

RELATED ARTICLES