ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (Jokowi) បានណែនាំដល់គណៈរដ្ឋមន្ត្រីរបស់លោកពីការដាក់ទិសដៅសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៥,៤%ទៅ៦,១%ក្នុងឆ្នាំ២០១៨ ។
លោកបានថ្លែងក្នុងអំឡុងពេលបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធថាជាមួយនិងភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចពិភពលោក យើងចាំបាច់ត្រូវតែពុះពារឲ្យបានសមគួរក្នុងការបង្កើនទិសដៅពង្រីកកំណើនសេដ្ឋកិច្ចរបស់យើងនៅចន្លោះ៥,៤%និង៦,១% ។
លោក Jokowi បានអំពាវនាវដល់គណៈរដ្ឋមន្ត្រីរបស់លោកឲ្យមានសុទិដ្ឋិនិយម ប៉ុន្តែក៏ត្រូវប្រាកដនិយមនៅពេលតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋឆ្នាំ២០១៨ ។ ជាងនេះទៅទៀត លោកបានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកពិចារណានិងធ្វើសកម្មភាពដើម្បីនឹងសម្រេចឲ្យបានតាមទិសដៅរបស់ពួកគេ ។
លោកបានថ្លែងថារដ្ឋមន្ត្រីមកពីគ្រប់ក្រសួងត្រូវតែខិតខំបំពេញការងារនិងប្រតិបត្តិនូវការបោះជំហាននេះឲ្យបានច្បាស់លាស់ ។ រដ្ឋមន្ត្រីទាំងអស់មិនគួរធ្វើការងារតាមទម្លាប់ដដែលក្នុងឥរិយាបថពាណិជ្ជកម្មជារឿងធម្មតានោះឡើយ។
គួរបញ្ជាក់ថាផលិតផលក្នុងស្រុកសរុប(GDP) បានកើនឡើង៥,០២%កាលពីឆ្នាំ២០១៦ ទាបជាងទិសដៅចំនួន៥,២%។ នៅក្នុងថិវការដ្ឋឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចត្រូវបានគេដាក់ទិសដៅសម្រេចឲ្យបាន៥,១% ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា