ភ្នំពេញ ៖ គ្រូបង្ហាត់ជំនាញសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ធំមួយ ដែលមានឈ្មោះថា «បួងសួងសុំពរជ័យមហាបុព្វបុរសខ្មែរ និងពិធីដាល់អំបុក លីងអំបុកជ័យ» ដែលពិធីនេះ ធ្វើនៅថ្ងៃសៅរិ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តទេពរង្សី ហៅវត្តថ្មី ស្ថិតនៅផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ២០ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយ២០គីឡូម៉ែត្រ ពីវត្តភ្នំ ចាប់ផ្ដើមពីម៉ោង ១រសៀល ដល់យប់ នឹងមានព្រឹត្តិការណ៍សិល្បៈធំមួយទៀត ដែលជាការច្របាច់បញ្ចូលគ្នា រវាងរបាំបុរាណ ចំនួន៣ឲ្យក្លាយទៅជាយីកេ មួយទម្រង់ ជាផ្ទាំងទស្សនីយភាពការសម្ដែង ដែលមានការរៀបចំដោយលោកគ្រូជំនាញសិល្បៈ និងសិល្បករជាសិស្សចេញពីសាលាវិចិត្រផ្ទាល់តែម្ដង ដែលមានឈ្មោះថា «យីកេបួងសួងដួងព្រលឹងបុព្វបុរសខ្មែរ»។

លោក កែវ សាស្រ្ដា ប្រធានមូលនិធិដើម្បីស្នាមញញឹមនៅកម្ពុជា និងជាអ្នករៀបចំកម្មវិធី «បួងសួងសុំពរជ័យមហាបុព្វបុរសខ្មែរ និងពិធីដាល់អំបុក លីងអំបុកជ័យ» បានឲ្យដឹងថាគោលបំណងធំបំផុតនៃកម្មវិធីនេះ គឺដើម្បីបួងសួងសុំពរជ័យ ឲ្យវីរកងទ័ពជូរមុខ បានឈ្នះគ្រប់សមរភូមិ សុំលាភសុំជ័យ ឲ្យប្រជាពលរដ្ឋខ្មែរភៀសសឹក បានសុខ កុំឲ្យរងទុក្ខញាំញីដោយសារតែភ្លើងសង្រ្គាម កុំឲ្យមានជំងឺតម្កាត់បៀតបៀនទៀត។ លោកសាស្រ្ដា បន្ថែមថា អ្វីដែលពិសេស គឺពិធីនេះ នឹងធ្វើការគោរពវិញ្ញាណក្ខន្ធកងទ័ពពលីលើសមរភូមិ រួមទាំងពលរដ្ឋស្លូតត្រង់ដែលត្រូវស្លាប់ដោយសារចោរសៀមឈ្លានពាន ធ្វើឲ្យបាត់បង់ជីវិតរបស់ពួកគាត់ ដែលមានការស្មឹង ស្មាធ ផ្សាយមេត្តាធម៌ ដាល់អំបុក រួមទាំងការចុះគាថាជ័យ ដាស់មន្ដគាថាធ្វើម៉េចឲ្យអំបុកនោះ មានកម្លាំង ដែលកងទ័ពជួរមុខ ទទួលទានហើយ ឈ្នះគ្រប់សមរភូមិ ហើយធ្វើទាំងផ្លូវក្នុងនិងក្រៅ ទាំងអស់គ្នាតែម្ដង។ លោកថា ព្រឹត្ដិការណ៍នេះ ក៏មានការវាយគង វាយឃ្មោះ គោះកុលបុត្រ កុលធីតាខ្មែរ យុវជនខ្មែរ ឲ្យភ្ញាក់ឡើង ក្រោកឡើងរួមសាមគ្គីគ្នា គឺទឹកដីយើង មានតែ១ បើទោះគេដុតនៅខាងក្រៅហើយ ក៏ត្រូវឲ្យយកធាតុមកទុកនៅដីខ្មែរនេះវិញដែរ ។ លោកបន្ថែមទៀតថា កម្មវិធីនេះ មហាគ្រួសារខ្មែរ អាចចូលរួមដោយសេរី គឺយើងដាល់អំបុក លីងអំបុក នៅវត្ត ជាមួយគ្នា។

