ភ្នំពេញ ៖ លោកឈិន កុសល ដែលត្រូវជាឪពុកក្មេកនាយព្រែក បានប្រកាសលើឆាកពិធី នៅចំពោះមុខកូនស្រី និងកូនប្រសាថា លោកចង់បានចៅពឆាប់ៗ សង្ឃឹមថា កូនទាំងពីររបស់លោក នឹងបំពេញបំណងនេះ ។ នាយព្រែក ញញឹមបិទមាត់មិនជិតឡើយ ខណៈមុនីនាថ ញញឹមអឹមអៀន ។ ដោយឡែកតារាសម្ដែង គង់ បុប្ផា ដែលទើបមកពីអាមេរិក ចូលរួមមង្គលការនាយព្រែក-មុនីនាថ និងថានាងរាប់អានឪក្មេកលោក រតនៈ គឺលោកឈិន កុសល ដូចបងប្អូនបង្កើត ព្រោះមានផ្ទះនៅជិតគ្នានោះ បានជូនពរឲ្យប្ដីប្រពន្ធវ័យក្មេង ១គូនេះ បានកូនពេញមួយកន្ទេលតែម្ដង ។


គួរបញ្ជាក់ថា លោកខេង រតនៈ ហៅនាយព្រែក កូនប្រុសអ្នកកំប្លែង អាយ៉ៃ លោកស្រី នួន សារី ហៅយាយយ៉យ បានដឹកដៃកញ្ញា ឈិន មុនីនាថ កូនស្រីអតីតតារាចម្រៀង ឈិន កុសល រៀបការនៅនៅសាលប្រជុំ បន្ទាយសុវត្ថិភាព ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីពួកគេស្រ លាញ់គ្នា ៦ឆ្នាំ ហើយលោក រតនៈ បានសុំគូស្នេហ៍ រៀបការ កាលពីថ្ងៃទី២៨ ខែសីហា នៅសណ្ឋាគារ Faifield ។ បើទោះជា នាយព្រែក និងភរិយា មិនមែនជាតារាមានឥទ្ធិពលខ្លាំងនៅក្នុងពិភពសិល្បៈ ប៉ុន្ដែភ្ញៀវមន្រ្ដីធំៗ ជាច្រើនបានចូលរួមពិធីអាពាហ៍ពិពាហ៍នាយ ពិសេសគឺវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធ សភា, សម្ដេចម៉ែន សំអន, លោកហ្វៃ សំអាង, លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត, លោកស្រី យឹម ឆៃលីន, អ្នកឧកញ៉ា អ៊ឹង ឆៃងួន, អ្នកឧកញ៉ា លី ម៉េង និងមន្រ្ដីធំៗ រួមទាំងតារាល្បីៗជាច្រើនរូបទៀត ។ ចំណែកការរៀបអាពាហ៍ពិពាហ៍ នៅបន្ទាយសុវត្ថិភាព ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាទីតាំងយោធាបែបនេះ ក៏ជាលើកទី១ ផងដែរ សម្រាប់មង្គលការតារាខ្មែរ ៕




