Thursday, December 5, 2024
Homeព័ត៌មានជាតិរឿងគួរនិងមិនគួរធ្វើ ពេលប្រើថ្នាំបន្តក់ភ្នែក

រឿងគួរនិងមិនគួរធ្វើ ពេលប្រើថ្នាំបន្តក់ភ្នែក

ថ្នាំបន្តក់ភ្នែក ថ្វីត្បិតជាការណែនាំរបស់គ្រូពេទ្យក៏ដោយ តែបើប្រើប្រាស់ខុសក្បួន វាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពបាន ។ ហេតុនេះ អ្នកគួរដឹងពីចំណុចគួរ និងមិនគួរធ្វើដូចខាងក្រោម​​ ៖

១-កុំប្រើច្រើនពេក ៖
កំហុសមួយរបស់មនុស្សគឺ បន្តក់ម្តងច្រើនតំណក់ពេក។ គ្រូពេទ្យបានឱ្យដឹងថា ទឹកថ្នាំមួយតំណក់ ជាការគ្រប់គ្រាន់ហើយ។ ទោះជាបន្តក់ច្រើនក៏វាហៀរចេញ ឥតប្រយោជន៍ដែរ។

២-កុំប្រើច្រើនប្រភេទក្នុងពេលតែមួយ ៖
ព្រោះវាកាន់តែធ្វើឱ្យអន់ថយប្រសិទ្ធភាពទៅវិញទេ។ បើគ្រូពេទ្យណែនាំឱ្យបន្តក់តែម្តងក្នុងមួយថ្ងៃ  គួរប្រើតាមការណែនាំ កុំឡូកឡំជាមួយថ្នាំដទៃ។

៣-ប្រើឱ្យទៀងទាត់ ៖
បើប្រើតិចពេក ក៏មិនល្អ ហើយច្រើនពេកក៏មិនល្អដែរ។ យកល្អគួរមានវត្ថុតឿន ដូចជា នាឡិកា ឬកំណត់ចំណាំថា ដល់ពេលត្រូវប្រើថ្នាំ។

៤-ពិនិត្យមើលថ្ងៃផុតកំណត់ ៖
វាជារឿងសំខាន់បំផុត ដើម្បីសុវត្ថិភាពភ្នែករបស់អ្នកផ្ទាល់តែម្តង។ បើជិតដល់ថ្ងៃ ឬលើសថ្ងៃ ហួសកំណត់មិនត្រូវយកវាមកប្រើឡើយ ចៀសវាងឈឺភ្នែកឥតអំពើ។

៥-កុំទិញមកប្រើដោយខ្លួនឯង ៖
ជាញឹកញាប់ អ្នកមានបញ្ហារមាស់ភ្នែក ឬមានភ្នែកក្រហម ច្រើនទិញថ្នាំមកបន្តក់ដោយខ្លួនឯង មិនបានសុំការណែនាំពីគ្រូពេទ្យនោះទេ។ បើវាជាបញ្ហាតូចតាច ក្រោយពីបន្តក់ថ្នាំរួច នឹងជាសះស្បើយ តែក្នុងករណីធ្ងន់ អ្នកចាំបាច់ត្រូវតែទទួលថ្នាំពីគ្រូពេទ្យ។

៦-ដឹងច្បាស់ថាប្រើថ្នាំអ្វី ៖
មិនមែនឱ្យតែថ្នាំបន្តក់ អាចប្រើជំនួសគ្នាបានឡើយ អ្នកខ្លះបានយកថ្នាំបន្តក់ត្រចៀកមកបន្តក់ភ្នែក។ នេះជារឿងគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះស្រួលមិនស្រួល វាអាចធ្វើឱ្យខ្វាក់ក៏ថាបាន។

៧-វិធីបន្តក់ដែលត្រឹមត្រូវ ៖
តាមការណែនាំរបស់គ្រូពេទ្យគឺ បន្តក់នៅគល់ភ្នែក ឬចុងភ្នែក ដើម្បីឱ្យវាជ្រាបចូល មិនមែនបន្តក់ផ្ទាល់ចំកណ្តាលប្រស្រីភ្នែកនោះឡើយ៕

RELATED ARTICLES