ភ្នំពេញ ៖ លោកកិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីល្បាញ ប្រចាំព្រះរាជា ណាចក្រកម្ពុជា ក្នុងវ័យ ៧៥ឆ្នាំ ហាក់មានសុខភាពទ្រុឌទ្រោម ដើរទប់ខ្លួនសឹងមិនរួច ដោយមានអ្នកគ្រា ដោយ សាតែលោកឈឺជើងឆ្វេង និងទើបព្យាបាលភ្នែក ខាងស្ដាំ ស្រដៀងកន្ទុយថ្លែន នៅមន្ទីពេទ្យកាល់ម៉ែត ។ លោកព្រហ្ម ម៉ាញ ថាលោកនៅមានសមត្ថភាពអាចច្រៀងអាយ៉ៃ បាន ប៉ុន្ដែដោយឃើញពីស្ថានភាពសុខភាពលោកមិនទាន់ប្រសើរ ទើបសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យលោកឈប់ច្រៀង ងាកមកថែទាំសុខភាព ឲ្យបានល្អឡើងវិញ។



លោកព្រហ្ម ម៉ាញ ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ថា សម្ដេចហ៊ុន សែន ឃើញលោកដើរកាន់ឈើច្រត់ ក៏ដេញឲ្យទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត នៅបន្ទប់របស់សម្ដេច តែម្ដង ដោយសម្ដេច ជាអ្នកចេញថ្លៃពេទ្យ ឲ្យទាំងអស់ មួយថ្ងៃ ៥០០ដុល្លារ ធ្វើឲ្យស្ថានភាពជើងឆ្វេងលោក បានប្រសើរជាងមុន មិនបាច់កាន់ឈើច្រត់។ ប៉ុន្ដែលោកមានបញ្ហាស្រវាំងភ្នែកខាងស្ដាំ ស្រដៀងកន្ទុយថ្លែន ក៏ឲ្យពេទ្យព្យាបាលឲ្យ ភ្លេចថែទាំជើងដែលនៅមិនទាន់ជា ១០០% ដែលបញ្ហាគឺមកពីលោកផ្ដោតលើការព្យាបាលភ្នែកជាង ភ្លេចលាបប្រេងកូឡាជើងឈឺ។


លោកព្រហ្ម ម៉ាញ ថា តាមពិត លោកមកស្រុក តាំងពីខែមករា ឆ្នាំ២០២៥ ហើយស្ថានភាពសុខភាពលោក ចុងក្រោយនេះ តាមពិតគឺនៅតែអាចច្រៀងអាយ៉ៃ បាន ប៉ុន្ដែដោយទទួលបានដំបូន្មានពីសម្ដេច ហ៊ុន សែន ឲ្យលោកផ្អាកច្រៀង ផ្ដោតលើការថែទាំសុខភាព ឲ្យល្អសិន ទើបលោកមិនទាន់អាចវិលមកច្រៀងអាយ៉ៃ ដូចមុនបានទេ។ ជាមួយគ្នានេះដែរ លោកព្រហ្ម ម៉ាញ ក៏បានរំលឹកដែរថា លោកនិងសម្ដេចហ៊ុន សែន ធ្វើក្លើគ្នា តាំងពីឆ្នាំ១៩៨៤ ហើយសម្ដេចមិនភ្លេចលោកទេ ពិសេសពេលឃើញលោកបាក់ធ្មេញ សម្ដេច ដេញលោក ឲ្យទៅដាក់ធ្មេញ និងបានឧបត្ថម្ភលោក ជាប្រចាំ ក្នុង១ខែ ចំនួន១០០០ដុល្លារទៀតផង ។ លោកព្រហ្ម ម៉ាញ បន្ថែមថា នៅឆ្នាំ២០២៥ នេះ លោកមានអាយុ ៧៥ឆ្នាំហើយ ពោលគឺអាយុស្មើសម្ដេច ស ខេង និងបងសម្ដេច ហ៊ុន សែន ១ឆ្នាំ ព្រោះសម្ដេច ឆ្នាំនេះអាយុ៧៤ឆ្នាំ ។ លោកថា សម្ដេចហ៊ុន សែន បានតែងតាំងលោក ជាទីប្រឹក្សារបស់សម្ដេច ហើយពេលសម្ដេច ទៅណា លោកមានតួនាទីទៅទីនោះ ឲ្យបានដល់មុនសម្ដេច ទៅដល់។ ចំណែកកាលពីឆ្នាំ២០២២ លោកត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភា ជា «កិត្តិឧទ្ទេសបណ្ឌិត» ផងដែរ ។

ទាក់ទងរឿងវិលត្រឡប់ទៅជួបជុំប្រពន្ធកូន នៅអាមេរិក វិញ លោកព្រហ្ម ម៉ាញ ដែលចាប់អាជីពសិល្បៈ រយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥) និងបានបង្ហាញខ្លួនចូលរួមពិធីមង្គលការនាយព្រែក កូនអ្នកកំប្លែង អាយ៉ៃ លោកស្រី នួន សារី ហៅយាយយ៉យ ដែលជាដន្លងលោកនោះថា មិនទាន់អាចកំណត់ពេលវេលាជាក់លាក់ទេ ខណៈដែលលិខិតឆ្លងដែនរបស់លោកមានសុពលភាព ដល់ឆ្នាំ២០២៧ ៕