លោក ភួង ពិសិដ្ឋ គ្រូបង្ហាត់ផ្នែកល្ខោន និងយីកេ នៅសាលាមធ្យមវិចិត្រសិល្បៈ ថ្លែងថា ការបញ្ចូលគ្នារវាងរបាំ និងយីកេ ព្រោះយីកេ ជាទម្រង់មួយដាច់ដោយឡែក ឲ្យទម្រង់នេះចេញតែមួយ គឺមានន័យថា គឺយើងភ្ជាប់ពីរបាំមួយ ទៅរបាំមួយទៀត មិនឲ្យដាច់វគ្គទេ គឺឲ្យរលូន ដើម្បីឲ្យគេចាប់អារម្មណ៍។ លោកថា យីកេ បង្ហាញពីការដាស់អារម្មណ៍ឲ្យភ្ញាក់ ជាផ្ទាំងទស្សនីយភាពមួយ សម្រាប់ទស្សនិកជនយើង។ លោកពិសិដ្ឋ បន្ថែមថា យីកេនេះ បង្ហាញពីការបួងសួង ទី១ សូមឲ្យបុព្វបុរស និងបងប្អូននៅតាមសមរភូមិទាំងអស់ មានទំនុកទុកចិត្ត យើងសហការគ្នា អំបុក ធ្វើឲ្យមានកម្លាំង ហើយសិល្បៈ ដូចជាការបួងសួងឲ្យមានអារម្មណ៍ជ្រះថ្លា ក្នុងផ្លូវគំនិតដែរ ។

ចំណែកលោកប៉ូច សំអូន គ្រូបង្ហាត់ផ្នែករបាំ នៅសាលាមធ្យមវិចិត្រសិល្បៈ បានឲ្យដឹងដែរថា «ទម្រង់ទាំងអស់ គេបានធ្វើហើយ នៅតែយីកេ មួយ អត់ទាន់មានគេធ្វើ ហេតុនេះ យើងក៏ពិភាក្សាគ្នាធ្វើពិធីយីកេ បួងសួងនេះឡើង យើងបញ្ចូលទាំងហោមរោង ទាំងបួងសួង ពីការប្ដេជ្ញាចិត្ត» ។ លោកថា ទម្រង់យីកេ ទោះជាទន់ភ្លន់មែន ប៉ុន្ដែពេលតាំងចិត្ត គឺមើលទៅឃើញរឹងមាំ ដោយសាតែផ្លូវចិត្ត។ លោកសង្កត់ថា «យើងមិនចង់ឈ្លានពានអ្នក ណាទេ ប៉ុន្ដែបើគេមកឈ្លានពាន យើងមានតួនាទីជាអ្នក «ទប់ទល់»។ លោកថា កម្មវិធីខាងលើ ជាការបញ្ចូលគ្នាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍ អ៊ីចឹងដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពដែលបានលាចាក និងបួងសួង សុំម្ចាស់ទឹកដី ដែលលោកមានឫទ្ធិអំណាចជួយឃុំគ្រងវីរកងទ័ពខ្មែរយើង នៅជាយដែន ឲ្យលោកមានកម្លាំង គឺប្រជាជនយើង នៅពីក្រោយ លោកបានបួងសួង មានទឹកចិត្ត តាមរយៈអំបុក ពេលគាត់ពិសាទៅ គាត់មានកម្លាំង ហាក់បីដូចជាអំណាចមួយ ទប់ទល់ជាមួយសត្រូវ គ្រប់សមរភូមិទាំងអស់ ។

អ្នករៀបចំព្រឹត្តិការណ៍ «បួងសួងសុំពរជ័យមហាបុព្វបុរសខ្មែរ និងពិធីដាល់អំបុក លីងអំបុកជ័យ» លោក កែវ សាស្រ្ដា ក៏ចង់ឃើញមានការចូលរួមពីមហាជន ពិសេសពីសំណាក់ថ្នាក់ដឹកនាំ ពីបងប្អូនដែលមានប្រជាប្រិយ ភាពសង្គម អ្នកសិល្បៈ Influencer ដើម្បីទឹកដីយើងទាំងអស់គ្នា គឺរួមរួមគ្នាជាកម្លាំងសាមគ្គី ទឹកចិត្តគោរពដល់វីរកងទ័ព និងជនភៀសសឹក ដែលកំពុងរងទុក្ខដោយចោរសៀម ឈ្លានពាន៕

