ចិន៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានថ្លែងកាលពីថ្ងៃពុធថាចិននឹងមិនបញ្ចុះតម្លៃប្រាក់យន់ដើម្បីជួយលើកស្ទួយការនាំចេញទំនិញរបស់ខ្លួនឡើយ។
លោក Li បានថ្លែងនៅក្នុងសន្និសិទកាសែតមួយក្រោយពីបិទសម័យប្រជុំសភាប្រជុំឆ្នាំថា កាលពីឆ្នាំទៅទីផ្សាររូបិយប័ណ្ណបរទេសអន្តរជាតិបានឆ្លងកាត់នូវនិន្នាការមិននឹងនឬឡើងចុះខ្លះៗហើយ ម្យ៉ាងបណ្តារូបិយប័ណ្ណធំៗបានចុះថោកធៀបនឹងប្រាក់ដុល្លារអាមេរិកទៀតផង ។
លោកបានបន្ថែមថាការធ្លាក់ថ្លៃនៃប្រាក់យន់ចិនធៀបនឹងដុល្លារអាមេរិកគឺស្ថិតក្នុងកម្រិតសមហេតុផលបំផុត ។
លោក Li បានលើកឡើងថាចិនមិនមានគោលបំណងទម្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួនដើម្បីជំរុញការនាំចេញឡើយ ស្របពេលដែលការបម្រែបម្រួលនេះមិនអំណោយផលល្អសម្រាប់បណ្តាក្រុមហ៊ុននានា។ ចិនមិនមានក្តីរំពឹងថានឹងប្រឡូកក្នុងសង្គ្រាមពាណិជ្ជកម្មណាមួយឡើយ ដោយសារតែទាំងនោះគឺមិនអំណោយផលល្អសម្រាប់ស្ថិរភាពពាណិជ្ជកម្មអន្តរជាតិនិងប្រព័ន្ធរូបិយប័ណ្ណ។
ចិននឹងបន្តជំរុញការកែទម្រង់ឆ្ពោះទៅមុខលើយន្តការរៀបចំអត្រាប្តូរប្រាក់របស់ខ្លួន និងផ្អែកតាមប្រព័ន្ធគ្រប់គ្រងអត្រាប្តូរប្រាក់អណ្តែតដែលបានកំណត់ដោយតម្រូការនិងការផ្គត់ផ្គង់ទីផ្សារ។
ទោះជាយ៉ាងណាលោកលីបានបញ្ជាក់ថាចិននៅតែមានរូបិយប័ណ្ណបម្រុងច្រើនជាងគេបំផុតលើពិភពលោកដដែល ដែលគ្រប់គ្រាន់បង់សម្រាប់ការនាំចូលនិងសងបំណុលខាងក្រៅរយៈពេលខ្លី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា