ជំងឺផ្តាសាយ ងាយនឹងកើតបំផុត បើអ្នកមិនបានថែទាំខ្លួន ឬឆ្លងពីអ្នកនៅក្បែរ។ ដូចនេះ បើផ្តាសាយ គួរថែទាំខ្លួនឱ្យរាងកាយរឹងមាំសិន និងតមអាហារ ដូចជា ៖
១-ទឹកក្រូចមានហ្គាស ៖
ជាតិស្ករនៅក្នុងភេសជ្ជៈប្រភេទនេះ កាន់តែធ្វើឱ្យរាងកាយក្តៅ ងាយនឹងរលាកអវយវៈក្នុងរាងកាយ ងាយឆ្លងមេរោគ ព្រោះតែ ប្រព័ន្ធការពាររាងកាយកំពុងតែខ្សោយស្រាប់។ បើចង់ផឹក គួរផឹកទឹកដូង ឬទឹកផ្លែឈើស្រស់ៗ ទើបជាការប្រសើរ។
២-ផលិតផលធ្វើពីទឹកដោះគោ ៖
ចំពោះអ្នកប្រតិកម្មជាមួយនឹងប្រូតេអ៊ីនក្នុងទឹកដោះគោ គួរចៀសវាង ព្រោះវាអាចធ្វើឱ្យសម្បោរខាប់ ពិបាកដកដង្ហើមជាងធម្មតា។ តែបើគ្មានបញ្ហានេះ អ្នកអាចទទួលទានទឹកដោះគោក្តៅៗ ឬទឹកដោះគោជូរ សម្បូរវីតាមីន D ដើម្បីបង្កើនប្រូបៃអូទិកក្នុងរាងកាយ ប្រឆាំងនឹងជំងឺ។
៣-គ្រឿងស្រវឹង ៖
ធ្វើឱ្យថ្នាំដែលលេបចូលទៅគ្មានប្រសិទ្ធភាពឡើយ។ ដូចនេះ បើដឹងថា កំពុងផ្តាសាយ គួរផ្អាកស្រា ឬភេសជ្ជៈដែលមានជាតិស្រវឹងគ្រប់ប្រភេទ។
៤-នំប៉័ងនិងនំស្រួយ ៖
ជាពិសេស នំដែលធ្វើពីម្សៅខាត់ឱ្យស ព្រោះវាងាយនឹងបំប្លែងជាជាតិស្ករ ធ្វើឱ្យរាងកាយកំពុងខ្សោយស្រាប់ កាន់តែទន់ខ្សោយ ជាងមុនទៅទៀត។ បើចង់ទទួលទាននំប៉័ង គួរជាប្រភេទ ហូលវីត ឬហូលហ្គ្រេនវិញ៕